សហរដ្ឋអាមេរិកនិងជប៉ុនបានបង្ហាញការរួបរួមគ្នា ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ នៅពេលប្រទេសទាំងពីរធ្វើកិច្ចចរចាសន្តិសុខ កាលពីថ្ងៃសុក្ រនៅរដ្ឋធានីវ៉ាស៊ីនតោន។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានស្វាគមន៍លោក Taro Kono រដ្ឋមន្ត្រីការបរទេសជប៉ុន នៅក្រសួងការបរទេសស.រ.អា. កាលពីថ្ងៃសុក្ រសម្រាប់កិច្ចចរចាសន្តិសុខ ដែលរួមមានលោក Patrick Shanahan រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសមភាគីរបស់លោកគឺលោក Takeshi Iwaya រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន។
បញ្ហាប្រទេសកូរ៉េខាងជើងគឺជារបៀបវារៈសំខាន់នៃកិច្ចចរចា ដែលធ្វើឡើងមួយថ្ងៃបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានបន្តសាកល្បងមីស៊ីល។
កាលពីថ្ងៃព្រហស្បតិ៍ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើងនិយាយថា ពួកគេចង់ឲ្យស.រ.អា. ដូរលោក Pompeo ចេញពីតំណែងអ្នកចរចាកំពូលរបស់អាមេរិក ក្នុងកិច្ចចរចាអំពីនុយក្លេអ៊ែរនាពេលខាងមុខ។
នៅឯសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចចរចាសន្តិសុខកាលពីថ្ងៃសុក្រ គណៈប្រតិភូទាំងពីរបានបង្ហាញថា ពួកគេចង់ឃើញការបន្តដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងរហូតដល់កូរ៉េខាងជើងប្តេជ្ញាលុបបំបាត់អាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយទាំងស្រុង។
លោក Pompeo បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនផ្លាស់ប្តូរសមាសភាពក្រុមចរចារបស់ខ្លួនទេ៕