ស្ថានទូតបរទេសមួយចំនួនក្នុងប្រទេសកម្ពុជាបានបញ្ជាក់ថា ពួកគេនឹងមិនបញ្ជូនអ្នកសង្កេតការណ៍ផ្លូវការ ដើម្បីចូលរួមតាមដានការបោះឆ្នោតជាតិ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ឡើយ។
ពួកគេមិនបានបញ្ជាក់មូលហេតុចំៗនៃការមិនបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតឡើយ។ ប៉ុន្តែអ្នកតាមដានមើលថាស្ថានភាពនយោបាយ អវត្តមានមេដឹកនាំគណបក្សប្រឆាំង និងការកាត់ទោសមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ដាក់ពន្ធនាគារ២៧ឆ្នាំ កាលពីដើមខែមីនា អាចជាចំណុចដែលនាំឲ្យមានការសម្រេចចិត្តមិនបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត។
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ប្រាប់វីអូអេតាមសារអ៊ីមែលនៅថ្ងៃពុធនេះថា រដ្ឋាភិបាលជប៉ុនមិនមានគម្រោងក្នុងការបញ្ជូនអ្នកសង្កេតការណ៍ផ្លូវការណាឡើយមកប្រទេសកម្ពុជា។ ស្ថានទូតបន្ថែមថា បើទោះមិនទាន់មានការសម្រេចចិត្តចុងក្រោយ ស្ថានទូតកំពុងពិចារណាក្នុងការដាក់តែមន្រ្តីដែលជា«ភ្ញៀវពិសេស» ដែលនឹងទៅតាមទីតាំងបោះឆ្នោតមួយចំនួន ដើម្បីតាមដានក្រៅផ្លូវការ។
បើតាមស្ថានទូតជប៉ុន រដ្ឋាភិបាលជប៉ុនមិនមានគម្រោងណាមួយក្នុងការផ្តល់ជំនួយជាសម្ភារៈ និងការចំណាយផ្សេងទៀត សម្រាប់ការបោះឆ្នោតខាងមុខឡើយ។
ស្ថានទូតឲ្យដឹងថាទីភ្នាក់ងារអភិវឌ្ឍន៍របស់ជប៉ុនហៅកាត់ថា JICA កំពុងតែផ្តល់ជំនួយបច្ចេកទេសទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជួយដល់ការអប់រំសម្រាប់អ្នកបោះឆ្នោត។
ស្ថានទូតជប៉ុនបញ្ជាក់បន្ថែមថា៖ «រដ្ឋាភិបាលជប៉ុនគិតថា វាមានសារៈសំខាន់ដែលការបោះឆ្នោតទាំងអស់ត្រូវបានធ្វើឡើងដោយសេរី ត្រឹមត្រូវ ហើយយើងនឹងតាមដានស្ថានការណ៍ពាក់ព័ន្ធដោយយកចិត្តទុកដាក់ក្នុងប្រទេសកម្ពុជា»។
ចំណែកស្ថានទូតបារាំងប្រចាំនៅកម្ពុជាក៏បានបង្ហោះសារនៅលើប្រព័ន្ធ Twitter របស់ខ្លួននាថ្ងៃពុធនេះថា បារាំងមិនមានបំណងបញ្ជូនអ្នកសង្កេតការណ៍ទៅតាមដានការបោះឆ្នោតនាខែកក្កដាឡើយ។ ស្ថានទូតបន្ថែមថា រដ្ឋាភិបាលបារាំងនៅតែបន្តលើកទឹកចិត្តនៃការបង្កើតបរិយាកាសដែលអនុញ្ញាតឲ្យគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលដំណើរការដោយមិនមានឧបសគ្គ ដែលមានសារៈសំខាន់សម្រាប់ការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ។
ចំណែកអ្នកនាំពាក្យរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កញ្ញា Stephanie Arzate ប្រាប់វីអូអេនៅថ្ងៃពុធនេះថាសហរដ្ឋអាមេរិកជំរុញដំណើរការបោះឆ្នោតដែលមានការចូលរួមពីតួអង្គនយោបាយទាំងអស់ ហើយដែលប្រជាជនកម្ពុជាអាចរីករាយនឹងសិទ្ធិនយោបាយរបស់ពួកគេដោយសេរី។
កញ្ញាបញ្ជាក់តាមសារអ៊ីមែលថា៖ «យើងជំរុញឲ្យអាជ្ញាធរពង្រឹងប្រជាធិបតេយ្យដែលមានគណបក្សនយោបាយច្រើនក្នុងប្រទេសកម្ពុជា ដោយអនុញ្ញាតឲ្យមានមតិនយោបាយជំទាស់ ជំរុញការប្រកួតប្រជែងតាមរយៈការបោះឆ្នោតដែលមានការចូលរួមពីគ្រប់ភាគី សេរី និងយុត្តិធម៌ និងលើកកម្ពស់ការផ្លាស់ប្តូរយោបល់ដោយចំហ និងសេរី»។
អ្នកនាំពាក្យរូបនោះមិនបានបញ្ជាក់ចំៗថា តើអាមេរិកនឹងបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកកម្ពុជាឬយ៉ាងណា។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ប្រាប់វីអូអេថាការដាក់ ឬមិនដាក់អ្នកសង្កេតការណ៍របស់ស្ថានទូតបរទេសប្រចាំនៅកម្ពុជា ជាសិទ្ធិរបស់ពួកគេ និងថាវាមិនប៉ះពាល់ដល់ការបោះឆ្នោតនៅប្រទេសកម្ពុជាឡើយ។
លោកថ្លែងថា៖ «ការដាក់ឬក៏មិនដាក់ គឺជាសិទ្ធិនៃស្ថានទូតនោះទេ។ ខ្ញុំអត់ដែលបាននិយាយថាស្ថានទូតជប៉ុននឹងដាក់អ្នកសង្កេតការណ៍នោះទេ»។
លោកបន្ថែមថាការបោះឆ្នោតប្រព្រឹត្តទៅជាទៀងទាត់តាមច្បាប់ និងគន្លងនៃប្រជាធិបតេយ្យ ដែលធ្វើឡើង៥ឆ្នាំម្តង។
លោក កន សាវាង្ស មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លើកឡើងថាការបោះឆ្នោតដែលត្រូវបានគេទទួលស្គាល់ មិនអាស្រ័យលើការដាក់ឬមិនដាក់អ្នកសង្កេតការណ៍របស់ប្រទេសដទៃឡើយ ប៉ុន្តែវាផ្អែកទៅលើការអនុវត្តបទបញ្ជា នីតិវិធី ដែលស្របទៅតាមស្តង់ដារអន្តរជាតិ។
លោកបញ្ជាក់ថា៖ «អ៊ីចឹងសរុបមកវិញ រឿងការចូលរួមឬមិនចូលរួមរបស់បរទេស មិនមែនបង្ហាញពីភាពស្របច្បាប់ឬមិនស្របច្បាប់ទេ។ កាលណាបង្ហាញភាពស្របច្បាប់ សេរី យុត្តិធម៌ហ្នឹង វាជារឿងមួយផ្សេងមួយទៀត គេពិនិត្យមើលទៅលើគោលការណ៍នៃដំណើរការបោះឆ្នោតហ្នឹង។ ទៅតាមស្តង់ដា ទៅតាមរដ្ឋធម្មនុញ្ញ ទៅតាមច្បាប់ បទបញ្ជា នីតិវិធីមួយៗ ឬក៏ការគោរពទៅតាមកតិកា ឬក៏សន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស សិទ្ធិនយោបាយ»។
គួរបញ្ជាក់ថាកាលពីសប្ដាហ៍មុន មានការចាប់ខ្លួនសមាជិករបស់គណបក្សភ្លើងទៀនចំនួន៣នាក់ ដែលគណបក្សប្រឆាំងបានថ្កោលទោស និងចាត់ទុកជាការ«គំរាមកំហែងថ្មីមួយទៀត» ខណៈការបោះឆ្នោតថ្នាក់ជាតិ២០២៣ ខិតជិតមកដល់៕