នាវា​កងទ័ព​ជើង​ទឹក​ជប៉ុន​ពីរ​គ្រឿង​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ចុង​ខែ​កុម្ភៈ

រូប​ឯកសារ៖ ក្រុម​អ្នក​របាំ​ឥណ្ឌូណេស៊ី​ស្វាគមន៍​នាយវរសេនីយទោ Kazushige Nagai ​​នាយ​នាវា​​នៃ​នាវា​ចម្បាំង​ជប៉ុន JDS Setoyuki នៅ​រដ្ឋធានី​ហ្សាការតា កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០០៦។ (Reuters)

គម្រោង​ដំណើរ​ទស្សន​កិច្ច​របស់​កង​ទ័ព​ជើង​ទឹក​ជប៉ុន​មក​កម្ពុជា​នេះ​កើត​មាន​ឡើង​ជិត​មួយ​ខែ​ បន្ទាប់​ពី​ការ​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​របស់​នាវា​ចម្បាំង​បី​គ្រឿង​នៃ​កងទ័ព​ជើង​ទឹក​ចិន​ ដែល​បាន​ចូល​ចត​នៅ​​ខេត្ត​ព្រះ​សីហនុ​ កាល​ពី​​ខែ​មករា​​។​​

រដ្ឋាភិបាលប្រទេស​ជប៉ុន​បាន​ជូន​ដំណឹង​អំពី​ដំណើរ​ទស្សនកិច្ច​នៃនាវា​ចំនួន​ពីរ​គ្រឿង​របស់​កងកម្លាំង​ស្វ័យ​ការពារ​ជើង​ទឹក​ជប៉ុន​មក​ប្រទេស​កម្ពុជា​ចំនួន​បួន​ថ្ងៃ​ ដែល​ការណ៍​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​ទំនាក់ទំនង​យោធា​រវាង​ប្រទេសកម្ពុជា​ និង​ជប៉ុន។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​សប្តាហ៍​នេះ។​

សេចក្តី​ប្រកាស​ចុះ​ថ្ងៃ​ទី​៥​ខែ​កុម្ភៈ​ឆ្នាំ​២០១៩របស់​ស្ថានទូត​ជប៉ុន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ នាវា​ចំនួន​ពីររបស់​កងទ័ព​ជើង​ទឹក​ជប៉ុន​ ដែល​មាន​ឈ្មោះ​ថា «សេតូយុគិ»​ (Setoyuki) និង «ស៊ីម៉ាយុគិ»​ (Shimayuki ) ដឹកនាំ​ដោយ​វរនាវីឯក​ Yoshiyuki Nakagama មេ​បញ្ជាការ​កងពល​ធំ​ហ្វឹកហ្វឺន​លេខ​១​នៃ​កងកម្លាំង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​ នឹង​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា​ ចាប់​ពី​ថ្ងៃ​ទី​២៥​ដល់​២៨​ខែ​កុម្ភៈឆ្នាំ​២០១៩​ នៅ​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ហ្វឹកហ្វឺន​លើ​លំហ​សមុទ្រ។

សេចក្តី​ប្រកាស​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«គោលបំណង​នៃ​ដំណើរ​ទស្សន​កិច្ច​នេះគឺ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​មិត្តភាព​រវាង​ប្រទេស​ជប៉ុន​ និង​ព្រះ​រាជាណាចក្រ​កម្ពុជា​ តាម​រយៈ​កម្មវិធី​ផ្លាស់​ប្តូរ​ផ្សេងៗ​ ក៏​ដូច​ជា​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​នាយ​នាវិកកម្មសិក្សា​ចំនួន១០៩​រូបដែល​ទើប​បាន​បញ្ចប់​ការ​សិក្សា​ បាន​ស្វែង​យល់​អំពី​វប្បធម៌​ និង​វិស័យ​យោធា​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា»។​

ស្ថានទូត​ជប៉ុន​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ វរនាវីឯក ​Yoshiyuki Nakagama ​គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​រាជ​ធានី​ភ្នំពេញ​ ទី​ដែល​លោក​ចង់​ចូល​ជួប​សម្តែងការ​គួរ​សម​ជាមួយ​មេ​បញ្ជាការ​កងទ័ព​ជើង​ទឹក​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៦​ខែ​កុម្ភៈ។​ វរនាវី​ឯក​រូប​នេះក៏​នឹង​ធ្វើ​ទស្សន​កិច្ច​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​ សាលា​ខេត្ត​ព្រះសីហនុ​ និង​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ នៅ​ថ្ងៃ​ទី​២៥​ខែ​កុម្ភៈ​ផង​ដែរ។​

គម្រោង​ដំណើរ​ទស្សន​កិច្ច​របស់​កង​ទ័ព​ជើង​ទឹក​ជប៉ុន​មក​កម្ពុជា​នេះ​កើត​មាន​ឡើង​ជិត​មួយ​ខែ​ បន្ទាប់​ពី​ការ​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​របស់​នាវា​ចម្បាំង​បី​គ្រឿង​នៃ​កងទ័ព​ជើង​ទឹក​ចិន​ ដែល​បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ ខេត្ត​ព្រះ​សីហនុ​ រយៈ​ពេល​បួន​ថ្ងៃ​ដូចគ្នា​ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី​៩ដល់​ថ្ងៃ​ទី​១២​ខែ​មករាឆ្នាំ​២០១៩។

ឧត្តមនាវីឯក ទៀ សុខា​ មេ​បញ្ជាការ​រង​កងទ័ព​ជើងទឹក​របស់​ប្រទេស​កម្ពុជា​ បានបញ្ជាក់​ប្រាប់​អង្គភាព​ព័ត៌មាន​ Fresh News ​ថា​ នាវា​ចិន​ដែល​បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ព្រះសីហនុ​ រួម​មាន​«ទី១គឺនាវា​ឈ្មោះ PLANS WUHU​(FFG.529)​ មាន​បណ្តោយ​១៣៥​ម៉ែត្រ ​ទទឹង​១៦​ម៉ែត្រ​ ជម្រៅ​ទឹក​៦​ម៉ែត្រ​ ផ្ទុក​ជាង​បួន​ពាន់​តោន។ ទី​២​គឺ​នាវា​ឈ្មោះ ​PLANSHANDA​ (FFG.579)​មាន​បណ្តោយ​១៣៥​ម៉ែត្រ​ ទទឹង​១៦​ម៉ែត្រ ​ជម្រៅ​ទឹក៦​ម៉ែត្រ ​ផ្ទុក​ជាង​បួន​ពាន់​តោន។ ​ទី៣​គឺ​នាវា​ឈ្មោះ​PLANS DONG PING LAKE (AOR960)​ បណ្តោយ​១៧៩​ម៉ែត្រ ​ទទឹង​២៥​ម៉ែត្រ​ ​ជម្រៅ​ទឹក១០​ម៉ែត្រ​ ផ្ទុក​ជាង​ពីរ​ម៉ឺន​តោន»។​

លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ ​អ្នកវិភាគ​កិច្ចការ​តំបន់​ ​ មានប្រសាសន៍​ប្រាប់​ VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ វត្តមាន​របស់​នាវា​កងទ័ព​ជើង​ទឹក​ចិន​ និង​ជប៉ុន​នៅ​កម្ពុជា​ បានបង្ហាញ​ពី​ការ​កើន​ឡើង​នៃ​ការ​ប្រកួត​ប្រជែង​អំណាច​របស់​ប្រទេស​អាស៊ី​ទាំងពីរ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ។​

«កម្ពុជា​គឺ​ចំណុច​មួយ​ដែល​ប្រទេសមហា​អំណាច​នៅ​ក្នុង​តំបន់​ហ្នឹងកំពុង​តែ​យក​ទីតាំង​ហ្នឹង​ដើម្បី​ធ្វើការ​ប្រកួត​ប្រជែង​ ជាពិសេស​ រវាង​សហ​រដ្ឋ​អាមេរិក​ និង​ចិន​ ហើយ​យើង​ឃើញ​ថា​ ពេល​ថ្មីៗ​ហ្នឹង​ ជប៉ុន​ក៏​ខិតខំ​ប្រឹងប្រែង​ដែរ​ ដើម្បី​ធ្វើ​យ៉ាង​ណាគេ​ហៅ​ថា​ ទប់​ទល់​នូវ​ឥទ្ធិពល​ចិន​នៅ​កម្ពុជា​ហ្នឹង»។

លោក​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា៖​

«អ៊ី​ចឹង​ទេ​ ការណ៍​ដែល​នាវា​ចម្បាំង​របស់​ជប៉ុន​ចូល​មក​ចុះ​ចត​នៅ​ក្រុង​ព្រះ​សីហនុ​ហ្នឹងគឺ​ក្នុង​ន័យពហុភាគី​ផង​ បាន​ន័យ​ថា​ ដើម្បី​ជា​សញ្ញា​ផ្តល់​ទៅដល់​ប្រទេស​ចិន​ផងក៏​ដូច​ជា​ដើម្បី​ពង្រឹង​នូវទំនាក់​ទំនង​ទ្វេភាគី​កម្ពុជា​ និង​ជប៉ុនទាក់ទង​នឹង​វិស័យ​ សន្តិសុខ​លំហ​សមុទ្រ​ ហើយ​នឹង​វិស័យ​សន្តិសុខ​ និង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​ហ្នឹង​ បាទ»។

ការ​ចូល​សំចត​របស់​នាវាចិន​ និង​ជប៉ុន​នៅ​ដែន​សមុទ្រ​កម្ពុជា​ជា​បន្ត​បន្ទាប់​គ្នា​នេះ ​កើត​មាន​ឡើង​ នៅ​គ្រា​ក្រុមមន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​បរទេស​ និង​កិច្ច​ការ​សន្តិសុខ​សហ​រដ្ឋ​អាមេរិក​បាន​សម្តែងការ​ព្រួយ​បារម្ភ​ថា​ កម្ពុជា​អាច​ក្លាយ​ជា​ទីតាំង​សម្រាប់​ការ​ដាក់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​ចិន​នៅ​កម្ពុជា។​

កាល​ពី​ពាក់​កណ្តាល​ខែ​មករា​ឆ្នាំ​២០១៩​ ​លោក​ Joseph H. Felter ឧបការី​រង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាង​ត្បូង​ និង​អាស៊ី​អាគ្នេយ៍​ បានជំរុញ​ឲ្យ​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក​ កឹម សុខា​ មេ​ដឹកនាំ​បក្ស​ប្រឆាំង​ ​ហើយក៏​បាន​បង្ហាញ​ក្តី​បារម្ភ​ខ្លាច​ថា​«កម្ពុជា​អាច​ធ្លាក់​ចុះ​ក្នុង​អន្ទាក់​មូលដ្ឋាន​ទ័ព​របស់​ចិន»។

ដំណើរ​ទស្សន​កិច្ច​របស់​ឧបការី​រង​រូប​នេះធ្វើ​ឡើង​បន្ទាប់​ពី​សារ​ព័ត៌មាន​បរទេស​មួយ​ផ្សាយ​ថា​ ​កម្ពុជា​បាន​បើក​ផ្លូវ​ឲ្យ​មាន​ការ​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ​មួយ​នៅ​ក្នុង​ខេត្ត​កោះកុង​ ​ដែល​ទំនង​ជា​មាន​គោល​ដៅ​សម្រាប់​បម្រើ​ដល់​សកម្ម​ភាព​នាវាចរណ៍​របស់​កងទ័ព​ចិន។​

ថ្មីៗ​នេះ​ ​លោក​ ​Daniel Ray Coats​ ​នាយក​មន្ទីរ​ចារកម្ម​ជាតិ​អាមេរិកាំង​ ​បាន​បង្ហាញ​ក្ដី​បារម្ភ​អំពី​លទ្ធភាព​ដែល​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​អាច​មាន​វត្តមាន​នៅ​កម្ពុជា​ ដោយ​បាន​ភ្ជាប់​លទ្ធភាព​នេះ​ទៅ​ដល់​ការ​គ្រប់គ្រង​អំណាច​ផ្ដាច់​មុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​

ក្តី​បារម្ភ​របស់​ចារបុរស​រូប​នេះធ្វើ​ឡើង​ក្នុង​របាយ​ការណ៍​កម្រាស់​៤២​ទំព័រ​ ​ចេញ​ផ្សាយ​កាល​ពី​ខែ​មករា​ឆ្នាំ​២០១៩ ​ដែល​បានសំយោគ​ពី​ទិន្នន័យ​ប្រមូល​បាន​ពី​ទី​ភ្នាក់​ងារ​ស៊ើប​ការណ៍​ទាំងអស់​របស់​អាមេរិកក្នុង​ការ​ធ្វើ​ការ​វាយ​តម្លៃ​ពី​កម្រិត​នៃ​ការ​គំរាម​កំហែងដល់​សន្ដិសុខ​ជាតិ​របស់​សហ​រដ្ឋ​អាមេរិក។​

លោក​ ​Daniel Ray Coats​ អះអាង​ថា​ ​ការ​ធ្វើ​ដំណើរ​របស់​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការ​ដឹក​នាំ​ផ្ដាច់​ការ​ដែល​ស្ដែង​ចេញ​តាម​រយៈ​ការ​បន្ត​ស្ថិត​ក្នុង​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ការ​គ្រប់គ្រង​ទាំង​ស្រុង​របស់​គណបក្ស​មួយ​នេះ​ទៅលើ​ស្ថាប័ន​នីតិប្បញ្ញត្តិ​របស់​ជាតិ​នោះ​ ​បាន​បើក​ផ្លូវ​[​នូវ​អំណាច​]​ធ្វើ​វិសោធនកម្ម​ណា​មួយ​ ​ដែល​នៅ​ទីបំផុត​អាច​នាំ​ឱ្យ​មាន​វត្តមាន​យោធា​របស់​ចិន​នៅ​ក្នុង​ប្រទេស​មួយ​នេះ។

បញ្ហា​នៃ​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជាត្រូវ​បាន​លើក​ឡើង​ជា​លើក​ដំបូង​កាលពី​ខែ​មេសាឆ្នាំ​២០១៨​កន្លង​ទៅ​ ​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​សិក្សា​ជាន់​ខ្ពស់​លើ​កិច្ចការ​ការពារ​ជាតិ(C4ADS) ​ដែល​បាន​ភ្ជាប់​ក្រុម​ហ៊ុន​ ​Union​ ​Development​ ​Group​ ​ដែល​ជា​វិនិយោគិន​លើ​សំណង់​ហេដ្ឋារចនា​សម្ព័ន្ធ​ជាប់​មាត់​សមុទ្រ​ក្នុង​ខេត្ត​កោះកុង​របស់​ខ្មែរ​ ​ទៅ​នឹង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន។

យ៉ាង​ណា​ក៏​ដោយ ​ក្រុម​មន្ត្រី​ការពារ​ជាតិ​កម្ពុជា​ព្រម​ទាំង​មេដឹកនាំ​ប្រទេស​នេះគឺ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែនបាន​បដិសេធ​យ៉ាង​ដាច់​អហង្ការម្តង​ហើយ​ម្តង​ទៀត​ថា​ កម្ពុជា​គ្មាន​បំណងឲ្យ​កងទ័ព​ចិន​មក​តាំង​ទី​នៅ​កម្ពុជា​នោះ​ទេ ​បើ​មើលទៅ​លើ​ការ​កំណត់របស់​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​កម្ពុជា ដែល​ហាម​មិន​ឲ្យ​មាន​វត្តមាន​កងទ័ព​បរទេស។​

សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជាធ្វើ​នៅ​ថ្ងៃ​ទី​១​ខែ​កុម្ភៈឆ្នាំ​២០១៩​នេះបាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ របាយ​ការណ៍​របស់​មន្ទីរ​ចារកម្ម​ជាតិ​សហ​រដ្ឋ​អាមេរិក​ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​«បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​នូវ​ចេតនា​អាក្រក់​មួយក្នុង​ការ​ជ្រៀត​ជ្រែក​ដ៏​ធ្ងន់ធ្ងរ​ចំពោះកិច្ច​ការ​ផ្ទៃ​ក្នុង​របស់​រដ្ឋ​អធិបតេយ្យ​ និង​ជា​ការ​ប៉ុនប៉ង​បំផ្លាញ​ លាប​ពណ៌ឯករាជ្យ​ អព្យាក្រឹត្យ​អចិន្ត្រៃយ៍​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​ ទោះបី​ជា​មាន​ការ​បំភ្លឺ​ផ្លូវ​ច្បាប់​ និង​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​លាស់ម្តង​ហើយ​ម្តង​ទៀត​ពី​សំណាក់រាជ​រដ្ឋាភិបាលកម្ពុជា​ចំពោះ​វត្ត​មាន​កងទ័ព​បរទេស​ក៏​ដោយ»។​

នាយ​ឧត្តមសេនីយ៍​ ​លោក​ ឈុំ​ សុជាតិ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​មាន​ប្រសាសន៍​ថា​ ​លោក​មិន​ទាន់​មាន​ព័ត៌មាន​លម្អិតអំពី​គម្រោង​ដំណើរ​ទស្សន​កិច្ច​របស់​កង​ទ័ព​ជើង​ទឹក​ជប៉ុន​តាម​នាវា​ពីរ​គ្រឿង​មក​កម្ពុជា​នៅ​ឡើយ​ទេ​ ​តែ​លោក​ថា ​ដំណើរ​ទស្សន​កិច្ច​នេះអាច​ជា​ទស្សន​កិច្ច​លើក​ដំបូង​សម្រាប់​ប្រទេស​ជប៉ុន​ ​ខណៈ​ដែល​នាវា​ប្រទេស​ចិន​បាន​ចូល​មក​កម្ពុជា​ជា​ញឹកញាប់​រួច​មក​ហើយ​នោះ។​

លោក​បាន​ថ្លែង​បន្ត​ថា​ ​ការ​គ្រោង​ចូល​មក​សំចត​របស់​នាវា​កងទ័ព​ជើង​ទឹក​ប្រទេស​ជប៉ុន​នេះក៏​នឹង​មិន​មាន​ទំនាក់​ទំនង​ណា​មួយជា​មួយ​នឹង​សេចក្តី​រាយ​ការណ៍​ និង​របាយ​ការណ៍​នានា​ដែល​ចោទថា​ ​កម្ពុជា​ចង់​ឲ្យមាន​វត្តមាន​យោធា​ចិន​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​នោះ​ដែរ។

«អត់​ អត់​ទាក់​ទង​អី​ទេ​ អា​ហ្នឹង​នោះ។​ គ្រាន់​តែ​ថា​ ​គាត់​មក​ក្នុង​នាម​ផ្សេង។ អ៊ី​ចឹង​កុំ​អាល​វាយ​តម្លៃ​គាត់។​ ​ចំណុច​សំខាន់​ ​គាត់​មក​ដល់គាត់​ជួប​នរណា​ នរណី​សិន​ ចាំ​គិត​ទៀត។​ ជួន​កាលគាត់​មក គាត់​មាន​កម្មវិធីជួប​នរណា​នរណី ​គាត់​សួរ ហើយ​ ប៉ុន្តែ​ចំពោះ​មុខ​ ​យើង​ស្វាគមន៍​ចំពោះការ​ធ្វើ​ទស្សកិច្ចដើម្បី​បង្កើន​មិត្តភាព​របស់​ប្រទេស​ទាំង​ពីរ​សិន»។​

ទាក់​ទិននឹង​ការ​ចោទ​ថា​ កម្ពុជា​ចង់​ឲ្យ​មាន​វត្តមាន​យោធា​ចិននៅ​កម្ពុជា​នោះ​ លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ ​អ្នកវិភាគ​កិច្ចការ​តំបន់​ បាន​បន្ថែម​ថា​ កម្ពុជា​គ្មាន​ហេតុផល​ថា​ ដែល​ចង់​បាន​ការ​តាំង​មូលដ្ឋាន​កងទ័ព​បរទេស​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​នោះឡើយ ដោយ​ហេតុ​ថា​ កម្ពុជាមិន​បាន​ប្រឈម​មុខ​ការ​គំរាម​កំហែង​ខាង​យោធា​ពី​ប្រទេស​ជិត​ខាង​ខ្លួន​ ​រួម​មាន​ប្រទេស​ថៃ​ និង​វៀត​ណាម​ដែល​ធ្លាប់​ជា​សត្រូវ​របស់​ខ្លួន​កាល​ពី​អតីត​កាល​នោះ​ទេ។​

លោក​បាន​បន្ថែម​ថា​ កម្ពុជា​ក៏​គ្មាន​មហិច្ឆតា​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​ក្បែរ​ខាង​ខ្លួននោះ​ដែរ​ ហើយ​ថា​ កង​ទ័ព​កម្ពុជា​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​ទប់ទល់​ការ​វាយ​ប្រហារ​ខាង​យោធា​ណា​មួយ​នោះ៕