រដ្ឋាភិបាលសហរដ្ឋអាមេរិកបន្តបង្ហាញក្តីបារម្ភចំពោះលទ្ធភាពនៃការតាំងមូលដ្ឋានកងទ័ពបរទេសដែលត្រូវបានគេរាយការណ៍កន្លងមកថា អាចមានលើទឹកដីប្រទេសកម្ពុជានោះ ហើយដែលអាចគំរាមកំហែងដល់សន្តិសុខក្នុងតំបន់។ នេះបើយោងតាមសេចក្តីប្រកាសមួយចេញដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
ការបញ្ជាក់ជាថ្មីនៃកង្វល់របស់សហរដ្ឋអាមេរិកចំពោះលទ្ធភាពនៃវត្តមានកងទ័ពបរទេសលើទឹកដីកម្ពុជាកើតមានឡើង បន្ទាប់ពីមានការបកស្រាយលើទំព័រហ្វេសប៊ុករបស់អគ្គមេបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទដែលថា លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍វង្ស ពិសេន អគ្គមេបញ្ជាការកងទ័ពកម្ពុជាថា ព័ត៌មានដែលផ្សព្វផ្សាយកន្លងមកពីមូលដ្ឋានយោធាចិននៅលើទឹកដីកម្ពុជានោះ «គឺជាការមិនពិត»។
ស្ថានទូតអាមេរិកបានប្រតិកម្មក្នុងសេចក្តីប្រកាសតាមទំព័រហ្វេសប៊ុករបស់ខ្លួនទាំងអាក់អន់ចិត្ត កាលពីថ្ងៃព្រហស្បតិ៍ថា៖
«ដើម្បីជាការបញ្ជាក់ឲ្យបានច្បាស់ លោកឯកអគ្គរដ្ឋទូត និងសហរដ្ឋអាមេរិកនៅតែមានកង្វល់ចំពោះព័ត៌មានចុះផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយស្តីពីលទ្ធភាពដែលអាចមានគ្រឿងបរិក្ខាយោធាបរទេសនៅកម្ពុជា។ បើមានដូច្នេះមែនគឺអាចគំរាមកំហែងដល់អធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា និងស្ថិរភាពតំបន់»។
សេចក្តីប្រកាសរបស់ស្ថានទូតអាមេរិកធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ ក្រោយការជួបពិភាក្សារវាងឯកអគ្គរដ្ឋទូតលោក Murphy និងលោកវង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅអគ្គមេបញ្ជាការដ្ឋានកងទ័ពកម្ពុជា នាទីក្រុងភ្នំពេញ។
VOA មិនទាន់អាចទាក់ទងឧត្តមសេនីយ៍ទោថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានទេ នៅថ្ងៃសុក្រនេះ។
ក្នុងជំនួបរវាងលោក Murphy និងលោកវង្ស ពិសេនកាលពីថ្ងៃទី៣ខែធ្នូ ភាគីទាំងពីរបានពិភាក្សាអំពីការរុករកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួន បេសកកម្មថែរក្សាសន្តិភាព និងសកម្មភាពបោសសម្អាតគ្រាប់មីន។ នេះបើតាមសេចក្តីប្រកាសដាច់ដោយឡែកមួយរបស់ស្ថានទូតអាមេរិកនៅលើបណ្តាញសង្គមហ្វេសប៊ុក។
ស្ថានទូតអាមេរិកបានបញ្ជាក់ឲ្យដឹងបន្ថែមថា ក្នុងជំនួបកាលពីថ្ងៃអង្គារនោះ លោកឯកអគ្គរដ្ឋទូត Murphy ក៏បានពិភាក្សាពីភាពជឿនលឿនចាំបាច់សម្រាប់ពង្រីកកិច្ចសហការផ្នែកសន្តិសុខ ដែលរួមមាន«ការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងការពារអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាមិនឲ្យមានការតាំងមូលដ្ឋានយោធាបរទេស»។
ក៏ប៉ុន្តែភាគីអគ្គមេបញ្ជាការដ្ឋានកងទ័ពកម្ពុជាផ្តល់ការកត់សម្គាល់ផ្ទុយ នៅត្រង់ការពិភាក្សាអំពីអធិបតេយ្យភាព និងលទ្ធភាពនៃការតាំងមូលដ្ឋានយោធាបរទេសនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់អគ្គមេបញ្ជាការដ្ឋានកងទ័ពកម្ពុជា ដែលបានចេញផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីជំនួបភាគីទាំងពីរ។
អគ្គមេបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទបានបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក«ក៏បានលើកឡើងផងដែរនូវព័ត៌មានកន្លងមកដែលបានផ្សព្វផ្សាយថា កម្ពុជាបានអនុញ្ញាតឲ្យមានមូលដ្ឋានយោធាចិននៅលើទឹកដីរបស់ខ្លួន ហើយដែលបញ្ហានេះរាជរដ្ឋាភិបាលកម្ពុជាក៏បានធ្វើការបដិសេធជាច្រើនដងរួចមកហើយដែរ ក្នុងនោះថែមទាំងបានអនុញ្ញាតឲ្យអ្នកសារព័ត៌មានជាតិ អន្តរជាតិជាច្រើនស្ថាប័ន ចុះទៅពិនិត្យដល់កន្លែងដែលមានការសង្ស័យទៀតផង»។
អគ្គមេបញ្ជាការដ្ឋានបានបន្ថែមក្នុងន័យដើមថា៖
«ឯកអគ្គរដ្ឋទូតបានចាត់ទុកការផ្សាយព័ត៌មាននេះគឺជាការមិនពិត ហើយដែលចង់ធ្វើឲ្យបាត់បង់ស្ថិរភាពតែប៉ុណ្ណោះ»។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute) ប្រាប់ VOA តាមបណ្តាញទំនាក់ទំនងសង្គមថា ការប្រកួតប្រជែងអំណាចរវាងអាមេរិក និងប្រទេសចិនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមិនទាន់ចុះថមថយនោះ នឹងមិនអាចបន្សាបការបារម្ភរបស់អាមេរិកចំពោះដំណឹងដែលផ្សាយពីលទ្ធភាពដែលចិនអាចតាំងមូលដ្ឋានទ័ពនៅកម្ពុជាបានទេ។
«ក៏ប៉ុន្តែអ្វីដែលកម្ពុជាត្រូវធ្វើបន្ថែមគឺនៅតែបន្ត ខំបន្តពន្យល់ទៅដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកគេហៅថា ដើម្បីយល់អំពីគោលនយោបាយការបរទេសរបស់កម្ពុជា ជាពិសេសគោលនយោបាយការពារជាតិហ្នឹង ដែលមានភាពឯករាជ្យ អធិបតេយ្យហ្នឹងជាដើម។ អ៊ីចឹងវាត្រូវការរយៈពេលមួយដើម្បីបង្កើតនូវការយល់គ្នាទៅវិញទៅមក»។
អ្នកវិភាគកិច្ចការតំបន់រូបនេះអះអាងថា កម្ពុជាគ្មានការចាំបាច់ដែលត្រូវឲ្យមានការតាំងមូលដ្ឋានយោធាបរទេសណាមួយលើទឹកដីខ្លួនឡើយ ព្រោះប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះមិនបានរងការគំរាមកំហែងខាងសន្តិសុខជាដុំកំភួន ពីប្រទេសក្បែរខាង រួមមាន វៀតណាម ឡាវ និងថៃទេ។
លោកជឿថា អ្វីដែលកម្ពុជាគួរបារម្ភគឺហានិភ័យនៃសន្តិសុខផ្ទៃក្នុងពាក់ព័ន្ធទៅនឹងការជឿទុកចិត្តគ្នាខាងនយោបាយ ការផ្សះផ្សាសង្គម គម្លាតអភិវឌ្ឍន៍រវាងទីក្រុង និងជនបទ កំណែទម្រង់សេវាសាធារណៈ គ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុ និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតជាដើម៕