ទីភ្នាក់ងារ​របស់​អង្គការ​សហ​ប្រជាជាតិ​អំពាវនាវ​ឱ្យ​ដក​ការ​ឡោម​ព័ទ្ធ​នៅ​តំបន់​ហ្គាហ្សា

  • Lisa Schlein

ពលរដ្ឋប៉ាឡេស្ទីន​ពិនិត្យមើលសំណង់អគារដែលត្រូវបានបំផ្លាញ ក្រោយការវាយប្រហារតាមអាកាស​របស់អ៊ីស្រាអែលជាការសងសឹកនឹងការវាយឆ្មក់របស់​ក្រុម​សកម្មប្រយុទ្ធហាម៉ាស់ នៅទីក្រុង Khan Younis នៃតំបន់ហ្គាហ្សាស្ទ្រីប ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣។

ទីភ្នាក់ងារ​របស់​អង្គការ​សហ​ប្រជាជាតិ​កំពុង​អំពាវនាវ​ឱ្យ​អ៊ីស្រាអែល​ដក​ការ​ឡោម​ព័ទ្ធ​តំបន់ហ្គាហ្សា​ (Gaza) ដោយ​ព្រមាន​ថា​ ការ​បដិសេធ​ជំនួយ​សង្គ្រោះ​ជីវិតមនុស្សត្រូវ​បាន​ហាម​ឃាត់​នៅ​ក្រោម​ច្បាប់​មនុស្សធម៌​អន្តរជាតិ។​

អ្នកស្រី​ ​Ravina Shamdasani​ អ្នក​នាំពាក្យ​របស់​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ នៅ​ទីក្រុង​ហ្សឺណែវ ​កាលពី​ថ្ងៃ​អង្គារ​ថា៖ «សម្ភាៈប្រើប្រាស់​ដែល​ចាំបាច់សម្រាប់​ទ្រទ្រង់​ជីវិត​របស់​ជន​ស៊ីវិល​មិន​ត្រូវ​រងការ​រឹត​បន្តឹង​នោះទេ»។​

អ្នកស្រី​ថ្លែងបន្តថា៖​ «ជន​ស៊ីវិល​ត្រូវតែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​តំបន់​ដែល​ត្រូវ​បានឡោម​ព័ទ្ធ​ ​បើ​សិនពួកគេ​ចង់​ចាក​ចេញ។​ ខាង​យោធា​ត្រូវ​តែ​មាន​យុត្តិកម្ម​ចាំបាច់សម្រាប់​ការដាក់​កំហិត ​បើមិន​ដូច្នោះទេ​ អាច​ប្រឈម​ការ​ដាក់​ទណ្ឌកម្ម​រួម។​ លក្ខខណ្ឌ​នេះ​ត្រូវ​បាន​ហាម​ឃាត់​យ៉ាង​ច្បាស់​នៅ​ក្រោម​ច្បាប់​មនុស្ស​ធម៌​អន្តរជាតិ​ ហើយ​វា​អាច​ចាត់​ទុក​ជា​ឧក្រិដ្ឋ​កម្ម​សង្រ្គាម»។​

នៅ​ក្នុង​ការ​សេចក្តី​រាយ​ការណ៍​ព័ត៌មាន​ចុង​ក្រោយ​បំផុត​អំពី​ជម្លោះ​ដែល​កំពុង​បន្តកើត​មាន​ឡើង​ ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​ទទួលបន្ទុកសម្រប​សម្រួល​កិច្ចការ​មនុស្ស​ធម៌ ​(OCHA)​ ឱ្យ​ដឹង​ថា ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​បាន​បន្ត​វាយ​លើ​តំបន់​ហ្គាហ្សា​កាលពី​ថ្ងៃ​អង្គារ​ ខណៈ​ដែល​គ្រាប់​រ៉ុក្កែត​កំពុង​ត្រូវ​បាន​បាញ់​ចេញ​ពី​តំបន់​ហ្គាហ្សា​ ចូល​ទៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ ដែលបណ្តាលឱ្យ​ ​ចំនួន​អ្នក​ស្លាប់កើនឡើង​នៅ​សង​ខាង​ព្រំដែន។​

អ្នក​នាំពាក្យ​របស់​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​សម្រប​សម្រួល​កិច្ចការ​មនុស្ស​ធម៌​ លោក Jens Laerke ​បាន​កត់​សម្គាល់​ថា ​ អាជ្ញាធរ​អ៊ីស្រាអែល​បាន​បញ្ឈប់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ទៅ​កាន់​តំបន់​ហ្គាហ្សា​ស្ទ្រីប​ ហើយ​ថា ​ឥឡូវ​នេះ​រោងចក្រ​ផលិតថាមពល​ហ្គាហ្សា​ ​ដែល​ជា​ប្រភព​ថាមពល​តែមួយ​គត់​នៅ​ក្នុង​តំបន់​នោះ ​«អាច​អស់​ប្រេង​ឥន្ធនៈ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃទៀត»។​

លោក​ Laerke ​ក៏បាន​កត់​សម្គាល់​ផង​ដែរ​ថា​ អ៊ីស្រាអែល​បាន​កាត់​ផ្តាច់​ទឹក​ដែល​ប៉ះពាល់​ដល់​ប្រជាជន​ជាង​ ៦១ម៉ឺន​នាក់ ​នៅ​ក្នុង​តំបន់​ហ្គាហ្សា។​

លោក​បាន​ថ្លែង​ថា៖​ «វិបត្តិ​នេះ​នៅ​តែ​បន្ត។​ រាល់​ម៉ោង​ដែល​គ្មានអគ្គិសនី​ គ្មាន​ថាមពល​ ​គ្មាន​ទឹក​ស្អាត ​បង្ក​ឱ្យ​មាន​កង្វល់ពី​សុខុមាលភាព​របស់ពលរដ្ឋ ​និង​លទ្ធ​ភាព​របស់​ក្រុម​ផ្តល់​ជំនួយ»។​

អង្គការ​សុខភាព​ពិភព​លោក​បាន​បញ្ជាក់​ថា​ មាន​ការ​វាយ​ប្រហារ​ចំនួន​ ១៣ ​លើក​ទៅ​លើ​មណ្ឌល​ថែទាំ​សុខភាព ​ឬ​លើបុគ្គលិក​សុខាភិបាល​នៅ​តំបន់​ហ្គាហ្សា​ចាប់តាំង​ពី​ថ្ងៃ​សៅរ៍​ ដែល​បណ្តាល​ឱ្យ​បុគ្គលិក​សុខាភិបាល​ចំនួន ​៦ ​នាក់​បាន​ស្លាប់ ​និង ៤ ​នាក់​ទៀត​រង​របួស៕​

ប្រែសម្រួល​ដោយ​លោក ពិន ស៊ីសុវណ្ណ