ស្ថានទូត​ប្រទេស​ប្រជាធិប​តេយ្យ​​បារម្ភ​អំពី​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន

លោក ​លី ចាន់​ដារ៉ា​វុទ្ធ កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី (រាប់​ពី​ឆ្វេង) ជា​សកម្មជន​បរិស្ថាន​វ័យ​ក្មេង ដែល​រង​ការ​ចោទ​ប្រកាន់​ថា​«រួម​គំនិត​ក្បត់» និង​«ប្រមាថ​ព្រះ​មហាក្សត្រ»។ (រូបថត​ពី​ Facebook/Mother Nature Cambodia)

ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​សំខាន់ៗ​ចំនួន​បី​បាន​ប្រតិកម្ម​ជា​បន្ត​បន្ទាប់ទៅ​នឹង​ការ​ចាប់ខ្លួន​និង​ចោទ​ប្រកាន់​របស់​តុលាការ​កម្ពុជា​មក​លើ​សកម្មជន​បរិស្ថាន​៣​នាក់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​«រួម​គំនិត​ក្បត់» ដែល​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់១០​ឆ្នាំ​និង​បទ​«ប្រមាថ​អង្គ​ព្រះ​មហាក្សត» ដែល​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​៥​ឆ្នាំ។​

លោក អ៊ឹម វណ្ណៈ ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃ​ចន្ទ បាន​សម្រេច​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​៣នាក់​ដែល​ក្នុង​នោះ​មាន​២​នាក់ គឺកញ្ញា ​ស៊ុន រដ្ឋា និង​លោក យីម​លាងហ៊ី ក្រោម​ការ​ចោទ​ប្រកាន់២​បទល្មើស គឺ​«រួម​គំនិត​ក្បត់​»និង​«ប្រមាថ​អង្គ​ព្រះមហាក្សត្រ​»។ ចំណែក​លោក លី ចាន់ដារ៉ាវុទ្ធ ត្រូវ​បាន​ចោទ​ប្រកាន់មួយ​បទ​ល្មើស គឺ«រួម​គំនិត​ក្បត់»។​ សហ​ស្ថាប​និក​នៃ​ក្រុម​បរិស្ថាន​ចលនា​មាតា​ធម្មជាតិ គឺ​លោក Alejandro Gonzalez Davidson​ ដែល​ជា​ជន​ជាតិ​អេស្ប៉ាញ ក៏​ត្រូវ​ចោទ​ពី​បទ«​រួម​គំនិត​ក្បត់»និង​«ប្រមាថ​អង្គ​ព្រះ​មហាក្សត្រ​» ដោយ​កំបាំង​មុខ។ នេះ​បើ​តាម​លោក សំ សុគង់ មេធាវី​ការពារ​ក្តី​ឲ្យ​ពួកគេ។

ការ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​នេះ​នាំ​ឲ្យ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំកម្ពុជា​លោក​ W.Patrick Murphy ​បង្ហោះ​សារ​នៅ​លើ​ប្រព័ន្ធ​ Twitter​ របស់​លោក​ថា​វា​ជា​ការ​រំខាន​ចិត្ត​ជា​ខ្លាំង​ដែល​បាន​ទទួល​ដំណឹង​អំពី​ការ​ចាប់​ខ្លួន​សកម្មជន​យុវ​ជន​បន្ថែម​ទៀត ដែល​កន្លង​ទៅ​លោក​ធ្លាប់​បាន​លើក​ចំៗ​នៅ​ចំពោះ​មុខ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដោយ​អំពាវនាវ​ឲ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន​ដែល​ត្រូវ​បាន​កាត់​ទោស​កាល​ពី​ខែ​ឧសភា។

លោក​អធិប្បាយ​ក្នុង​ន័យ​ដើម​ថា៖ «ការ​កត់ត្រា​ទុក​សកម្មភាព​បំពុល​បរិស្ថាន​គឺជា​សេវា​សាធារណៈ​មិនមែន​ជា​អំពើ​ភេរវកម្ម​ទេ។ យើង​ទទូច​ដល់​អាជ្ញាធរ​ឲ្យ​មាន​ការទទួល​ខុសត្រូវ​ចំពោះ​ពលរដ្ឋ​ខ្លួន​មិនមែន​បំបិទ​សំឡេង​របស់​ពួកគេ​ទេ»។

ចំណែក​ស្ថានទូត​ប្រទេស​ស៊ុយអែត​បាន​លើក​ឡើង​លើ​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ Twitter​ របស់​ខ្លួន​តាម​ន័យ​ដើម​ថា៖ «ប្រទេស​ស៊ុយអែត​បារម្ភ​អំពី​វិធានការ​ច្បាប់​កាល​ពី​ពេល​ថ្មីៗនេះ​ប្រឆាំង​នឹង​សកម្មជន​បរិស្ថាន​វ័យក្មេង​នៅ​ប្រទេស​កម្ពុជា។ ការ​ទំនាក់​ទំនង​លក្ខណៈ​ស៊ីវិល​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​តម្លាភាព​និង​ការ​សន្ទនា​ជា​ចលករ​សំខាន់ៗ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។ ការ​ចូលរួម​របស់​យុវជន​ជាផ្នែក​មួយ​នៃ​អនាគត​និង​គួរ​តែ​ត្រូវបាន​លើក​ទឹកចិត្ត»។

បន្ថែម​ពីលើនេះ​ស្ថានទូត​អូស្ត្រាលី​ក៏បាន​បញ្ជាក់​ពីក្តី​បារម្ភ​របស់ខ្លួន​ផងដែរ​ចំពោះការ​តស៊ូមតិ​ដោយ​អហិង្សា​លើបញ្ហា​បរិស្ថាន ដោយ​និយាយ​ថា៖ «យើងមិន​ជឿថា​សកម្មភាព​ប្រកបដោយ​សន្តិវិធី​បែបនេះ​គឺជាការ​គំរាម​កំហែង​ដល់​ស្ថិរភាព​នយោបាយ​ឬ​សង្គមឡើយ​ហើយ​យើង​លើក​ទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​គាំទ្រ​ដល់​យុវជន​កម្ពុជា​ក្នុងការ​បង្ហាញ​នូវ​កង្វល់របស់​ពួកគេ​ទៅលើ​បញ្ហា​ដែល​ពួកគេ​យកចិត្ត​ទុកដាក់។ ការ​សន្ទនា​ដោយ​សេរីនិង​បើក​ចំហ​គឺ​ជា​វិធី​ល្អ​បំផុត​ដើម្បី​បង្កើន​សន្តិភាព​និង​វិបុលភាព​បន្ថែម​ទៀត​ទាំងនៅ​ក្នុងប្រទេស​កម្ពុជា​និងក្នុង​តំបន់​របស់​យើង»។

ក្រោយ​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ខាងលើ​នោះ​លោក​ឧត្តម​សេនីយ៍​ឯក​ ឆាយ គឹមខឿន ​អ្នក​នាំ​ពាក្យ​របស់​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ បាន​ប្រាប់​សារព័ត៌មាន ​Freshnews​ ថា​ពួក​គេ​ជា​ក្រុម​ភេរវករ ដែល​ទទួល​បាន​ថវិកា​ពី​បរទេស។

នៅ​ថ្ងៃ​អង្គារ​នេះ​ផង​ដែរ សារព័ត៌មាន​ Freshnews ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល បាន​បង្ហោះ​វីដេអូ​ មួយ​ប្រមាណ​៨នាទី ដែល​លើក​ឡើង​អំពី​ការ​សន្ទនាគ្នា​តាម​ប្រព័ន្ធ​ Zoom ដែល​អះអាង​ថា​ជា​ការ​សន្ទនា​រវាង​លោក Alejandro Gonzalez Davidson និង​សកម្ម​ជន​បរិស្ថាន​ទាំង​៣នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន។ ក្នុង​វីដេអូ​នោះ ក៏​មាន​ការ​និយាយ​អំពី​ព្រះ​មហាក្សត្រ​និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ។

អ្នកនាំពាក្យ​អយ្យការ​របស់​តុលាការ​រាជធានី​ភ្នំពេញ​លោក ប្លង់ សុផល​ បដិសេធ​មិន​ផ្តល់​ការអធិប្បាយ​លើ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ទៅ​លើ​សកម្មជន​បរិស្ថាន​ទាំង​៣​នាក់​នៃ​ចលនាមាតា​ធម្មជាតិ។ អ្នក​នាំពាក្យ​មួយ​រូប​ទៀត​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី​ រិន្ទ​មិន​ឆ្លើយសំណួរ​តាមប្រព័ន្ធ​ទំនាក់ទំនង​ Telegram។

រូប​ឯកសារ៖ លោក ​Alejandro Gonzalez Davidson ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ។ (រូបភាព​ដក​ស្រង់​ចេញ​ពី​ទំព័រហ្វេសប៊ុក​ Alejandro Gonzalez Davidson)

អ្នកស្រី ដួង​ រី អាយុ​៥៩​ឆ្នាំ​ម្តាយ​បង្កើត​របស់​កញ្ញា ស៊ុន រដ្ឋា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​កិច្ចការ​គាំពារ​បរិស្ថាន​មិន​មែន​ជា​អំពើ​ឧក្រិដ្ឋ​នោះទេ។ អ្នកស្រី​ស្នើ​ឲ្យអាជ្ញាធរ​ពិចារណា​ដោះលែង​កូនស្រី​របស់​អ្នកស្រី​ឲ្យ​មាន​សេរីភាព​វិញ។

អ្នកស្រី​បាន​អំពាវនាវ​ថា៖ «ខាង​អាជ្ញាធរ​ហ្នឹង​ជួយ​ដោះលែង​កូន​ខ្ញុំទៅ​កូនខ្ញុំ​អត់​មាន​ខុស​អីផង»។

លោក សំ​ សុគង់​មេធាវី​ការពារ​ក្តីឲ្យ​សកម្មជន​បរិស្ថាន​ដែលរងការ​ចោទ​ប្រកាន់​សុំមិនផ្តល់​ការ​អធិប្បាយ​ទៅលើ​ដំណើរ​អង្គហេតុ​ដែល​ឈាន​ដល់​ការ​ចោទប្រកាន់កូនក្តី​របស់​លោក​ដោយ​លើក​ហេតុ​ផល​ថា​សំណុំ​រឿង​កំពុង​ស្ថិត​ក្រោម​ការស៊ើប​អង្កេត​បន្ថែម​របស់​តុលាការ។​

កាលពី​ថ្ងៃ​ទី​១៦​ខែមិថុនា​សកម្មជនបរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​៣​នាក់ ដែល​រួមមាន​កញ្ញា ស៊ុន​រដ្ឋា​ អាយុ​២៦ឆ្នាំ​ លោក លី ចាន់ដារ៉ាវុទ្ធ ​អាយុ​២២ឆ្នាំ​លោកយីម លាងហ៊ី​ អាយុ​៣២ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​តាមដីកា​របស់​តុលាការ​រាជធានី​ភ្នំពេញ​។ ដីកា​បញ្ជាក់ថា​ ការ​ចាប់​ខ្លួន​ដើម្បី​ឲ្យពួកគេ​មកបង្ហាញ​ខ្លួន​នៅ​នាយកដ្ឋាន​សន្តិសុខ​កណ្តាល​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រោយ​ពី​នាយកដ្ឋាន​នេះ​បាន​បញ្ជូន​របាយការណ៍​មួយ​ចុះថ្ងៃ​ទី​១២ ខែមិថុនា​ទៅ​តុលាការ​រាជធានី​ភ្នំពេញ។

ក្រុមអ្នក​ការពារ​សិទ្ធិមនុស្ស​មួយ​ចំនួន​បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ចាប់ខ្លួន​សកម្មជន​បរិស្ថាន​ខាងលើ។ អង្គការ​លីកាដូ​ថ្លែង​ថា​ការចាប់ខ្លួន​នេះ​ទំនង​អាច​ពាក់ព័ន្ធ​នឹងសកម្មភាព​របស់​ពួកគេ​ក្នុងការ​ចងក្រង​ឯកសារ​អំពីការ​បង្ហូរ​ទឹក​ស្អុយ​ចូល​ទៅ​ក្នុង​បឹង​ទន្លេ​សាប​នៅក្នុង​ខណ្ឌ​ដូនពេញ​រាជធានី​ភ្នំពេញ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Human Rights Watch ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​ជា​បន្ទាន់​ការចោទ​ប្រកាន់​ពីបទ​រួមគំនិត​ក្បត់​និងការ​ប្រមាថ​ព្រះ​មហាក្សត្រ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។

នាយករង​អង្គការឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​តំបន់​អាស៊ី​លោក​ Phil Robertson ថ្លែង​ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ «រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​យុទ្ធនាការ​របស់ខ្លួន​ដើម្បី​បំបិទ​សំឡេង​សកម្មជន​ដែលធ្វើការតស៊ូ​មតិ​ដោយ​សន្តិវិធី​ដើម្បី​ការពារ​បរិស្ថាន»។

គួរ​បញ្ជាក់​ថា​កាល​ពី​ដើម​ខែ​ឧសភា​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារសកម្មជន​បរិស្ថាន​៤​នាក់និង​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​ផង​ដែរ ឲ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​១៨​ខែ​ដល់​២០​ខែ​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​ពួក​គេ​ក្នុង​ការ​ការពារ​បរិស្ថាន​កាលពី​ពេល​កន្លង​មក។ ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍»៕