នៅក្នុងសេចក្ដីប្រកាសរួមមួយនៅថ្ងៃអង្គារនេះ ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកបានបញ្ជាក់ថា ពួកគេបានដាក់ឱ្យដំណើរការប្រព័ន្ធមួយដើម្បីតាមដាននិងវាយតម្លៃលើការបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើងតាមពេលជាក់ស្ដែង និងបានបង្កើតផែនការសមយុទ្ធយោធាត្រីភាគីពហុឆ្នាំ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ដាច់ដោយឡែកពីនេះ មន្ត្រីផ្នែកសន្តិសុខជាតិនៃប្រទេសទាំង ៣ បានជួបប្រជុំគ្នាតាមវីដេអូអនឡាញអំពីការរារាំងសកម្មភាពតាមអ៊ីនធឺណិតខុសច្បាប់របស់កូរ៉េខាងជើងនៅក្នុងការបញ្ជូនថវិកាទៅកាន់កម្មវិធីអាវុធរបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol។
កូរ៉េខាងជើងបានបញ្ជាក់នៅថ្ងៃអង្គារនេះថាខ្លួនបានសាកល្បងបាញ់មីស៊ីលឆ្លងទ្វីប (ICBM) ថ្មីបំផុតរបស់ខ្លួនកាលពីថ្ងៃចន្ទដើម្បីវាស់វែងលើការត្រៀមលក្ខណៈដើម្បីធ្វើសង្គ្រាមរបស់កងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនប្រឆាំងនឹងអរិភាពកើនឡើងរបស់សហរដ្ឋអាមេរិក។ កូរ៉េខាងជើងលើកឡើងដូច្នេះ ស្របពេលដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានចាប់ផ្ដើមធ្វើប្រតិបត្តិការប្រព័ន្ធចែកចាយទិន្នន័យមីស៊ីលតាមពេលជាក់ស្ដែង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានផ្សាយថា មេដឹកនាំកូរ៉េខាងជើងលោក Kim jong Un បានមើលការបាញ់គ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីប Hwasong-18 នេះកាលពីថ្ងៃចន្ទនៅឯទីតាំងផ្ទាល់នៅភាគខាងកើតនៃរដ្ឋធានីព្យុងយ៉ាង។ មីស៊ីលនេះមានរយៈកម្ពស់ ៦.៥១៨ គីឡូម៉ែត្រ និងហោះបានចម្ងាយ ១.០០២ គីឡូម៉ែត្រ និងបានបុកចំផ្ទៃសមុទ្រទទេដែលជាគោលដៅកំណត់ទុកដោយមិនខុស។ នេះបើតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង។
លោក Kim បាននិយាយថា ការបាញ់មីស៊ីលនេះបានបញ្ជូន «សញ្ញាយ៉ាងច្បាស់ទៅកាន់កងកម្លាំងសត្រូវ ដែលបានពង្រីកអារម្មណ៍រំជើបរំជួលឆ្កួតលីលារបស់ខ្លួនក្នុងការប្រឈមមុខផ្នែកយោធាដ៏ព្រហើន» ប្រឆាំងនឹងកូរ៉េខាងជើង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើង។
លោក Kim បានបន្ថែមថា ការសាកល្បងនេះ «បានបង្ហាញអំពីឆន្ទៈរបស់កូរ៉េខាងជើងសម្រាប់ការតបតទៅវិញដ៏ស្វិតស្វាញបំផុតនិងអានុភាពខ្លាំងក្លាមិនធម្មតារបស់ខ្លួន»៕