ក្រសួងការពារជាតិចក្រភពអង់គ្លេសបាននិយាយក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួននៅថ្ងៃសុក្រនេះថាកងកម្លាំងរុស្ស៊ីបានកាន់កាប់ឡើងវិញនូវផ្នែកខ្លះនៅក្នុងសមរភូមិប្រយុទ្ធនៃទីក្រុង Bakhmut ប្រទេសអ៊ុយក្រែន។
របាយកាណ៍នេះបានលើកឡើងថាទាហានរុស្ស៊ីទំនងជាបានចូលទៅដល់កណ្តាលក្រុង Bakhmut ហើយបានដណ្តើមកាន់កាប់ត្រើយខាងលិចនៃទន្លេ Bakhmutkផងដែរ។
របាយការណ៍បច្ចុប្បន្នភាពនេះក៏បានបញ្ជាក់ផងដែរថាទាហានស៊ីឈ្នួលរុស្ស៊ី Wagner និងមេបញ្ជាការកងម្លាំងនៃក្រសួងការពារជាតិរុស្ស៊ីបាន«ផ្អាកការខ្វែងគំនិតគ្នា ហើយងាកមកសហការលើកកម្ពស់កិច្ចសហប្រតិបត្តិការរួមគ្នាឡើងវិញ»។
ដោយឡែកប្រធានាធិបតីបារាំងលោកEmmanuel Macronវិញ បានលើកទឹកចិត្តដល់ប្រធា នាធិបតីចិនលោកXi Jinpingឱ្យប្រើប្រាស់ទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ីដើម្បីជួយបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
លោកMacron បានប្រាប់លោក Xi ក្នុងជំនួបកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញក្នុងរដ្ឋធានីប៉េ កាំងថាការឈ្លានពានរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនបានធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពអន្តរ ជាតិ។
លោក Macron ថ្លែងថា«ខ្ញុំដឹងថាខ្ញុំអាចពឹងលើចិនបានក្នុងការផ្តល់ហេតុផលឱ្យរុស្ស៊ីហើយនឹងនាំគ្រប់ភាគីចូលតុចរចារវិញ»។
លោកXi បានប្រាប់ក្រុមអ្នកសារព័ត៌មានថា«ជាមួយប្រទេសបារាំង យើងអំពាវនាវឱ្យមានការអត់ធ្មត់និងមានហេតុផលនៅក្នុងសង្គ្រាមដែលមានរយៈពេល១៤ខែនេះ ដោយលោកបន្ថែមថាចិនកំពុងស្វះស្វែងឱ្យមានការវិលត្រឡប់ទៅកាន់តុចរចារឱ្យបានឆាប់រហ័សដើម្បីស្វែងរកដំណោះស្រាយនយោបាយនិងធ្វើឱ្យអឺរ៉ុបមានតុល្យភាពនិងគង់វង់យូរអង្វែង»។
មេដឹកនាំចិនរូបនេះនិយាយថារដ្ឋាភិបាលក្រុងប៉េកាំង អំពាវនាវឱ្យមានការពារដល់ជនស៊ីវិលផងដែរ ហើយអាវុធនុយក្លេអ៊ែរនឹងមិនត្រូវបានប្រើប្រាស់ ហើយសង្គ្រាមនុយក្លេអ៊ែរត្រូវតែជៀសវាងកុំឱ្យកើតមាន។
ក៏ប៉ុន្តែ គេនៅមិនទាន់ដឹងច្បាស់ទេថាតើប្រធានាធិបតីចិនរូបនេះនឹងដាក់សម្ពាធដល់ប្រធានា ធិបតីរុស្ស៊ីលោកVladimir Putinដើម្បីចូលតុចរចាដូចអ្វីដែលត្រូវបានស្នើឡើងដោយប្រធានា ធិបតីបារាំងនោះ ឬមួយក៏លោកអាចនិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលធ្លាប់និយាយថាចិនអាចជាដៃគូមួយក្នុងការស្វែងរកសន្តិភាពនោះ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មានAP, AFPនិងReuters