មន្រ្តី​ប៉ូលិស​ពីរ​រូប​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ភាគខាងត្បូង​ស.រ.អា

រូបភាព​បញ្ចេញ​ដោយ​ក្រុម​ប៉ូលិស​ដែលមិន​បាន​បញ្ជាក់​ពេលវេលា​ច្បាស់​លាស់​បាន​បង្ហាញ​មន្រ្តី​ប៉ូលិស​លោក Liquori Tate ដែល​ត្រូវ​បាន​បាញ់​សម្លាប់ក្នុង​ចំណោម​មន្រ្តី​ប៉ូលិស​ពីរ​រូប​​នៅ​ក្រុង Hattiesburg រដ្ឋ MIssissipi។

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP បាន​រាយការណ៍​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ថា​ បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ក្នុង​មូលដ្ឋាន​ឲ្យ​ដឹង​ថា ​ប៉ូលិស​ពីរ​នាក់​បាន​ត្រូវ​បាញ់ស្លាប់​នៅ​ក្នុង​រដ្ឋ​ Mississippi នា​ប៉ែក​ខាង​ត្បូង​ស.រ.អា​ ហើយ​ក្រុម​ប៉ូលិស​កំពុង​ស្វែង​រក​ចាប់​ខ្លួនជន​ជាប់សង្ស័យ​ម្នាក់​។

លោក Butch Benedict ពេទ្យ​ផ្នែក​ពិនិត្យ​មើល​សាកសព​នៅ​ក្នុង​ស្រុក​ Forrest បាននិយាយ​ថា​ ប៉ូលិស​ទាំងពីរនាក់​នេះ​បានត្រូវ​បាញ់កាល​ពី​ថ្ងៃ​សោរ៍​នៅ​ក្នុងក្រុង​Hattiesburg ដែល​ជាក្រុង​មួយមាន​ប្រជារាស្ត្រ​ជិត​ប្រាំ​ម៉ឺន​នាក់ ហើយ​បានត្រូវ​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​មួយ​កន្លែង​ដែល​នៅ​ទី​នោះ​ពួក​ពេទ្យ​បាន​បញ្ជាក់​ថា​ប៉ូលិស​ទាំង​នេះ​បានស្លាប់ហើយ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ដោយ​កាសែត​ The Clarion-Ledger។​

សារព័ត៌មាននេះ​បាន​រាយការណ៍​ថា​ ប៉ូលិស​ម្នាក់​ក្នុង​បណ្តា​ប៉ូលិស​ទាំង​ពីរ​នាក់​នេះ​បាន​នៅ​រស់​នៅ​ពេល​គេ​ដឹក​លោក​ចូល​ក្នុង​មន្ទីរពេទ្យ​នោះ។ក្រុមមន្ត្រី​មិនបាន​និយាយ​ទេ​អំពី​អ្វី​ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​វាយប្រហារ​នេះ។

លោក​ Johnny DuPree អភិបាល​ក្រុង​ Hattiesburg បានសុំ​ដល់​ប្រជារាស្ត្រ​ឲ្យ​ឋិត​នៅ​ក្នុង​ផ្ទះ​នៅ​ពេល​ពួក​ប៉ូលិស​ឆែកឆេរ​រក​អ្នកបាញ់កាំភ្លើងនេះ។​

ពួក​ប៉ូលិស​បាន​និយាយ​ថា​ពួក​គេ​មាន​ជំនឿ​ថា ​ជន​ជាប់សង្ស័យ​បានលួច​ឡាន​ប៉ូលិស​មួយ​គ្រឿង​នៅ​ក្រោយ​ការបាញ់​កាំភ្លើងនេះ។​ បន្ទាប់​មក​គេ​បានរក​ឃើញ​ឡាន​នេះ​ដែល​បាន​ត្រូវ​បោះបង់។​

កាសែត Clarion-Ledger បានផ្សាយ​ថា​នេះ​ជា​ការសម្លាប់​ប៉ូលិស​លើកទី​មួយក្នុង​ក្រុង Hattiesburg ក្នុង​រយៈពេល​៣០​ឆ្នាំ៕