ប្រមុខ​សិទ្ធិ​មនុស្ស​អ.ស.ប.​រិះគន់​ការ​ធ្វើ​ទុក្ខទោស​កូដករ​ណាហ្គាវើលដ៍ និង​នយោបាយ​រឹតត្បិត​នៅ​កម្ពុជា

ឧត្តម​ស្នងការ​ទទួល​បន្ទុក​​សិទ្ធិមនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​អ្នកស្រី ​មីឆែល​ ប៉ាហ្សេលែត​ (Michelle Bachelet) ចូល​រួម​កិច្ច​ប្រជុំ​ពិសេស​មួយ​នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អ.ស.ប.​នៅ​ក្រុង​ហ្សឺណែវ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២២។ (Reuters)

មេដឹកនាំ​សិទ្ធិមនុស្ស​នៃអង្គការ​សហ​ប្រជាជាតិ​អ្នកស្រី​មីឆែល​ ប៉ាហ្សេលែត​ (Michelle Bachelet) នៅ​សប្តាហ៍​នេះ​បាន​លើក​ឡើង​ពីកង្វល់​ជុំវិញ​ការ​បង្រ្កាប​របស់​អាជ្ញាធរ​កម្ពុជា​ទៅ​លើ​កូដកម្ម​របស់​កម្មករ​និយោជិត​ឬ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍និង​បាន​អំពាវ​នាវឱ្យមាន​ការ​គោរព​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ។

​កម្មករ​និយោជិត​ឬ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​ចេញ​ធ្វើ​កូដកម្ម​នៅ​មុខ​អគារ​កាស៊ីណូ​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​តាំង​ពី​ពាក់​កណ្តាល​ខែ​ធ្នូ​ឆ្នាំ​២០២១ ដើម្បី​តវ៉ា​ប្រឆាំងនឹងអ្វី​ដែល​ពួកគេ​ហៅ​ថា​ជា​ការ​រំលោភ​សិទ្ធិការងារ​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន​ពាក់​ព័ន្ធ​នឹង​ការ​បណ្តេញ​បុគ្គលិក​ចំនួន​ជាង​១.៣០០​នាក់​ចេញ​ពី​ការងារ​ទាំង​បង្ខំ​កាល​ពី​អំឡុង​ខែ​មេសា​ឆ្នាំ២០២១។

ក្នុង​ពេល​ធ្វើ​សេចក្តី​បង្ហាញ​របាយការណ៍​ក្នុង​សម័យ​ប្រជុំ​លើកទី​៤៩​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​កាលពី​ថ្ងៃ​ចន្ទ ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ អ្នកស្រី​ មីឆែល ប៉ាហ្សេលែត​ បាន​និយាយ​ថា៖

«នៅ​ប្រទេស​កម្ពុជា​ខ្ញុំ​មាន​កង្វល់​អំពី​ការ​ប្រើ​ប្រាស់​ការរឹត​ត្បិត​ក្រោម​ហេតុ​ផល​ជំងឺ​កូវីដ​១៩​របស់​អាជ្ញាធរ​បន្ត​ធ្វើ​ឱ្យលំហ​ប្រជាធិបតេយ្យ​និង​ស៊ីវិល​កាន់​តែ​ធ្លាក់​ចុះ​រួម​ទាំង​ការ​ប្រើ​លេស​ក្នុង​ការ​បង្ក្រាប​លើ​កូដកម្ម​ស្រប​ច្បាប់​របស់​បុគ្គលិក​កាស៊ីណូ។ ការិយាល័យ​របស់​ខ្ញុំ​បាន​ឃើញ​ផ្ទាល់​នូវ​អំពើ​ហិង្សា​ថ្មីៗ​នេះ​របស់​អាជ្ញាធរ​ដែល​ចាប់​បង្ខំ​ឱ្យ​កូដករ​ជា​ស្ត្រី​ឡើង​លើ​ឡាន​ក្រុង​និង​ដឹក​ចេញ​ពី​កន្លែង​កូដកម្ម។ ផ្ទុយ​ពី​វិធាន​ការ​អនុវត្ត​លើ​សាធារណជន​ទូទៅ​កូដករ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​និង​រង​ការ​បង្ខំ​ឱ្យ​ធ្វើ​តេស្ត​ពិនិត្យ​ជំងឺ​កូវីដ​ច្រើន​ដង»។

អ្នក​ស្រី​បាន​ផ្តល់​ការ​កត់​សម្គាល់​លើ​សារ:សំខាន់​នៃ​ការ​ចូល​ប្រជែង​នយោបាយ​របស់​គណបក្ស​ជំទាស់​ធំ​មួយ​ដែល​អ្នកស្រី​មិន​បាន​បញ្ចេញ​ឈ្មោះ​ចំតែ​ត្រូវគេ​ដឹងថាជា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ចោល​កាលពី​ឆ្នាំ​២០១៧​ក្រោម​ការ​ចោទប្រកាន់​ពី​អាជ្ញាធរ​កម្ពុជា​ថា​គណបក្ស​នេះ​ បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។​

អ្នកស្រី​ថ្លែង​យ៉ាង​ដូច្នេះ៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​គោរព​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​និង​ចូលរួម​ពិភាក្សា​ដើម្បី​ដោះ​ស្រាយ​ការ​ទាមទារ​តាម​ផ្លូវ​ច្បាប់​របស់​កូដករ។ ការ​ការពារ​សេរីភាព​មូលដ្ឋាន​មាន​សារ:សំខាន់​ណាស់​ខណៈ​ប្រទេស​កម្ពុជា​ឈាន​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ​នៅ​គ្រា​ដែល​គណបក្ស​ជំទាស់​ធំ​ជាង​គេ​របស់​ប្រទេស​នេះ​ពុំ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​រួម​ប្រកួត​ប្រជែង​ហើយ​ថ្នាក់​ដឹក​នាំ និង​អ្នកគាំទ្រ​ជា​ច្រើន​របស់​គណបក្ស​ជំទាស់​ត្រូវ​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ស្រុក​ជាប់​ឃុំ​និង​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដោយ​សារ​សកម្មភាព​ស្រប​ច្បាប់​របស់​ខ្លួន​ស្រប​តាម​ច្បាប់​អន្តរជាតិ»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយពាក់​ព័ន្ធនឹង​កូដកម្ម​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ​ម៉េត មាសភក្តី ​បាន​ទេ​នៅ​ថ្ងៃ​ពុធនេះ។

រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ម្នាក់កាន់បដាធ្វើបាតុកម្មតវ៉ានៅមុខរដ្ឋសភាជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

គួរ​រម្លឹក​ឡើងវិញ​ផងដែរ​ថា​នៅ​ក្នុង​ការ​ចេញ​តវ៉ា​របស់​កម្មករ​នយោជិត​ឬអតីតបុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គាវើលដ៍កន្លង​មក​នោះ​មាន​ថ្នាក់ដឹកនាំ​និង​សកម្មជន​សហជីព​យ៉ាង​ហោច​ណាស់​១១នាក់ ​ត្រូវបាន​ចាប់ឃុំ​ខ្លួន​ជា​បន្ត​បន្ទាប់​ពីបទ​ញុះញង់​និង​ការ​បំពាន​វិធាន​ការ​សុខាភិបាល​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ចាប់​បញ្ជូន​កូដករ​រាប់សិប​នាក់​ទៅធ្វើ​ចត្តាឡីស័ក​នៅ​ពេល​ពួក​គេ​ចេញតវ៉ា​សារ​ជាថ្មី​កាល​ពីអំឡុង​ខែកុម្ភៈក្រោយ​មាន​ការ​ព្រមាន​ពីអាជ្ញាធរ​រាជធានី​មិន​ឱ្យ​មាន​ការ​ប្រមូល​ផ្តុំ​ដោយ​ខុស​ច្បាប់។

ប្រតិកម្មទៅ​នឹងភាព​រឹង​រូស​របស់​កូដករ​ដែលបន្ត​ចេញ​ធ្វើ​កូដកម្ម​មិនព្រម​ឈប់នោះអាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ប្រកាស​ពិន័យ​ប្រាក់​ចន្លោះ​ពី​១លាន​រៀល​ទៅ​៥លាន​រៀល​ចំពោះ​បុគ្គលណា​ដែល​បំពាន​លើ​វិធាន​ការ​សុខា​ភិបាល​ទប់ស្កាត់​ជំងឺកូវីដ​១៩​ផងដែរ។

ដោយ​ឡែក​រដ្ឋលេខាធិការនិង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ​ជិន ម៉ាលីន បាន​ច្រាន​ចោល​ការ​អត្ថាធិប្បាយ​របស់​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ អ្នកស្រី ​មីឆែល ប៉ាហ្សេលែត​ នៅ​ក្នុង​សំណុំ​រឿង​នយោបាយ​ដែល​ជាប់​ពាក់​ព័ន្ធនឹង​ការ​រឹតត្បិត​លើ​សិទ្ធិ​នយោបាយ​របស់​គណបក្ស​ប្រឆាំង​ធំ​មួយ​គឺ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​ផាត់ចេញ​ពី​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៨។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​យ៉ាងដូច្នេះ​ថា៖ «ការ​លើក​ឡើង​ថា​គោល​ការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ទាល់​តែ​មាន​គណបក្ស​នេះ​ចូលរួម​គណបក្ស​នោះ​ចូលរួម​អាហ្នឹង​គឺ​មិន​ត្រឹមត្រូវ​ជា​ការ​រើសអើង​និងជា​ការ​មាក់​ងាយ​ទៅ​លើ​គណបក្ស​ដទៃ​ទៀត។​សំខាន់​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ពាក់ព័ន្ធ​ដល់​ដំណើរការ​នៃ​ការ​រៀប​ចំ​ការបោះឆ្នោតការចូល​រួម​របស់​គណបក្ស​នយោបាយ​ហើយ​និង​ការប្រើ​ប្រាស់​សិទ្ធិ​បោះឆ្នោត​របស់​ប្រជា​ពលរដ្ឋ។​អាហ្នឹង​ជា​រឿង​សំខាន់​មិន​មែន​សំខាន់​តើ​គណបក្ស​នេះចូល​គណបក្ស​នោះ​ចូល​នោះ​ទេ»។

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​លោក ​អំ​ សំអាត​ យល់​ថា​ការ​បោះឆ្នោត​មួយ​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​គួរ​ឱ្យ​ជឿជាក់​បាន​លុះត្រា​តែ​មាន​ការ​ចូលរួម​ពី​គ្រប់​គណបក្ស​នយោបាយ​ដោយ​ស្មើ​ភាព​នៅ​ចំពោះ​មុខ​ច្បាប់​សម្រាប់​ការ​ចូល​រួម​ប្រកួត​ប្រជែង​រក​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ។ លោក​ថា​ការ​ចេញ​មុខរបស់​មន្ត្រី​រដ្ឋ​បដិសេធ​ការ​រិះ​គន់​ខ្លួន​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ។​

លោក​បន្ថែម​ថា៖ «អាហ្នឹងវា​ជា​រឿង​ដដែល​ដែល​តំណាង​រដ្ឋាភិបាល​តែង​តែ​ធ្វើ​ការ​បដិសេធ។​ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​យើង​ដែល​ជា​អង្គការ​សង្គមស៊ីវិល​ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធិមនុស្ស​យើង​ចង់​ឃើញ​ ធ្វើ​ម៉េច​ឱ្យ​កម្ពុជា​យើង​ឱ្យ​មានការ​កែលម្អ​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​នេះ​ឱ្យ​អាច​ទទួល​យក​បាន»។

បើ​តាម​លោក អំ សំអាត ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​បន្ត​ធ្លាក់​ចុះ​ចាប់​តាំង​ពី​ឆ្នាំ​២០២១​រហូត​មក​ដល់​ដើម​ឆ្នាំ​២០២២​នៅ​ពេល​ដែល​មាន​ការ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​នៃ​តំណាង​សហជីពនិង​កូដករ​ដែល​តវ៉ា​ជាមួយ​ក្រុមហ៊ុន​ណា​ហ្គា​វើលដ៍​ដើម្បី​រកដំណោះស្រាយ​ចំពោះការ​បណ្តេញ​បុគ្គលិក​ទាំង​បង្ខំ​កាលពី​ឆ្នាំ​២០២១។

ក្នុង​សំណុំ​រឿង​កូដកម្ម​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នេះ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ស ខេង​បាន​ធ្វើ​ការ​កោះ​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ពាក់​ព័ន្ធ​សំខាន់ៗ​មួយ​ចំនួន​រួមមាន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក​ កើត រិទ្ធ និង​រដ្ឋ​មន្ត្រី​ក្រសួងការងារ​លោក​ អ៊ិត សំហេង​ដើម្បី​ពិភាក្សា​បញ្ហា​កូដកម្ម​ដែល​បាន​ផ្ទុះឡើង​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។ គេមិន​ទាន់​ដឹង​ថាលទ្ធផល​នៃ​កិច្ចពិភាក្សា​នឹង​មាន​យ៉ាង​ណា​ទេ​ខណៈ​ការ​ពិភាក្សា​នេះ​នឹង​ធ្វើ​ឡើងនៅ​រសៀល​ថ្ងៃពុធ​នៅឯ​សាលា​រាជធានី​ភ្នំពេញ៕​