ទាហានតួកគី​ពីរ​នាក់​​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​មួយ​ជាមួយ​យុទ្ធជន​រដ្ឋ​ឥស្លាម​នៅ​ភាគ​ជើង​ប្រទេស​ស៊ីរី

រូបឯកសារ៖ រថក្រោះ​របស់​ទាហាន​តួកគី​ឈរ​ជើង​នៅ​ជិត​ព្រំដែន​ជាមួយ​​ប្រទេស​ស៊ីរី។ កាល​ពី​ថ្ងៃ​អង្គារ​ សារព័ត៌មាន​តួកគី​រាយការណ៍​ថា តួកគី​​បាន​បើក​ការ​វាយប្រហារ​សារ​ជា​ថ្មី​លើ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។

កង​យោធា​នៃ​ប្រទេស​តួកគី​បាន​និយាយ​ថា​ ទាហាន​ពីរ​នាក់​របស់​ពួកគេ​បាន​បាត់​បង់​ជីវិត​ហើយ​ប្រាំ​នាក់​ទៀត​បាន​ត្រូវ​របួស​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​ពួក​រដ្ឋ​ឥស្លាម​ នៅ​ក្នុង​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី។​

បើ​តាម​កាសែត​ប្រចាំ​ថ្ងៃ​ឈ្មោះ​ Hurriyet​ បាន​រាយការណ៍​ថា​ ការ​ប្រយុទ្ធ​គ្នា​បាន​កើត​មាន​ឡើង​នៅ​ជិត​ក្រុង​ al-Rai ​នៅ​ក្នុង​ថ្ងៃទី​១៤​នៃ​កិច្ច​ប្រតិបត្តិការ​មួយ​ក្នុង​ផ្នែកក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី។​

គេ​រាយ​ការណ៍​ថា ​ទាហាន​ទាំង​នេះ​បាន​ស្លាប់​នៅ​ពេល​ដែលពួក​រដ្ឋ​ឥស្លាម បាន​បាញ់​មីស៊ីល​ ត្រូវ​ចំ​រថក្រោះ​ពីរ​គ្រឿង​របស់​កង​ទ័ព​តួកគី​ នៅ​ក្នុងភូមិ ​Wuquf ​នេះ​បើ​យោង​តាម​កាសែត​ Hurriyet។​

សារព័ត៌មាន​នេះ​ផ្សាយ​ថា​ សមាជិក​ពីរ​នាក់​នៃ​កង​ទ័ព​ស៊ីរី​សេរី​គាំទ្រ​ដោយ​ប្រទេស​តួកគី​ ក៏​បាន​បាត់​បង់​ជីវិត​ដែរ​ហើយ​សមាជិក​ពីរ​នាក់​ទៀត​នៃ​ក្រុម​នេះ​បាន​ត្រូវ​របួស​នៅ​ក្នុ​ង​កិច្ច​ប្រតិបត្តិការ​នេះ។

កង​រថក្រោះ​នៃ​កង​ទ័ព​តួកគី​ បាន​បើក​ចូល​ទៅ​ក្នុង​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី​ កាល​ពី​ថ្ងៃទី​២៤​ខែ​សីហា​ ដើម្បី​ចាប់​ផ្តើម​ការ​វាយ​លុក​មួយ​មាន​ឈ្មោះ​ថា​ «កិច្ចប្រតិបត្តិការ Euphates Shield» ដើម្បី​វាយ​ប្រហារ​មិន​មែន​តែ​ពួក​រដ្ឋ​ឥស្លាម ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​ក៏​វាយ​ប្រហារ​លើ​កង​ក​ម្លាំង​ Kurde ​ដែរ​នៅ​ក្នុង​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី។

កិច្ចប្រតិបត្តការ​នេះ​នៅ​ខាង​ក្នុង​ប្រទេស​ស៊ីរី​ បាន​ចាប់​ផ្តើម​នៅ​ក្រោយ​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ម្នាក់​បាន​ធ្វើ​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​២០ខែ​សីហា​ នៅ​ក្នុងក្រុង​ Gaziantep ​នា​ប៉ែក​អាគ្នេយ៍​នៃ​ប្រទេស​តួកគី នៅ​ជិត​ព្រំដែន​ប្រទេស​ស៊ីរី ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​៥៤នាក់​ស្លាប់​នៅ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​ របស់​ពួក​ Kurde មួយ។​ អាជ្ញាធរ​នៃ​ប្រទេស​តួកគី​ បាន​បន្ទោស​ពួក​រដ្ឋ​ឥស្លាម​ថា​បាន​ធ្វើការ​វាយ​ប្រហារ​នោះ៕