ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក នៅថ្ងៃអង្គារនេះ បានទទូចឲ្យតុលាការខ្មែរបង្ហាញជាសាធារណៈនូវវីដេអូ ដែលគេថតបានអំពីសកម្មភាពសម្លាប់លោក កែម ឡី ដើម្បីអ្វីមួយដែលក្រុមនិស្សិតនេះហៅថា ជាការ«ស្តារមុខមាត់ប្រព័ន្ធយុត្តិធម៌និងកិត្តិយសរដ្ឋាភិបាលកម្ពុជា»។
ការអំពាវនាវនេះធ្វើឡើង៣ថ្ងៃ មុនគម្រប់ខួប៤ឆ្នាំនៃហេតុការណ៍ឃាតកម្មទៅលើលោក កែម ឡី អ្នកវិភាគនយោបាយនិងសង្គមដ៏មានប្រជាប្រិយភាព នៅស្តារម៉ាត ស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក ទូច វិបុល ប្រធានប្រតិបត្តិនៃចលនានិស្សិតនេះ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៧ខែកក្កដានេះថា៖ «តុលាការត្រូវមានសេចក្តីក្លាហានបង្ហាញអង្គចងចាំនៃប្រព័ន្ធកាមេរ៉ាសុវត្ថិភាពនៅស្តាម៉ាត ស្តុបបូកគោ...រយៈពេល២៤ម៉ោងពេញក្នុងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ចំថ្ងៃឃាតកម្មសម្លាប់លោកបណ្ឌិតកែម ឡី»។
ភ្លាមៗ ក្រោយឃាតកម្មសម្លាប់លោក កែម ឡី អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អឿត អាង ហៅ«ជួប សម្លាប់» ដែលបានសារភាពចំពោះឧក្រិដ្ឋកម្មនេះ ហើយដែលក្រោយមកត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
ប៉ុន្តែ មនុស្សជាច្រើនរួមទាំងក្រុមគ្រួសាររបស់លោក កែម ឡីផង និយាយកន្លងមកថា បុរសដែលមានរហស្សនាមថាជួប សម្លាប់នោះគឺគ្រាន់តែជាឃាតកសិប្បនិម្មិតតែប៉ុណ្ណោះ។
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានលើកឡើងថា៖ «ការណ៍ពិត លោក អឿត អាង គឺជាជនរងគ្រោះដែលអ្នករៀបចំឃាតកម្មប្រើប្រាស់តែប៉ុណ្ណោះ»៕