នៅពេលដែលប្រទេសចិន បន្តប្រឈមនឹងការរិះគន់ចំពោះការដាក់សម្ពាធទៅលើទីក្រុងហុងកុងស្តីពីការធ្វើបាតុកម្មដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលកំពុងតែមានជាបន្តនោះ រដ្ឋាភិបាលក្រុងប៉េកាំងបានទទួលការគាំទ្រពីប្រទេសអ៊ូហ្គង់ដា។ ក្រុមអ្នកវិភាគនិយាយថា ការគាំទ្ររបស់ទីក្រុងកាំប៉ាឡាចំពោះទីក្រុងប៉េកាំង គឺជាកាយវិការមួយបង្ហាញដល់ប្រទេសចិន ដោយសារតែការពឹងផ្អែកផ្នែកសេដ្ឋកិច្ចរបស់ខ្លួនកាន់តែខ្លាំងឡើង ទៅលើប្រទេសមហាអំណាចនៅអាស៊ីមួយនេះ។
កាលពីដើមខែតុលានេះ ក្រសួងការបរទេសនៃប្រទេសអ៊ូហ្គង់ដាបានចេញសេចក្តីថ្លែងការណ៍មួយដោយពណ៌នាការតវ៉ានៅក្នុងទីក្រុងហុងកុងថាជាអំពើជ្រុលនិយម និងហិង្សា ហើយខ្លួន បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានការណ៍នេះ។
ការបញ្ចេញមតិដ៏កម្រពីសំណាក់ប្រទេសនៅទ្វីបអាហ្រ្វិកអំពីរឿងបាតុកម្មដើម្បីលទ្ធិប្រជាធិបតេយ្យរបស់ទីក្រុងហុងកុងនេះ ស្រដៀងទៅនឹងគោលជំហររបស់ប្រទេសចិនខ្លួនឯង អំពីបាតុកម្មដែលមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ូហ្គង់ដានោះសរសេរថា «ហុងកុងគឺជាផ្នែកមួយនៃប្រទេសចិន ហើយកិច្ចការរបស់ហុងកុងគឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន»។
នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទមួយ លោក Okello Oryem រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសអ៊ូហ្គង់ដា បានថ្លែងថា សេចក្តីថ្លែងការណ៍នេះ គឺនិយាយអំពីការគាំទ្រដល់មិត្តចិនរបស់ខ្លួន។
«តាមប្រវត្តិសាស្ត្រ និងតាមមនោគមវិជ្ជា យើងបានសហការណ៍ជាមួយប្រទេសចិនក្នុងគ្រាដែលយើងជួបប្រទះការលំបាកបំផុត។ នៅក្នុងពេលដែលយើងត្រូវការមិត្ត ប្រទេសចិន បានផ្តល់ការគាំទ្រដល់យើង។ ដូច្នេះ នៅពេលពួកគេស្ថិតក្នុងស្ថានការណ៍ត្រូវការមិត្ត យើងផ្តល់ការគាំទ្រដល់ពួកគេវិញ។ យើងគិតថា ពួកគេកំពុងឆ្លងកាត់ការលំបាកមួយចំនួន ហើយពួកគេត្រូវការមតិគាំទ្ររបស់មិត្ត ដើម្បីគាំទ្រជំហររបស់ពួកគេ ដូច្នេះហើយ ទើបយើងបញ្ចេញមតិគាំទ្រ»។
ការតវ៉ានៅទីក្រុងហុងកុង បានចាប់ផ្តើមតាំងពីខែមិថុនា គ្រាដែលក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ បានប៉ះទង្គិចគ្នាជាមួយកងសន្តិសុខ ទាក់ទងនឹងរឿងដែលពួកគេយល់ថា ជាកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការរឹតត្បិតស្វ័យភាពរបស់ទីក្រុងនេះ។
ក្រុមអ្នករិះគន់ បានពណ៌នាប្រព័ន្ធនយោបាយរបស់ប្រទេសអ៊ូហ្គង់ដាក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Yoweri Museveni ថា ជាប្រព័ន្ធនយោបាយរបស់ជនផ្តាច់ការ។ ក៏ប៉ុន្តែ មិនដូចប្រទេសចិនទេ អ៊ូហ្គង់ដាមិនមែនជាប្រទេសឯកបក្សឡើយ។
អ្នកវិភាគសេដ្ឋកិច្ចអ៊ូហ្គង់ដាលោក Fred Muhumuza ថ្លែងថា ការគាំទ្រដោយចំហរបស់ទីក្រុង Kampala ចំពោះទីក្រុងប៉េកាំង គឺមិនមែនជារឿងមនោគមវិជ្ជាទេវាគឺជាការឆ្លុះបញ្ចាំងពីការពឹងផ្អែកកាន់តែខ្លាំងឡើងរបស់ខ្លួនទៅលើប្រទេសចិន។
«ខ្ញុំដឹងថា ប្រទេសនានា ដូចជាប្រទេសអ៊ូហ្គង់ដានេះ មានប្រជាពលរដ្ឋជាច្រើន ដែលជំរុញឲ្យមានអភិបាលកិច្ចល្អ ជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស។ អ្នកទាំងនោះ អាចមានទស្សនៈផ្សេងៗគ្នា។ ក៏ប៉ុន្តែ យើងឈានដល់កម្រិតមួយ ដែលពលរដ្ឋក្នុងប្រទេសទាំងនោះ យល់ជាងមុន ដូចជា អ្វីទៅជាសម្ព័ន្ធមិត្តយោធារបស់ខ្ញុំ? និងអ្វីទៅជាសម្ព័ន្ធមិត្តសេដ្ឋកិច្ចរបស់ខ្ញុំ? ដូច្នេះហើយតើយើងត្រូវនិយាយបែបណា?»
ពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសអ៊ូហ្គង់ដាជាមួយចិន គឺដូចកិច្ចខិតខំប្រឹងប្រែងផ្សេងៗទៀតរបស់ទ្វីបអាហ្រ្វិកដែរ បានកើនឡើងជាលំដាប់ដល់ចំនួនប្រមាណជា ១ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។ ភាគច្រើននៃពាណិជ្ជកម្មនោះ គឺការនាំចូលទំនិញចិន ។
នៅក្នុងរបាយការណ៍មួយកាលពីខែមករា អគ្គសវនករនៃប្រទេសអ៊ូហ្គង់ដាបានបង្ហាញថា ប្រទេសចិន បានផ្តល់ប្រាក់កម្ចីដល់ប្រទេសដែលស្ថិតនៅភាគខាងកើតទ្វីបអាហ្វិ្រកនេះ ចំនួន៣ពាន់ លានដុល្លារ តាំងពីឆ្នាំ២០១១មក។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានបញ្ចូលប្រាក់ជាង ១២០ពាន់លានដុល្លារទៅក្នុងសេដ្ឋកិច្ចទ្វីបអាហ្វ្រិក។ ភាគច្រើននៃទឹកប្រាក់នោះ មានគោលដៅទៅលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ និងការកេងចំណេញយកធនធានធម្មជាតិ។
អ្នកវិភាគសេដ្ឋកិច្ចអ៊ូហ្គង់ដាលោក Fred Muhumuza ថ្លែងបន្តថា ប្រទេសចិនប្រើប្រាស់ការផ្តល់ប្រាក់កម្ចីនេះ ជាឧបករណ៍ដើម្បីឲ្យខ្លួនកាន់តែមានឥទ្ធិពលជាងមុននៅក្នុងទំនាក់ទំនងជាមួយបណ្តាប្រទេសនានានៅក្នុងទ្វីបអាហ្វ្រិក។
«ភាពគ្មានប្រសិទ្ធភាពនៅក្នុងការគ្រប់គ្រងរបស់រដ្ឋបាលយើង ការអនុវត្តគម្រោងយឺតៗ និងការមានបញ្ហាប្រឈមជាច្រើនទៀត ដោយសារតែយើងមានថាមពល តែមិនអាចប្រើបាន យើងទទួលបានអាកាសយានដ្ឋាន តែមិនអាចរកទីផ្សារ និងប្រើវាបាន។ យើងមានផ្លូវ តែមិនអាចប្រើវាបាន។ ដូច្នេះវាជាការពិតដែលថា ការវិនិយោគដែលប្រទេសចិនបានធ្វើ នឹងទទួលបានផលតិចតួច អ៊ីចឹងហើយ គឺមិនអាចផ្តល់ផលដល់ចិន តាមដែលចិនចង់បាននោះទេ»។
លោក Fred Muhumuza អះអាងថា ការឧបត្ថម្ភរបស់ចិនមិនមែនគ្មានលក្ខ័ណ្ឌនោះទេ ហើយប្រទេសជាច្រើននៅទ្វីបអាហ្វ្រិកបានផុងខ្លួនជំពាក់ចិន។
សម្រាប់ប្រទេសអ៊ូហ្គង់ដា ការសងប្រទេសចិនវិញ មើលទៅហាក់ដូចជា សងតាមរយៈការគាំទ្រផ្នែកនយោបាយដល់ក្រុងប៉េកាំង ហើយប្រឆាំងជំទាស់ទៅនឹងការធ្វើបាតុកម្មគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់