ប្រទេស​កូរ៉េ​ទាំង​ពីរ​ពិភាក្សា​គ្នា​អំពី​កីឡា​អូឡាំពិក​រដូវ​រងា

សមាជិក​នៃ​ក្រុម​តន្ត្រី Moranbong សម្តែង​នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នា២០១២។

គណៈប្រតិភូ​មក​ពី​ប្រទេស​កូរ៉េ​ទាំង​ពីរ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ​ដើម្បី​ពិភាក្សា​លំអិត​អំពី​ការ​បញ្ជូន​ក្រុម​សម្ដែង​សិល្បៈ​មួយ​ក្រុម​ទៅ​ចូលរួម​នៅ​ក្នុង​កីឡា​អូឡាំពិក​រដូវ​រងា​ដែល​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ជំនួប​ដែល​ធ្វើ​ឡើង​នៅ​ភូមិ Panmunjom ស្ថិត​នៅ​ព្រំដែន​រវាង​កូរ៉េ​ទាំង​ពីរ​នេះ ផ្ដោត​លើ​ការ​រៀបចំ​ពេល​វេលា​ចូលរួម​សម្រាប់​ក្រុម​តន្ត្រី Moranbong ដ៏​ល្បី​ឈ្មោះ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ដែល​មាន​សមាជិក​សុទ្ធតែ​ជា​ស្ត្រី ហើយ​សមាជិក​របស់​ក្រុម​នេះ​ត្រូវ​គេ​រាយការណ៍​មក​ថា ត្រូវ​បាន​ជ្រើសរើស​ដោយ​ផ្ទាល់​ដោយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un។

កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​ថា គណៈប្រតិភូ​របស់​ខ្លួន​ដែល​នឹង​ចូលរួម​នៅ​ក្នុង​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ក្នុង​ទីក្រុង Pyeongchang ប្រទេស​កូរ៉េ​ខាង​ត្បូង​នេះ មាន​ដូចជា អ្នក​សិល្បៈ មន្ត្រី​រដ្ឋាភិបាល អ្នក​សារព័ត៌មាន កីឡាករ​ជា​ដើម។

ក្រសួង​បង្រួបបង្រួម​កូរ៉េ​ទាំង​ពីរ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​ថា ចំនួន​គណៈប្រតិភូ​កូរ៉េ​ខាង​ជើង​នឹង​ពិភាក្សា​បញ្ចប់​នៅ​ពេល​ដែល​កូរ៉េ​ខាង​ជើង​ជួប​ជាមួយ​គណៈកម្មាធិការ​កីឡា​អូឡាំពិក​អន្តរជាតិ​នៅ​ថ្ងៃ​ទី ២០ ខែ​មករា​ខាង​មុខ​នេះ។

វិធានការ​បែប​សម្រុះសម្រួល​របស់​កូរ៉េ​ខាង​ជើង​នា​ពេល​ថ្មីៗ​នេះ​ពាក់ព័ន្ធ​នឹង​កីឡា​អូឡាំពិក ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ទូទៅ​ថា​ជា កិច្ច​ប្រឹងប្រែង​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង ក្រោយ​ពី​ខ្លួន​បាន​សាកល្បង​នុយក្លេអ៊ែរ និង​គ្រាប់​ផ្លោង​មីស៊ីល​កាល​ពី​ឆ្នាំ​មុន៕