ក្រសួង​ការបរទេស​អាមេរិក​បន្ធូរបន្ថយ​សេចក្ដី​ណែនាំ​អំពី​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​សម្រាប់​ពលរដ្ឋ​អាមេរិក

អ្នក​ធ្វើ​ដំណើរ​ពាក់​ម៉ាស​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Seattle-Tacoma ​ដែល​ជា​ជើង​យន្តហោះ​ហោះហើរ​​ផ្ទាល់​ពី​ចិន កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។​

ក្រសួង​ការបរទេស​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​បន្ធូរ​បន្ថយ​សេចក្ដី​ណែនាំ​អំពី​ការធ្វើ​ដំណើរ​សម្រាប់​ពលរដ្ឋ​អាមេរិក​ដែល​មាន​បំណងធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន ឬ​ទីក្រុង​ហុងកុង​ពី «ហាម​ធ្វើ​ដំណើរ» មក «អាច​ពិចារណា​ធ្វើ​ដំណើរ» ដោយ​លើកឡើង​អំពី «ស្ថានភាព​ប្រសើរ​ជាង​មុន»។

ក្រសួង​នេះ​បាន​ឱ្យ​ដឹង​ថា ការបន្ធូរ​បន្ថយ​មក​ត្រឹម​ការ​ព្រមាន «កម្រិត​ទី៣» នេះ ឆ្លុង​បញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​អនុវត្ត​ច្បាប់​ក្នុង​តំបន់​គោលដៅ​ទាំងនោះ។

ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក បាន​ឱ្យ​ដឹង​កាល​ពី​ខែ​សីហា​ថា ពួកគេ​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​បង្កើន​ជើង​ហោះ​ហើរ​ទ្វេដង​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង​ពីរ​របស់​ពិភព​លោក​នេះ ឱ្យ​បាន​ប្រាំបី​ជើង​ក្នុង​មួយ​សប្ដាហ៍។

កាល​ពី​ថ្ងៃ​ទី៦ ខែ​សីហា ក្រសួង​ការ​បរទេស​អាមេរិក និង​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​សហរដ្ឋ​អាមេរិក CDC បាន​ដក​ចេញ​នូវ​សេចក្ដី​ណែ​នាំ​ជា​សកល ដែល​កន្លង​មក​បាន​ស្នើ​ពលរដ្ឋ​អាមេរិកាំង​ឱ្យ​ជៀសវាង​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ទាំង​អស់ ដោយសារតែ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ និង​បាន​ជំនួស​មក​វិញ​ដោយ​ការ​ចេញ​ការ​ព្រមាន​តាម​កម្រិត​ផ្សេង​គ្នា អាស្រ័យ​លើ​ប្រទេស​គោលដៅ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ៕