ក្រោយពីសមាជិករដ្ឋសភាបានបោះឆ្នោតតែងតាំងអនុប្រធានទី១នៃសភាជាតិ និងគណៈកម្មការជំនាញចំនួន៥មកឲ្យគណបក្សសង្គ្រោះជាតិមក នៅថ្ងៃច័ន្ទនេះសមាជិកព្រឹទ្ធសភាភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតប្រគល់តួនាទីប្រធាន និងអនុប្រធានគណៈកម្មការចំនួន២បន្ថែមទៀតដល់គណបក្សសម រង្ស៊ី ដោយគោរពទៅតាមកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរកាលពីខែសីហា។
យោងតាមលទ្ធផលបោះឆ្នោតបានបង្ហាញថា លោកគង់ គាំ ប្រធានគណបក្សសម រង្ស៊ីត្រូវបានសមាជិកព្រឹទ្ធសភាបោះឆ្នោតតែងតាំងជាប្រធានគណៈកម្មការទី១គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភាដោយប្តូរពីគណបក្សសម រង្ស៊ីមកជាគណបក្សសង្គ្រោះជាតិ និងលោកហុង សុខហួរត្រូវបានបោះឆ្នោតតែងតាំងជាប្រធានគណៈកម្មការទី១០ដែលទើបនឹងបង្កើតថ្មីគឺគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ។
សមាជិកព្រឹទ្ធសភាក៏បានបោះឆ្នោតតែងតាំងលោកយូ ស៊ាងហេង ជាអនុប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង ធនធានទឹក និងលោក ទា វណ្ណុល ជាអនុប្រធានគណៈកម្មការអប់រំ យុវជនកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ព្រមទាំងសមាជិកគណៈកម្មការទាំង១០របស់ស្ថាប័នព្រឹទ្ធសភា។
យោងតាមកិច្ចព្រមព្រៀងរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាកាលពីខែសីហាបានព្រមព្រៀងគ្នាថា នឹងផ្តល់តំណែងជាប្រធានគណៈកម្មការ និងអនុប្រធានគណៈកម្មការជំនាញរបស់ព្រឹទ្ធសភាដល់គណបក្សសង្គ្រោះជាតិ។ ក្រោយពីគណបក្សសង្គ្រោះជាតិបានទទួលតំណែងនៅក្នុងស្ថាប័នរដ្ឋសភារួចមក។
លោកគង់ គាំ ប្រធានគណបក្សសម រង្ស៊ី ដែលទើបនិងជាប់ឆ្នោតជាប្រធានគណៈកម្មការទី១របស់ព្រឹទ្ធសភាក្នុងនាមគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា លទ្ធផលការបោះឆ្នោតនេះបានគោរពទៅតាមកិច្ចព្រមព្រៀងនៃគណបក្សទាំងពីរកាលពីខែសីហា។
លោកបានបញ្ជាក់ថា នេះជាលើកដំបូងហើយដែលគណបក្សប្រឆាំងមានតួនាទីកាន់កាប់មុខតំណែងខ្លះក្នុងគណៈកម្មការជំនាញរបស់ស្ថាប័នព្រឹទ្ធសភា ហើយលោកតាំងចិត្តថា នឹងធ្វើកិច្ចការនៅក្នុងព្រឹទ្ធសភាតាមរបៀបពហុបក្ស។
លោកនិយាយថា៖ «យើងក៏មានការរីករាយ និងក៏ទទួលលទ្ធផលបោះឆ្នោតនេះហើយក៏មានការតាំងចិត្តថា នឹងធ្វើការងារនៅក្នុងព្រឹទ្ធសភា របៀបជាពហុបក្សជារបៀបក្រុមសំឡេងភាគតិចដើម្បីឲ្យមានការជជែកពិភាក្សាគ្នាឲ្យប្រសិទ្ធភាព ប្រសើរឡើងជាងកន្លងទៅនេះ»។
ការបោះឆ្នោតតែងតាំងប្រធាន និងអនុប្រធាន ព្រមទាំងសមាជិកគណៈកម្មការមួយចំនួនក្នុងស្ថាប័នព្រឹទ្ធសភាបានធ្វើឡើងជាបន្តបន្ទាប់គ្នា ក្រោយពីសមាជិកសភាជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានបោះឆ្នោតតែងតាំងលោកកឹម សុខា ជាអនុប្រធានទី១រដ្ឋសភានិងប្រធាន អនុប្រធានគណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា។
លោកកែម ឡី អ្នកវិភាគឯករាជ្យ បានបញ្ជាក់ថា បើទោះបីជាគណបក្សសង្គ្រោះជាតិមានតួនាទីក្នុងស្ថាប័ននីតិបញ្ញត្តិទាំងពីរនេះក៏ដោយ ក៏គណបក្សនេះនៅតែមិនមានអំណាចគ្រប់គ្រាន់ដើម្បីតតាំងជាមួយគណបក្សគ្រប់គ្រងអំណាចបានទេ។
លោកមានប្រសាសន៍ថា ដរាបណាមានការកែប្រែការបោះឆ្នោតពីសំឡេង៥០%បូក១ មក២ភាគ៣វិញ ទើបគណបក្សសង្គ្រោះជាតិមានសង្ឃឹមថា នឹងអាចតតាំងក្នុងស្ថាប័នកំពូលទាំងពីរនេះបាន ពីព្រោះថា គន្លឹះនៅក្នុងគណៈកម្មការអចិន្ត្រៃយ៍នីមួយៗដែលជាអ្នកសម្រេច៕