សភាដែលមានសំឡេងគណបក្សប្រជាជនកម្ពុជាភាគច្រើនមិនបានផ្តល់ការគាំទ្របេក្ខភាពលោកស្រីមូរ សុខហួរ និងលោកយឹម សុវណ្ណដឹកនាំគណកម្មការសភាទេ។
អ្នកទាំងពីរដែលធ្លាប់រិះគន់រដ្ឋាភិបាលឥតសំចៃចំនួនពីររូបជាធនធានមនុស្សយ៉ាងសំខាន់របស់គណបក្សសង្គ្រោះជាតិ ត្រូវបានសមាជិករដ្ឋសភាបោះឆ្នោតមិនផ្តល់សេចក្តីទុក្ខចិត្តឲ្យដឹកនាំគណៈកម្មការជំនាញទី៨ និងទី១០របស់រដ្ឋសភាទេ។ ក៏ប៉ុន្តែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានអះអាងដូចៗគ្នាថា លទ្ធផលដែលកើតចេញពីការបោះឆ្នោតនេះមិនជះឥទ្ធិពលដល់កិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរកាលពីខែកក្កដានោះទេ។
សមាជិករដ្ឋសភា ដែលមានវត្តមានចំនួន១២២រូប បានបោះឆ្នោតជាសម្ងាត់ដោយសំឡេងគាំទ្រលោកស្រីមួរ សុខហួរចំនួន៥៦សំឡេង មិនយល់ព្រមចំនួន៦៣សំឡេង និងអនុបវាទចំនួន៣សំឡេង។ ចំណែកលោកយឹម សុវណ្ណទទួលបានសំឡេងឆ្នោតគាំទ្រចំនួន៥៦ មិនគាំទ្រចំនួន៦១ អនុបវាទ៣សំឡេង។
ឆ្លងតាមលទ្ធផលបោះឆ្នោតនេះ លោកហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសថា លោកស្រី មួរ សុខហួរ និងលោកយឹម សុវណ្ណមិនបានជាប់ឆ្នោតជាសមាជិកគណៈកម្មការជំនាញទី៨និងទី១០របស់រដ្ឋសភាទេ។
លោកនិយាយថា៖ «សន្លឹកឆ្នោតមិនយល់ព្រម៦៣សំឡេង សន្លឹកឆ្នោតអនុបវាទចំនួន៣សំឡេង មោឃៈសូន្យ។ អាស្រ័យហេតុនេះលោកជំទាវមួរ សុខហួរមិនជាប់ឆ្នោតបានទេក្នុងសមាជិកគណៈកម្មការ»។
ក៏ប៉ុន្តែកូតាប្រធានគណៈកម្មការទី៨គឺគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនេះ ត្រូវរដ្ឋសភាសម្រេចឲ្យលោកស្រីកែ សុវណ្ណរ័ត្នមកជំនួសលោកស្រីមួរ សុខហួរវិញ។
ចំណែកគណៈកម្មការជំនាញទី១០គឺគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ ត្រូវបានរដ្ឋសភាសម្រេចតែងតាំងលោកហូរ វ៉ាន់ជំនួសលោកយឹម សុវណ្ណ។
ភ្លាមៗ ក្រោយពីលទ្ធផលបោះឆ្នោត ដែលបានបង្ហាញឲ្យឃើញថា លោកស្រីមួរ សុខហួរ និងលោកយឹម សុវណ្ណមិនទទួលបានសំឡេងគាំទ្រនោះ មេដឹកនាំគណបក្សធំៗទាំងពីរដែលមានអាសនៈក្នុងរដ្ឋសភាគឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោកឧបនាយករដ្ឋមន្ត្រីស ខេង លោកសម រង្ស៊ី និងលោកកឹម សុខាបាននិយាយគ្នាដោយផ្ទាល់មាត់ដើម្បីផ្សះផ្សារខាងផ្លូវចិត្ត ក្រោយពីសមាជិកដ៏សកម្មរបស់គណបក្សសង្គ្រោះជាតិចំនួន២រូបមិនត្រូវបានបោះឆ្នោតគាំទ្រ។
យោងតាមលទ្ធផលបោះឆ្នោតជ្រើសរើសគណៈកម្មការជំនាញទាំង១០រយៈពេលពីរថ្ងៃនេះ ខាងគណបក្សប្រជាជនកម្ពុជាវិញមិនមានបេក្ខជនឬក៏បេក្ខនារីណាម្នាក់ត្រូវបានសភាបោះឆ្នោតមិនគាំទ្រធ្វើជាសមាជិកគណៈកម្មការជំនាញរបស់រដ្ឋសភាទេ។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រាប់ក្រុមអ្នកកាសែតថា លោកមិនសូវពេញចិត្តនឹងលទ្ធផលនេះទេ។ លោកនិយាយថា លោកនឹងខិតខំប្រឹងប្រែងថែរក្សាកិច្ចព្រមព្រៀងនេះឲ្យបានយូរអង្វែង បើទោះបីលទ្ធផលនៃការបោះឆ្នោតមិនបានតាមការរំពឹងទុកក្តី។
លោកនិយាយថា៖ «ធ្វើឲ្យយើងមានការសោកស្តាយ តែយើងជំរុញឲ្យមានដំណោះស្រាយសមស្របទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដាឆ្នាំ២០១៤នេះ រវាងគណបក្សទាំងពីរ គឺជាសិទ្ធិរបស់គណបក្សសង្គ្រោះជាតិក្នុងការជ្រើសរើសបេក្ខជនប្រធាននៃគណៈកម្មការពីរដែលយើងមិនបានអុវត្តឲ្យបានពេញលេញទេ»។
យោងតាមកិច្ចព្រមព្រៀងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី២២ខែកក្កដា គណបក្សទាំងពីរបានព្រមព្រៀងគ្នារៀបចំក្បាលម៉ាស៊ីនរដ្ឋសភាដោយបែងចែកតួនាទីថ្នាក់ដឹកនាំក្នុងគណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភាតាមរូបមន្ត៧ទល់នឹង៦ ពោលគឺគណបក្សសង្គ្រោះជាតិត្រូវបានតំណែងអនុប្រធានទី១នៃរដ្ឋសភាដែលមានលោក កឹម សុខា បានតំណែងប្រធានគណៈកម្មការជំនាញចំនួន៥ និងអនុប្រធានគណៈកម្មការចំនួន៥។
លោកយឹម សុវណ្ណ សមាជិកសភាខាងគណបក្សសង្គ្រោះជាតិ មិនបានសម្តែងការសោយស្តាយទេ ក្រោយពីលោកមិនទទួលបានសំឡេងគាំទ្រពីសមាជិកសភា។
លោកនិយាយថា៖ «ខ្ញុំអត់មានអារម្មណ៍អ្វីទេ ពីព្រោះថា ទោះជាប្រជាពលរដ្ឋម្នាក់ក៏ខ្ញុំអាចបំពេញកាតព្វកិច្ចជូនប្រទេសជាតិ និងប្រជាពលរដ្ឋរបស់ខ្ញុំបានដែរ។ ទោះជាខ្ញុំជាតំណាងរាស្ត្រធម្មតាក៏ខ្ញុំនៅតែសប្បាយចិត្ត និងមានមោទនភាពដែលបានប្រជាពលរដ្ឋបោះឆ្នោតឲ្យខ្ញុំ ហើយខ្ញុំនឹងខិតខំបំពេញកាតព្វកិច្ចរបស់ខ្ញុំបន្តទៅទៀត»។
លោកឈាង វ៉ុន អ្នកតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភា មានប្រសាសន៍ថា ការបោះឆ្នោតជាប់ ឬធ្លាក់ជារឿងធម្មតា មិនមែនជាការរៀបចំទុកជាមុនទេ។
លោកមានប្រសាសន៍ថា សំឡេងឆ្នោតដែលមិនគាំទ្រលោកស្រី មួរ សុខហួរ និងលោកយឹម សុវណ្ណមិនមែនចេញមកពីគណបក្សប្រជាជនកម្ពុជាទេ។ សមាជិកសភាខាងគណបក្សសង្គ្រោះជាតិក៏មិនពេញចិត្តនឹងការដាក់ឈ្មោះបេក្ខនារី និងបេក្ខជនទាំងពីររូបនេះផងដែរ៕