កិច្ចប្រជុំនាពេលខាងមុខក្នុងប្រទេសប៉ាគីស្ថាន រវាងគណៈប្រតិភូអាមេរិកនិងតំណាងក្រុមតាលីបង់ត្រូវលុបចោល។ នេះបើតាមព័ត៌មានដែលចេញពីប្រភពភាគីទាំងពីរ។
មេដឹកនាំតាលីបង់ម្នាក់ បានបញ្ជាក់ក្នុងលក្ខខណ្ឌមិនឲ្យបញ្ចេញឈ្មោះថា កិច្ចប្រជុំ នេះត្រូវលុបចោលដោយភាគីអាមេរិក។ សេចក្តីប្រកាសព័ត៌មានមួយបន្ទាប់ពីការលុបចោលនោះ បានបញ្ជាក់ថាកិច្ចប្រជុំត្រូវលើកពេលដោយសារថាសមាជិកជាច្រើនក្នុងចំណោម១៤រូប ដែលជាក្រុមចរចា មិនអាចចេញទៅបរទេសបានដោយសារថាពួកគេស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិកនិងអង្គការសហប្រជាជាតិ។ សមាជិកជាច្រើនទៀតក្នុងចំណោមពួកគេដែរក៏ជាប់ទណ្ឌកម្មក្នុងបញ្ជីរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលរារាំងពួកគេមិនឲ្យធ្វើដំណើរទៅអន្តរជាតិបាន។
ជាមួយគ្នានេះ មន្ត្រីអាមេរិកម្នាក់បាននិយាយថា Zalmay Khalilzad ដែលរំពឹងថានាំ ផ្លូវគណៈប្រតិភូអាមេរិក គ្មានគម្រោងការចុះបំពេញទស្សកិច្ចក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដទេនៅសប្តាហ៍នេះ។
សហរដ្ឋអាមេរិក បាននិយាយថាខ្លួនមិនបានទទួលលិខិតអញ្ជើញជាផ្លូវការពីរដ្ឋាភិបាលប៉ាគីស្ថានដើម្បីចូលរួមកិច្ចប្រជុំ ដែលត្រូវប្រកាសដំបូងដោយអ្នកនាំពាក្យតាលីបង់ Zabiullah Mujahid ប៉ុន្មានថ្ងៃមុននោះទេ។ ការប្រកាសនោះ បានបញ្ជាក់ថា ថ្ងៃទី១៨ ខែកុម្ភៈ ជាថ្ងៃប្រជុំហើយលិខិតអញ្ជើញជាផ្លូវការបានចេញដោយប៉ាគីស្ថានរួចហើយដែរ៕