ជន​រង​គ្រោះ​​វីហ្គើ​ផ្ដល់​យោបល់​ក្នុង​ការ​ពិភាក្សា​ឲ្យ​​ដាក់​ក្រុម​ហ៊ុន​ឃ្លាំ​មើល​តាម​កាមេរ៉ា​​របស់​ចិន​ក្នុង​បញ្ជី​ខ្មៅ

រូបឯកសារ៖ បុរស​ចំណាស់​ម្នាក់​កំពុង​អង្គុយ​នៅ​ក្បែរ​ទង់​ជាតិ​ចិន​នៅ​ទីក្រុង​ចំណាស់​នៃ​ក្រុង Kashgar តំបន់​ស្វយ័ត Xinjiang Uighur ប្រទេស​ចិន កាល​ពី​ឆ្នាំ​២០១៨។

រដ្ឋាភិបាល​ចិន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប​ដើម្បី​តាម​ដាន​ និង​ត្រួត​ពិនិត្យ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់ប្រជាជននៅ​ក្នុង​តំបន់​ស្វយ័ត ​Xinjiang Uighur​ នេះ​បើ​យោង​តាម​អ្នកស្រី​ Jewher Ilham​ កូន​ស្រី​របស់​ លោក ​Ilham Tohti ​ជា​បញ្ញវន្ត និង​អ្នក​ជំនាញ​សេដ្ឋ​កិច្ច​ជន​ជាតិ​វីហ្គើដ៏​លេច​ធ្លោ​ម្នាក់ ដែល​ត្រូវ​បានគេ​ចាប់​ដាក់​ពន្ធនាគារ។

ការ​អង្កេតរបស់​អ្នកស្រី​ធ្វើ​ឡើង​ចំ​ពេលដែល​មាន​សេចក្ដី​រាយ​ការណ៍​ថា​ រដ្ឋាភិបាល​អាមេរិក​កំពុង​ពិចារណា​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​ហ៊ុន ​Hikvision ​ដែល​ជា​ក្រុម​ហ៊ុន​ឃ្លាំ​មើល​តាម​កាមេរ៉ា​វីដេអូ​ របស់​ចិន ដែល​បាន​ចូល​រួម​ជាជា​មួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ការ​គាបសង្កត់​រឹតត្បិត​សិទ្ធិ​សេរី​ភាព​របស់​ជនជាតិ​ភាគ​តិច​វី​ហ្គើ​ក្នុង​ជំរំ​ឃុំឃាំង។

ជន​ជាតិ​វីហ្គើ​ជាង​មួយ​លាន​នាក់​ត្រូវបានឃុំ​ខ្លួនក្នុង​ជំរំ​ឃុំឃាំង។ រដ្ឋាភិបាល​ចិន​បានអះ​អាង​ថា ជំរំ​ទាំង​នោះ​គឺ​ជា​មជ្ឈមណ្ឌល​អប់​រំកែ​ប្រែ។ ប៉ុន្តែ​ក្រុម​អ្នក​រិះគន់បញ្ចេញ​ប្រតិកម្ម​ថា​ ជំរំ​ទាំង​នោះ​ បង្កើត​ឡើង​ដើម្បី​លុប​បំបាត់​អត្តសញ្ញាណ​ និង​ជំនឿ​ផ្នែក​សាសនា​របស់​ជន​ជាតិ​វី​ហ្គើ។​

លើស​ពី​នេះ​ អ្នក​ការពារ​សិទ្ធិ​ជន​ជាតិ​វីហ្គើ ដូចជា​លោក ​Ilham Tohti ត្រូវ​បានគេ​បង្រ្កាប។ បញ្ញាវ័ន្ត​ដ៏​លេច​ធ្លោ​រូប​នេះ​ ត្រូវ​បាន​គេ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត តាំង​ពី​ឆ្នាំ 2014 បន្ទាប់​ពី​ត្រូវ​បាន​ អាជ្ញាធរ​ចិន​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​បែក​បាក់។​

ប៉ុន្តែអ្នកស្រី​ Jewher Ilham កូន​ស្រី​របស់​លោក​បាននិយាយ​ថា ឪពុក​របស់​អ្នកស្រី​មិនបាន​ញុះ​ញង់​ឲ្យមាន​ការ​បង្ក​អំពើ​ហិង្សា ​ឬ​បែក​បាក់​ឡើយ។​

ដោយ​ខ្លាច​ថា​ នាង​មិន​អាច​ទទួល​ដំណឹង​ពី​សមាជិក​គ្រួសារ​របស់​នាង​ ដោយ​សារ​បញ្ចេញ​មតិ​ អ្នកស្រី​ Ilham និយាយ​ថា ជីវិត​របស់​នៅ​រាល់​ថ្ងៃ​នៅ​ក្នុង​តំបន់ ​Xinjiang ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​យ៉ាង​តឹង​រ៉ឹង។

រូបឯកសារ៖ អ្នក​ស្រី Jewher Ilham កូន​ស្រីរបស់​លោក Ilham Tohti ជូបលោកប្រធានាធិបតី​ ត្រាំ។

អ្នកស្រី Ilham និយាយ​ថា៖ «អ្នក​ស្គាល់​គ្នា​ម្នាក់​របស់​ខ្ញុំ បាន​មក​លេង​តំបន់ជន​ជាតិ​វីហ្គើ កាលពី​ឆ្នាំមុន ហើយ​នាង​បាន​និយាយ​ថា នៅ​ពេល​ដែលនាង​ឆ្លង​កាត់​កន្លែង​ត្រួត​ពិនិត្យ នាង​បាន​ឃើញរូបភាព នាង​ចំនួន​យ៉ាង​ហោច​ណាស់​ ៨ នៅ​កន្លែង​ផ្សេង​គ្នា​ក្នុង​ទីក្រុង បង្ហាញ​លើ​អេក្រង់។​ នេះ​គឺ​ជា​រឿង​មិន​សម​ហេតុ​ផល​។ យើង​មិន​មាន​ឯក​ជន​ភាព​ទាល់​តែ​សោះ។

សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា រឹត​បន្តឹង​ការនាំ​ចេញ​ឧបករណ៍​ឃ្លាំ​មើល​តាម​កាមេរ៉ា​វីដេអូរបស់​ក្រុម​ហ៊ុន Hikvision ក្រោម​ហេតុ​ផល​ថា ​ក្រុម​ហ៊ុន​នេះ ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព​របស់​ជន​ជាតិ​វីហ្គើ​ នៅ​ក្នុង​ជំរំ​ឃុំឃាំង។

លោក Sam Brownback ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិកគោចរ​ទទួលបន្ទុក​សេរីភាព​សាសនា​អន្តរជាតិ​ បាន​និយាយ​ថា៖ «មាន​សេចក្ដី​ព្រាង​ច្បាប់​នៅ​ក្នុង​សភា ​កន្លែងដែល​ពលរដ្ឋ ផ្ដល់​ជា​គំនិត​យោបល់​ អំពី​អង្គភាព​នានា។ ប៉ុន្តែ​ជា​យូរ​មក​ហើយ​ដែល​សហរដ្ឋ​អាមេរិក​សម្ដែង​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ក្រុម​ហ៊ុន Hikvison នេះ»។

អ្នកស្រី​ Ilham និយាយ​ថា ​អ្នកស្រី​គាំទ្រ​ឲ្យ​មាន​វិធាន​ការ​ដាក់​ទណ្ឌ​កម្ម​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ទាំង​ឡាយ ជួយ​ដល់ការ​ធ្វើ​ប្រតិបត្តិការ​របស់​ជំរំ​ឃុំ​ឃាំង​ជន​ជាតិ​វីហ្គើ។​

អ្នកស្រី Ilham បន្ថែម​ទៀត​ថា៖ «មិន​ថា​ជា​ក្រុម​ហ៊ុន​ចំណី​អាហារ ក្រុម​ហ៊ុន​បច្ចេកវិទ្យា ឬ​ក្រុមហ៊ុន​កាមេរ៉ា មិន​ថា​ ក្រុម​ហ៊ុន​នោះ​ជា​ក្រុម​អ្វី​ក៏​ដោយ ក្រុម​ហ៊ុន​ថ្មី ធំ ឬ​តូច​ក៏​ដោយ ដរាប​ណា​ក្រុម​ហ៊ុន​នោះ ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ឲ្យ​មាន​ជំ​រំ​ឃុំ​ឃាំង​កាន់​តែ​ធំ ​ខ្ញុំ​មិន​គាំទ្រ​ឲ្យ​មាន​ទាល់​តែ​សោះ។ ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​សហរដ្ឋ​អាមេរិក​ធ្វើ​ពហិការ​លើ​ក្រុម​ហ៊ុន​ទាំង​នោះ»។

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា​ ​ខ្លួន​រំលោភសិទ្ធិ​សេរីភាព​ផ្នែក​សាសនា។

លោក​ Lu Kang អ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ប្រទេស​ចិន​បាន​និយាយ​ថា៖ «យើង​ទាម​ទារ​ឲ្យ​សហរដ្ឋ​អាមេរិក កែ​តម្រូវ​ការ​យល់​ឃើញរបស់​ខ្លួន​មក​លើ​គោល​នយោបាយ​សាសនា​របស់​ប្រទេស​ចិន និង​ស្ថាន​ភាព​សេរី​ភាព​សាសនានៅ​ក្នុង​ប្រទេស​ចិន ហើយ​ឈប់​ប្រើ​ប្រាស់​បញ្ហា​សាសនា ដើម្បី​ជ្រៀត​ជ្រែក​បញ្ហា​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump បាន​ជួប​ជាមួយ​អ្នកស្រី ​Ilham ​និង​ជន​រង​គ្រោះដោយ​សារ​ការ​រឹតត្បិត​សេរីភាព​សាសនា​ដទៃ​ទៀត​នៅ​ឯ​សេតវិមាន។ សហរដ្ឋ​អាមេរិក​ក៏​កំពុង​តែ​ពិចារណាលើ​ការ​ដាក់​ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ជុំ​វិញការ​គាប​សង្កត់​លើ​ជន​ជាតិ​វីហ្គើ​ក្នុង​ប្រទេស​ចិន៕

ប្រែសម្រួល​ដោយ សឿន​ វឌ្ឍនា