ផ្ទាំងរូបថតអ្នកវិភាគនយោបាយលោកកែម ឡី ដែលដាក់តាំងនៅមុខគេហដ្ឋានរបស់លោកនៅខេត្តតាកែវ បានប្រែពណ៌ បាត់សោភ័ណភាពតែ អ្វីដែលថ្មីនោះគឺមានផ្ទាំងស្លាកសញ្ញាគណបក្សនយោបាយតូចមួយត្រូវបានដំឡើងនៅកំណាត់ផ្លូវចូលទៅកាន់គេហដ្ឋានរបស់លោក។ ផ្ទាំងស្លាកសញ្ញាគណបក្សគណបក្សតូចមួយនោះជា«គណបក្សខ្មែរតែមួយ» ដែលត្រៀមចូលរួមការបោះឆ្នោតខែកក្កដាដ៏ចម្រូងចម្រាសខាងមុខនេះ នៅពេលគណបក្សសង្គ្រោះជាតិមិនត្រូវបានគេអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែង។
នៅឯពិធីរំឭកដល់ការស្លាប់លោកកែម ឡី ក្នុងខួបពីរឆ្នាំ ដែលរៀបចំឡើងនៅក្នុងឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ លោកកែម រិទ្ធិសិត ប្អូនប្រុសលោក កែម ឡី និងជាប្រធានគណបក្សខ្មែរតែមួយ មិនត្រឹមតែបានថ្លែងអំពីការតាំងចិត្តរបស់លោកដើម្បីរៀបចំពិធីរំឭកខួបនៃការបាញ់សម្លាប់បងប្រុសលោកនោះទេ លោកក៏ថែមទាំងបានបង្ហាញពីការតាំងចិត្តខាងនយោបាយ ធ្វើឲ្យមានពហុបក្សក្នុងសភាជាតិខ្មែរ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិតាមអំណាចតុលាការកំពូល ដែលលោកនឹកស្មានមិនដល់នោះ។
«អីចឹងវាត្រូវមានគណបក្សមួយ ពីរ ដើម្បីឲ្យប្រជាជនគាត់ចូលរួម ដើម្បីផ្តុំគ្នា ឲ្យមានសំឡេងក្នុងសភាច្រើន ដើម្បីតតាំងគ្នា ដើម្បីយើងចែងច្បាប់ក្នុងសភាហ្នឹង។ បើសិនជាមានគណបក្សតែមួយ គេសម្រេចអីមួយគឺអត់មានអ្នកដែលត្រូវជំទាស់ ដែលត្រូវរិះគន់ទេ»។
អង្គុយនៅក្រោយចេតីយ៍តម្កល់សពលោកកែម ឡី និងពាក់អាវពណ៌ស លោកកែម រិទ្ធិសិត បាននិយាយថា ការស្វែងរកយុត្តិធម៌ជូនបងប្រុសរបស់លោក និងអ្នករិះគន់រដ្ឋាភិបាលឯទៀត ក៏ដូចជាអ្នកសិល្បៈ និងសកម្មជននយោបាយ ដែលបានបង់ជីវិតតាំងពីទសវត្សរ៍១៩៩០មកនោះ ក៏នឹងនៅតែបន្ត ដោយហេតុថា ការស្វែងរកយុត្តិធម៌នេះជាចំណុចមួយដែលមានចែងក្នុងកម្មវិធីនយោបាយរបស់គណបក្សខ្មែរតែមួយ ដែលលោកបញ្ជាក់ថា ជាគណបក្សឯករាជ្យ និងមិនចំណុះឲ្យគណបក្សណាផ្សេងទៀតនោះឡើយ។
«ក្នុងនាមខ្ញុំជាប្រធានគណបក្សខ្មែរតែមួយ គោលគំនិត គោលដៅ គឺយើងតាំងតែងឈ្មោះ ខ្មែរតែមួយនេះ គឺយើងមិនចំណុះឲ្យគណបក្សណា ហើយយើងអព្យាក្រឹត្យ។ អីចឹងភាពយុត្តិធម៌ មិនមានត្រឹមតែអ្នកដែលបានស្លាប់ដោយរឿងអយុត្តិធម៌ច្រើនទេ។ យើងលើកករណី ដូចតាំងពីឆ្នាំ១៩៩១មក ករណីអ្នកស្រីពិសិដ្ឋ ពីលីកា ឬមួយក៏តារាចំរៀងទូច ស៊ុននិច ដែលបានទទួលរងគ្រោះឬមួយក៏លោកឈុត វុទ្ធី លោកជា វិជ្ជាហើយនឹងអ្នកសហជីពច្រើនទៀត ព្រមទាំងអ្នកទោសនយោបាយជាច្រើន យើងត្រូវការដើម្បីដោះស្រាយ»។
លោកកែម ឡីត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់នៅក្នុងស្ថានីយ៍ប្រេងសាំងមួយ ស្ថិតនៅចំកណ្តាលក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៦។ ការបាញ់សម្លាប់អ្នកវិភាគរូបនេះ កើតមានឡើង បន្ទាប់ពីលោកបានផ្តល់ការអធិប្បាយនានាទៅលើរបាយការណ៍របស់អង្គការ Global Witness ដែលបានទម្លាយឲ្យដឹងពីការក្តោបក្តាប់ទ្រព្យសម្បត្តិរាប់រយលានដុល្លាររបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់អំណាចជាងបីទសវត្សរ៍មកនោះ។
ក្រោយការបាញ់សម្លាប់លោកកែម ឡីភ្លាមៗ សមត្ថកិច្ចក្នុងរាជធានីភ្នំពេញចាប់បានបុរសម្នាក់ដែលអះអាងថា ខ្លួនមានឈ្មោះជួប សំលាប់ ហើយថា ការបាញ់សម្លាប់លោកកែម ឡីគឺ ដោយសារអ្នកវិភាគដ៏ល្បីល្បាញរូបនេះជំពាក់លុយខ្លួនចំនួន៣.០០០ដុល្លារមិនព្រមសង។ ការណ៍នេះធ្វើឲ្យអ្នកគាំទ្រ និងក្រុមគ្រួសាររបស់លោកកែម ឡីមិនអស់ចិត្ត និងបានលើកឡើងថា ជួប សំលាប់បានប្រឌិតការជំពាក់បំណុលនេះឡើង។
ជននេះក្រោយមកត្រូវបានក្រុមអ្នកអង្កេតលើករណីសម្លាប់លោកកែម ឡី និងអាជ្ញាធររកឃើញឈ្មោះពិតថា អឿត អាង ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ក្នុងពន្ធនាគារអស់មួយជីវិត។
ការដណ្តើមយកផលប្រយោជន៍នយោបាយពីសពលោកកែម ឡី
ឃាតកម្មលោកកែម ឡីមានឥទ្ធិពលខាងនយោបាយផងដែរ ទៅលើគណបក្សផ្សេងទៀត ពោលគឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលនឹងចូលរួមប្រជែងយកកៅអីសភាពីបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺគណបក្សប្រជាជនកម្ពុជា។
ក្រុមមន្ត្រីនៃគណបក្សនេះ ដែលភាគច្រើនជាអតីតមេដឹកនាំអង្គការក្រៅរដ្ឋាភិបាល នៅបន្តផ្តល់តម្លៃដល់ទស្សននយោបាយរបស់លោកកែម ឡី ដែលមុនពេលស្លាប់បានប្រាប់ក្រុមអ្នកសង្កេតការណ៍សង្គមកម្ពុជាផ្សេងទៀតថា លោកចង់ឃើញការផ្ទេរអំណាចដោយសន្តិវិធីមួយ។
នៅមុនពេលហែក្បួនឃោសនានយោបាយពីទីស្នាក់ការកណ្តាលគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ស្ថិតក្នុងខណ្ឌសែនសុខ មកប្រារព្ធពិធីខួបនៃការបាញ់ស្លាប់លោកកែម ឡីរយៈពេលពីរឆ្នាំ នៅស្ថានីយ៍ប្រេងមួយក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដាឆ្នាំ២០១៨កន្លងទៅ លោកយ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រាប់ VOAថា គំនិតនានារបស់លោកកែម ឡី ត្រូវបានបញ្រ្ជាបទៅក្នុងគោលនយោបាយរបស់គណបក្សលោក។ អតីតមេដឹកនាំអង្គការក្រៅរដ្ឋាភិបាលរូបនេះថ្លែងថា៖
«ក្នុងឧត្តមគតិកែម ឡី វាមាន១០ចំណុច ដែលយើងបានសរសេរផ្សព្វផ្សាយ ហើយក្នុងហ្នឹង គឺមានសាមញ្ញនិយម មូលដ្ឋាននិយម សេរីភាពនិយមអីចឹង។ល។ គាត់ជាមនុស្សសាមញ្ញ ជាអ្នកមូលដ្ឋាននិយម ហើយយើងចង់ធ្វើឲ្យអ្វីៗទៅជាភាព ជាសាមញ្ញ។ ធ្វើនយោបាយ ធ្វើតំណាងរាស្ត្រ ធ្វើអ្នកធំ ធ្វើឯកឧត្តម មិនមែនរាស្ត្រនៅជិតមិនបាន។ អាហ្នឹងហើយជាភាពសាមញ្ញនិយម សេរីភាពនិយម គោរពសិទ្ធិសេរីភាពអ្នកដទៃ។ ទោះបីគេជេរ ប្រមាថ លាបពណ៌យើង គ្រប់រូបភាពក៏ដោយ ប៉ុន្តែយើងយោគយល់ អត់ធ្មត់។ អាហ្នឹងជាឧត្តមគតិរបស់គាត់»។
លោកកែម ឡី ដែលជាអ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គម ត្រូវគេដឹងថា បានចុះធ្វើការជាមួយសហគមន៍អ្នកការពារព្រៃឈើ ចុះអង្កេតបញ្ហាសង្គមនានានៅតាមព្រំដែន និងចូលរួមចងក្រងបណ្តាញ «ខ្មែរដើម្បីខ្មែរ» ដែលក្រោយមកត្រូវបានបង្កើតជាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
មិនមាននរណាម្នាក់បានបញ្ជាក់ភ្លាមៗថា លោកកែម ឡីមានមហិច្ឆតាស្វែងរកអំណាច ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធសង្គមកិច្ច និងនយោបាយក្នុងប្រទេសនោះទេ នៅពេល លោកត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់កាលពីឆ្នាំ២០១៦។ សូម្បីតែភរិយារបស់លោក គឺអ្នកស្រីប៊ូ រចនាក៏បានប្រាប់បណ្តាញព័ត៌មានមិនចំណុះរដ្ឋាភិបាលក្រុងភ្នំពេញថា ស្វាមីរបស់អ្នកស្រីគ្មានបំណងធ្វើនយោបាយទេ។ តែលោកកែម រិទិ្ធសិតបានប្រាប់ VOA ថា លោកកែម ឡីតែងរំឭកលោកអំពីការចងក្រងគណបក្សនយោបាយ។ លោកនិយាយថា៖
«ខ្ញុំយកគំនិតរបស់លោកបណ្ឌិតកែម ឡីមកធ្វើ មកធ្វើយ៉ាងម៉េច? គាត់ថា គណបក្សនយោបាយ មិនចាំបាច់យើងមានតែមួយទេ មានតែមួយ តែពីរទេ យើងអាចបង្កើតបានច្រើន អាចថា ឥឡូវនេះ យើងថា ២០ យើងអាចថា១០០ឬ ២០០ ទៅទៀតក៏អត់បញ្ហាដែរ។ ប៉ុន្តែសំខាន់គឺយើងមានគោលនយោបាយច្បាស់លាស់ ប្រជាជនមានទំនុកចិត្ត គឺយើងអាចមានការគាំទ្រច្រើនហើយ»។
ដោយមានជំនឿថា គណបក្សនយោបាយរបស់លោកនឹងទទួលបានអាសនៈសភាក្នុងការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ លោកកែម រិទ្ធិសិត បានពន្យល់បន្តថា គណបក្សរបស់លោកបានយកបញ្ហាសុខភាព និងជីវភាពរស់នៅរបស់ប្រជារាស្ត្រខ្មែរ ជាចំណុចស្នូលក្នុងគោលនយោបាយគណបក្ស។
លោកលើកឡើងថា បើគណបក្សលោកឈ្នះបានកៅអីនៅរដ្ឋសភានោះ គណបក្សលោកនឹងចូលរួមប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀនដោយកំហិតឲ្យមានការដាក់ទោសប្រហារជីវិតអ្នកជួញដូរគ្រឿងញៀន ការធានាបានសុវត្ថិភាពអាហារ ដោយការបិទមិនឲ្យនាំចូលចំណីអាហារដែលមានសារធាតុគីមីពីប្រទេសវៀតណាម និងការស្វែងរកទីផ្សារសម្រាប់លក់កសិផលរបស់កសិករខ្មែរឲ្យបានតម្លៃសមរម្យមួយ។
សម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គោលនយោបាយរបស់គណបក្សនេះមានការផ្សារភ្ជាប់ជាមួយនឹងឧត្តមគតិរបស់លោកកែម ឡី។ លោកសាម អ៊ីន អគ្គលេខាធិការ និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានថ្លែងតាមវីដេអូឃ្លីបខ្លីមួយបង្ហោះលើទំព័រហ្វេសប៊ុករបស់គណបក្សលោកថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ថា គ.ប.ម.មានគោលនយោបាយ ធ្វើឲ្យមានប្រសិទ្ធភាពកាន់តែខ្លាំងនៃសេវាសាធារណៈ និងការពង្រឹងអភិបាលកិច្ចល្អក្នុងប្រទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឲ្យមានសន្ទុះខ្លាំងក្លា។ លោកបញ្ជាក់ប្រាប់ VOA នៅថ្ងៃអង្គារនេះថា គោលនយោបាយសំខាន់ពីរនេះសុទ្ធតែផ្តើមចេញពីការពិគ្រោះយោបល់ជាមួយលោកកែម ឡី កាលលោកនៅមានជីវិតនៅឡើយ។
«ក្នុងគោលបំណងជំរុញឲ្យមានកំណើនសេដ្ឋកិច្ច រីកលូតលាស់ប្រកបដោយភាពសមធម៌ ធ្វើយ៉ាងណាឲ្យការផ្តល់សេវារដ្ឋបាលសាធារណៈល្អ ជូនប្រជាពលរដ្ឋដោយរហ័ស ទាន់ចិត្ត មិនគិតកម្រៃថែម មិនពុករលួយ ធ្វើយ៉ាងណាឲ្យជាតិខ្មែរមួយមានសេដ្ឋកិច្ច រីកលូតលាស់ល្អ ខ្លាំងរឹងមាំ»។
ការរួបរួមគ្នាមិនអាចទៅរួច
ទោះណាជាមេដឹកនាំគណបក្សនយោបាយទាំងពីរបានបញ្ជាក់រៀងៗខ្លួនថា ពួកគេបានរៀនសូត្រជាច្រើនពីគំនិតលោកកែម ឡី និងថែមទាំងបានពិគ្រោះយោបលបញ្ហានយោបាយមុនការបង្កើតគណបក្សក៏ដោយចុះ ផ្លូវដើរតែមួយសម្រាប់គណបក្សទាំងពីរនេះគឺមិនអាចទៅរួចនោះឡើយ។
លោកកែម រិទ្ធិសិត ប្រធានគណបក្សខ្មែរតែមួយ មានប្រសាសន៍ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានលេចចេញរូបរាងមុន មានរចនាសម្ព័ន្ធគ្រប់គ្រាន់ ដែលពិបាកនឹងមកផ្សារភ្ជាប់ជាមួយគណបក្សលោកដែលលោកអះអាងថា ក៏មានរចនាសម្ព័ន្ធគ្រប់គ្រាន់ដូចគ្នា ហើយអាចធ្វើការដោយខ្លួនឯងបានផងដែរ។
រីឯលោកសាម អ៊ីនថ្លែងថា ការច្របាច់ក្រុមពីរ ឬបីបញ្ចូលគ្នានោះជាបញ្ហាប្រឈមមួយរបស់អ្នកនយោបាយ។ លោកមានប្រសាសន៍តាមន័យដើមថា៖
«ការរួបរួមក្រុម២ ឬ៣ មិនមែនជារឿងងាយស្រួលទេ។ វាត្រូវការមានគុណតម្លៃរួម គោលការណ៍រួមគ្នា គោលបំណងរួមគ្នា និងអត្តចរិត និងរបៀបធ្វើការស្រដៀងគ្នា ទើបអាចរួបរួមជាក្រុមមួយខ្លាំងបាន។ បើមិនមានភាពដូចគ្នា ឬស្រដៀងគ្នានៃលក្ខណៈទាំងបួនខាងលើ ការរួបរួមនឹងធ្វើឲ្យក្រុមខ្សោយ និងមានបញ្ហាច្រើនទៅវិញ»។
ភាពស្ងប់ស្ងាត់បានកើតឡើង
នៅពេលដែលក្រុមសាច់ញាតិសន្តាន និងអ្នកធ្លាប់ចូលរួមជួយធ្វើការខាងសង្គមជាមួយលោកកែម ឡីបានបែងចែកផ្លូវនយោបាយសម្រាប់ដើររៀងៗខ្លួននោះ មានមនុស្សមិនច្រើនទេ ដែលមកចូលរួមគោរពសពលោកកែម ឡី និងប្រារព្ធខួបនៃការបាញ់សម្លាប់អ្នកវិភាគរូបនេះ។
លោកឃឹម សុខុន អ្នករត់ម៉ូតូកង់បី និងជាអ្នកគោរពស្រឡាញ់ លោកកែម ឡី បានមើលឃើញពីភាពស្ងប់ស្ងាត់នៃពិធីបុណ្យសព ធ្វើឡើងកាលពីថ្ងៃទី១០ ខែកក្កដា នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ លោកនិយាយថា៖
«អានេះគ្រាន់ថា ខ្ញុំមើលឃើញស្ថានភាពជាក់ស្តែង។ តាំងពីព្រឹករហូតមកដល់ពេលនេះ ខ្ញុំមើលឃើញស្ថានភាព បានន័យថា បុណ្យគម្រប់ខួបពីរឆ្នាំរបស់លោកបណ្ឌិតកែម ឡី វាហាក់ដូចជាខុសពីមុន។ កាលគម្រប់ខួបមួយឆ្នាំ ក៏ដូចជាពេលដែលគាត់ខូច ពេលដែលដង្ហែសពគាត់មកអី វាខុសពីប្រក្រតី។ អីចឹង ចំណុចសំខាន់បំផុត ដែលខ្ញុំមើលឃើញស្ថានភាពជាក់ស្តែង គឺការបែកបាក់ផ្ទៃក្នុង ឬការបែកបាក់សាមគ្គីរបស់ខ្មែរ និងខ្មែរ»។
អ្នករត់ម៉ូតូកង់បីរូបនេះ បានបន្ថែមថា ការបែកបាក់នេះក៏នឹងជាឧបសគ្គមួយសម្រាប់មាគ៌ានាំទៅរកការទទួលបានយុត្តិធម៌ពិតប្រាកដដល់សពលោកកែម ឡីទៀតផង។
ខណៈដែលយុត្តិធម៌មិនទាន់ត្រូវបានរកឃើញនៅឡើយសម្រាប់លោកកែម ឡី ក្នុងពេលអ្នកដែលផ្តល់តម្លៃដល់ការវិភាគរបស់លោកត្រូវគេសង្កេតឃើញថា កំពុងវក់វីក្នុងដំណើរផ្សងព្រេងខាងនយោបាយនោះ ចេតីយ៍សម្រាប់តម្កល់សពអ្នកវិភាគរូបនេះក៏មិនទាន់ត្រូវបានសាងសង់ចប់រួចរាល់នៅឡើយ ហើយរូបថតបង្ហាញការបាញ់ស្លាប់លោកកែម ឡី ដែលត្រូវបានព្យួរនៅក្នុងផ្ទះរបស់លោកក៏បានប្រែពណ៌ខុសពីសភាពដើម រីឯរូបសំណាករបស់លោកកែម ឡី ក៏មិនសូវមានមនុស្សមកផ្តិតយករូបភាព ដូចគ្រាលោកត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់ថ្មីៗនោះឡើយ។
កាលពីពេលកន្លងមក អ្នកវិភាគជាច្រើនបានបកស្រាយខុសៗគ្នាថា ការបង្ហាញការគាំទ្រចំពោះលោកកែម ឡី ដោយយកទស្សនៈរបស់លោកមកឡូកឡំនឹងរឿងនយោបាយ អាចនឹងធ្វើឲ្យប្រជាប្រិយភាពរបស់លោកសាបរលាប ដែលយូរៗទៅលោកកែម ឡីនឹងក្លាយជាជនធម្មតា ហើយការរំឭកដល់រូបលោកនោះ នឹងថយចុះបន្តិចម្តងៗ ឬក៏ត្រូវបានគេបំភ្លេចចោល៕