ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​ទូត​អូស្រ្តាលី​បារម្ភ​អំពី​ការ​រឹត​ត្បិត​​សិទ្ធិ​សេរីភាព​នយោបាយ​នៅ​កម្ពុជា


តំណាង​ស្ថានទូត​អូស្រ្តាលី​ប្រចាំ​នៅ​កម្ពុជា លោក Luke Arnold (ឆ្វេង) ជួបប្រជុំ​ជាមួយ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១។ (រូបថត​ពី​ Facebook/Australian Embassy, Cambodia)

តំណាង​ស្ថាន​ទូត​អូស្រ្តាលី​ប្រចាំ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ច័ន្ទ បាន​លើក​ឡើង​អំពី​ក្តី​ព្រួយ​បារម្ភ​មួយ​ចំនួន​ទាក់​ទង​នឹង​សិទ្ធិ​សេរី​ភាពនយោ​បាយ​ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​នៃ​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល។

នេះ​ជាកិច្ច​ប្រជុំ​រវាង​លោក Luke Arnold ភារធារី​នៃ​ស្ថាន​ទូត​អូស្រ្តាលី​ប្រចាំ​កម្ពុជា​និង​ប្រធាន​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​លោក​ កែវ រ៉េមី។

ក្រោយ​កិច្ច​ប្រជុំ ភាគី​ទាំង​ពីរ​បាន​ចេញ​សេចក្តី​ប្រកាសអំពី​លទ្ធផល​នៃ​ជំនួប​នេះ​រៀងៗ​ខ្លួន។

គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​លើក​ឡើង​ថា​អូស្រ្តាលី​បាន​ប្តេជ្ញា​បន្ត​ជួយ​កម្ពុជា ​ជា​ពិសេស​ដំណើរ​ការ​រៀប​ចំ​សេចក្តី​ព្រាង​ច្បាប់​នៃ​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ។

លោក ​ជិន ម៉ាលីន ​អនុ​ប្រធាន​និង​ជាអ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​ប្រាប់ ​VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ភាគី​អូស្រ្តាលីបាន​បង្ហាញ​នូវ​ការ​បារម្ភ​មួយ​ចំនួន​ផង​ដែរ​អំពី​ស្ថាន​ការណ៍​នយោបាយ​បច្ចុប្បន្ន​និង​សិទ្ធិ​សេរី​ភាព​ផ្នែក​នយោបាយក្នុង​ប្រទេស​កម្ពុជា​។ លោក​បន្ថែម​ថា​ជា​ការ​ឆ្លើយ​តប​នឹង​ការ​បារម្ភ​នេះ លោក​ កែវ រ៉េមី ​ប្រធាន​គណៈ​កម្មាធិ​ការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បក​ស្រាយ​និង​បំភ្លឺ​ទៅ​កាន់​ភាគី​អូស្រ្តាលី។

លោក ​ជិន ម៉ាលីន ​បញ្ជាក់​ថាការ​លើក​ឡើង​របស់​តំណាង​ទូត​អូស្រ្តាលី​ជា​ការបង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​គេ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​លោក​ថា​មិន​មាន​ជា​ការ​ស្នើ​សុំ ​ឬ​ដាក់​សម្ពាធ​អ្វី​មក​លើ​កម្ពុជា​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ពាក់​ព័ន្ធ​នឹង​ស្ថាន​ការណ៍​នយោ​បាយ​ហ្នឹង មិន​មាន​ការ​ដាក់​សម្ពាធ ឬ​ក៏​ការ​ស្នើ​សុំ ឬ​ក៏ការ​រិះគន់​អី​ទេ គ្រាន់​តែបង្ហាញ​ទស្សនៈ​នៃ​ការ​យល់​ឃើញ​របស់ខាង​អូស្រ្តាលី ហើយ​យើង​ក៏​បង្ហាញ​នូវការ​បំភ្លឺ​និង​តថ​ភាព​ពិត​ជាក់​ស្តែង​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​សិទ្ធិ​ទាំង​អស់​នេះ ដោយ​ផ្អែក​ទៅ​លើ​ទិដ្ឋភាព​ច្បាប់ ទិដ្ឋភាព​សិទ្ធិ​មនុស្ស​ ទិដ្ឋភាព​នយោ​បាយ​ ប្រវត្តិសាស្រ្ត​ បរិបទ​សង្គម​កម្ពុជា​ជាដើម។ល។​»។

ចំណែក​ស្ថាន​ទូត​អូស្រ្តាលី​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា​មន្រ្តី​ស្ថាន​ទូត​បាន​ជួបជាមួយ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា រួម​ទាំង​មន្រ្តី​ជាន់​ខ្ពស់​ដទៃ​ទៀត ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​ទទួល​បាន​បច្ចុប្បន្នភាព​ពី​សំណើ​សុំ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​មួយ​ដែល​ឯករាជ្យ​។

បើ​តាម​ស្ថាន​ទូត ​លោក ​Luke Arnold ​ភារ​ធារី​របស់​ស្ថាន​ទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​៖ «វា​ទាម​ទារ​ឲ្យមាន​ការ​កែ​លម្អ ដើម្បី​ធានា​ថា​ប្រទេស​កម្ពុជា​គោរព​តាម​កាតព្វ​កិច្ច​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​ដោយ​ស្ម័គ្រ​ចិត្ត រួម​ទាំង​សេរី​ភាព​នយោ​បាយ សេរី​ភាព​ខាង​សមាគម និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​»។

ស្ថានទូត​បញ្ជាក់បន្ថែម​ថា​៖ «​លោក Arnold ក៏​បាន​កត់​សម្គាល់​ពី​វឌ្ឍន​ភាព​របស់​គណៈ​កម្មាធិការ[សិទ្ធិ​មនុស្ស​កម្ពុជា​] លើ​ការ​អភិវឌ្ឍ​សេចក្តីព្រា​ងច្បាប់ដែល​បាន​ស្នើ​ឡើង សម្រាប់​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​របស់​កម្ពុជា ក៏​ដូច​ជា​ភាព​ចាំបាច់​សម្រាប់​ស្ថាប័ន​នេះ ដើម្បី​អនុវត្ត​តាម​គោល​ការណ៍​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ស្តី​ពី​ស្ថាប័ន​សិទ្ធិ​មនុស្សជា​តិ ដែល​រួម​មាន​ឯករាជ្យ​ភាព​ពិត​ប្រាកដ​ពី​រដ្ឋា​ភិបា​ល អំណាច​ និង​ធន​ធាន​គ្រប់​គ្រាន់​និង​សមាជិក​ភាព​ចម្រុះ​»។

VOA​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ស្ថាន​ទូត​អូស្រ្តាលី​ប្រចាំ​នៅ​កម្ពុជា​តាម​សារ​អេឡិចត្រូនិច​Email​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក​ ជិន ម៉ាលីន អ្នក​នាំពាក្យ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​ថា​វឌ្ឍន​ភាព​នៃ​ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ ដែល​មាន​ភាគី​អូស្រ្តាលី​ចូល​រួម​ជួយ​ផ្តល់​យោ​បល់ គឺ​ក្រុម​ការងារ​បាន​បញ្ចប់​រួច​ហើយ​នូវ​សេចក្តី​ព្រាង​ដំបូង និង​កំពុង​រៀប​ចំ​នូវ​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ជា​បន្ត​បន្ទាប់​ទៀត​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

គួរ​បញ្ជាក់​ថា​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ តំណាង​ស្ថាន​ទូតបរទេស​នានា​ក៏​បាន​ចេញ​មុខ​ជួប​លោក កឹម សុខា មេដឹកនាំគណបក្ស​សង្រ្គោះជាតិ​ដែល​កំពុង​ជាប់​បណ្តឹង​តុលាការ​ក្នុង​សំណុំ​រឿង«​ក្បត់​ជាតិ» ដែល​សវនាការ​ត្រូវ​បាន​ពន្យារ​ពេល​ដោយ​មិន​មាន​ការ​កំណត់។

កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ២០២១ ​លោក​ កឹម សុខា​ បាន​ជួប​ជាមួយ​លោក ​Pablo Kang ឯក​អគ្គ​រដ្ឋ​ទូត​នៃ​ប្រទេស​អូស្ត្រាលី។ នេះ​បើ​តាម​ហ្វេស​ប៊ុក​របស់​លោក។ ចំណែក​កាល​ពីថ្ងៃ​ទី​១១ ខែ​មិថុនា​ លោក កឹម សុខា ក៏​បាន​ជួប​ជាមួយ​តំណាង​ទូត​បារាំង ​នៅ​ស្ថាន​ទូត​បារាំង​ក្នុង​រាជ​ធានី​ភ្នំពេញ។ លោក​ក៏​បាន​ជួប​ជាមួយ​ឯក​អគ្គរដ្ឋទូត​អាល្លឺម៉ង់​ផង​ដែរ​។

លោក កឹម សុខា បាន​បញ្ជាក់​នៅ​ក្នុង​សារ​លើ​ហ្វេស​ប៊ុក​របស់​លោក​ថា៖ «សូម​អរគុណ​ប្រទេស​ប្រជាធិប​តេយ្យ​ជា​មិត្ត​របស់​កម្ពុជា​ដែល​នៅ​តែ​ផ្តល់​តម្លៃ​ឲ្យ​ខ្ញុំ និង​ដែល​នៅ​តែ​បន្ត​ជួយ​ដល់​ប្រទេស​កម្ពុជានិង​ប្រជាពល​រដ្ឋ​ខ្មែរ​ តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្តី​ពី​កម្ពុជា ២៣ តុលា ១៩៩១​»។

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោ​បាយ​និង​ជា​អ្នក​តាម​ដាន​សង្គម​មួយ​រូប​មាន​ប្រសាសន៍​ថា​ចាប់​តាំង​ពី​មាន​ទស្សន​កិច្ច​របស់​អនុ​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក អ្នកស្រី Wendy Sherman​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ដើម​ខែ​មិថុនា សហ​គមន៍​អន្ត​រជាតិ​ហាក់​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ស្ថាន​ការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។ លោក​បន្ថែម​ថាប្រសិន​បើ​សហគមន៍​អន្តរ​ជាតិ​មាន​ការ​លើក​ឡើង​អំពី​បញ្ហា​នយោបាយ​និង​សិទ្ធិ​មនុស្ស​កាន់​តែ​ខ្លាំង​ឡើង នោះ​វា​អាច​ជា​សម្ពាធ​មួយ​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​បើ​សិន​ជា​យន្ត​ការ​នេះ សហ​គមន៍​អន្តរ​ជាតិ​នាំ​គ្នា​ឈឺ​ឆ្អាល​ច្រើន ខ្ញុំ​គិត​ថា​លម្ហ​សេរីភាព​ វា​អាច​ងាកទៅ​រក​ស្ថានភាព​[ដូច]​ពី​មុន​វិញ។ ទោះ​បីជា​ចង់​រឹត​ត្បិត ឬ​មួយ​ក៏​ចង់​បំបិទបាន ក៏​មិន​អាច​បិទ​បាន ពី​ព្រោះ​កម្ពុជា​មិន​អាច​រស់​នៅ​តែ​ឯង​ទេ​។ វា​ត្រូវ​ផ្សារ​ភ្ជាប់ជាមួយ​បណ្តា​ប្រទេស​ដទៃទៀត»។

លោក​បន្ថែម​ថា​រូបភាព​នៃ​ជំនួប​រវាង​តំណាង​ទូត​បរទេស​ជាមួយ​លោក កឹម សុខា ជា​បន្ត​បន្ទាប់​បង្ហាញ​ថា​អន្តរ​ជាតិនៅ​ឲ្យ​តម្លៃ​ និង​ទទួល​ស្គាល់​លោក កឹម សុខា ជា​អ្នក​នយោបាយ​ស្រប​ច្បាប់ គ្មាន​ទោស​ពៃរ៍​និង​មិន​យល់​ស្របតាម​តុលាការ​កម្ពុជា​នោះ​ទេ៕

XS
SM
MD
LG