ប្រេសិតអាមេរិកសម្រាប់ប្រទេសកូរ៉េខាងជើង បានទៅដល់ទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងហើយនៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាជាមួយសមភាគីរបស់លោកក្នុងការស្វែងរកវិធីដើម្បីដោះស្រាយ ជុំវិញការបង្កើនការបាញ់សាកស្បងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងនិងក្តីបារម្ភស្តីពីលទ្ធភាពនៃការ សាកល្បងឡើងវិញនៃអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ។
តំណាងពិសេសអាមេរិកសម្រាប់ប្រទេសកូរ៉េខាងជើងលោក Sung Kim និងអនុប្រធានរបស់លោក គឺលោក Jung Pak នឹងជួបជាមួយមន្ត្រីកូរ៉េខាងត្បូងដែលក្នុងនោះក៏រួមមានប្រេសិតកូរ៉េខាងត្បូងស្តីពីបញ្ហាអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងលោក Noh Kyu-duk ផងដែរក្នុងអំឡុងនៃដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃក្នុងប្រទេសកូរ៉េខាងត្បូងនេះ។
នាយអគ្គសេនាធិការរួម បានប្រាប់ឲ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញថា ការមកដល់របស់ប្រេសិតពិសេសសហរដ្ឋអាមេរិកក៏កើតមានឡើងជួនគ្នាទៅនឹងការចាប់ផ្តើមនៃការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នារវាងកងទ័ពសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងផងដែរ។ សមយុទ្ធយោធានេះ គឺជាការហ្វឹកហាត់អំពីការការពារលេណដ្ឋានបញ្ជាប្រយុទ្ធដោយប្រើប្រព័ន្ធកំព្យូទ័រ។
កូរ៉េខាងជើង បានថ្កោលទោសការធ្វើសមយុទ្ធយោធានោះថា ជាការសាកល្បងដើម្បីធ្វើសង្គ្រាម។ ការធ្វើសមយុទ្ធយោធាមួយចំនួនរវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ត្រូវបានកាត់បន្ថយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះស្របពេលដែលមានកិច្ចប្រឹងប្រែងស្វែងរកដំណោះស្រាយការទូតជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាងនិងដោយសារតែការរិតបន្តឹងនៃជំងឺកូវីដ១៩ផងដែរ។
កាលពីថ្ងៃសៅរ៍សប្តាហិ៍មុន កូរ៉េខាងជើង បានបាញ់សាកល្បងនូវអ្វីដែលសារព័ត៌មានរដ្ឋកូរ៉េខាងជើងហៅថា កាំជ្រួចមីស៊ីលដែលបានទាក់ទិននឹងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រកលល្បិចរបស់ខ្លួនដែរ។
ពេលអញ្ជើញទៅដល់កូរ៉េខាងត្បូង លោក Sung Kim បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកមកទីនេះដើម្បីបន្តនូវការសម្របសម្រួលដ៏ជិតស្និទ្ធមួយស្តីពីការវិវត្តរបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងដោយមិនបរិយាយលម្អិតនោះឡើយ។
លោក Sung Kim បាននិយាយថា លោកបើកចំហសម្រាប់ការពិភាក្សាជាមួយកូរ៉េខាងជើងនៅគ្រប់ពេលទាំងអស់ដោយមិនមានលក្ខខណ្ឌជាមុននោះឡើយ ប៉ុន្តែរដ្ឋាភិបាលក្រុងព្យុងយ៉ាងរហូតមកដល់ពេលនេះ បានបដិសេធនូវសំណើទាំងនោះនិងបានចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថានៅតែរក្សាគោលនយោបាយអរិភាពដូចជាការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងនិងការធ្វើសមយុទ្ធយោធាជាដើម។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងក៏បានរាយការណ៍ផងដែរថា លោក Sung Kim ក៏នឹងត្រូវគេរំពឹងផងដែរថា នឹងជួបជាមួយក្រុមអន្តរកាលរបស់ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីកូរ៉េខាងត្បូងលោក Yoon Suk-yeol ដែលនឹងចូលកាន់តំណែងក្នុងខែឧសភាក្រោយនេះ៕
ប្រេសិតអាមេរិកទៅដល់កូរ៉េខាងត្បូងដើម្បីពិភាក្សាពីបញ្ហាមីស៊ីល និងភាពតានតឹងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង
សេអ៊ូល —