ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្តី​ព្រួយ​បារម្ភ​កើន​ឡើង​អំពី​គុណភាព​​​និង​​ទំហំ​​​សេចក្តី​រាយការណ៍​ព័ត៌មាន​អំពី​ដំណើរការ​បោះឆ្នោត


សារព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​អំពី​ការ​បញ្ជា​របស់​រដ្ឋាភិបាល​ឲ្យបិទ​ការិយាល័យ​វីអូឌី។ (ស៊ុន ណារិន/វីអូអេ)
សារព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​អំពី​ការ​បញ្ជា​របស់​រដ្ឋាភិបាល​ឲ្យបិទ​ការិយាល័យ​វីអូឌី។ (ស៊ុន ណារិន/វីអូអេ)

សម្រាប់​កញ្ញា ខាន់ លក្ខិណា ការ​យក​សេចក្តី​រាយការណ៍​អំពី​ដំណើរការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពេលវេលា​មួយ​ដ៏​សំខាន់​នៅ​ក្នុង​អាជីព​ជា​អ្នក​សារព័ត៌មាន​ឯករាជ្យ​មួយ​រូប។ ក្រៅ​ពី​មាន​ឱកាស​សម្ភាសន៍​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត អ្នក​សារព័ត៌មាន​ស្ត្រី​រូប​នេះ​ក៏​ទទួល​បាន​ឱកាស​ចោទ​សួរ​សំណួរ​សំខាន់ៗ​ទៅ​កាន់​អ្នក​នយោបាយ និងមន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ ដើម្បី​ឆ្លុះ​បង្ហាញ​ពី​តម្លាភាព​និង​ភាព​ត្រឹមត្រូវ​នៃ​ដំណើរការ​បោះឆ្នោត។

ក៏ប៉ុន្តែ​ ចាប់តាំង​ពី​បរិបទ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​បាន​ផ្លាស់ប្តូរ គ្រា​ដែល​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​គណបក្ស​ប្រឆាំង​ដ៏​លេច​ធ្លោ​មួយ ត្រូវ​បាន​រំលាយ​កាលពី​ឆ្នាំ ២០១៧ មក ការ​បំពេញ​ការងារ​ជា​អ្នក​សារព័ត៌មាន​ដ៏​ឈ្មុសឈ្មុល​រូប​នេះ បាន​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន។

កញ្ញា ខាន់ លក្ខិណា អតីត​អ្នក​សារព័ត៌មាន​នៃ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​វីអូឌី​ (VOD) បាន​ប្រាប់​វីអូអេ​ថា កាល​ពេល​ដែល​កញ្ញា​ និង​ក្រុម​ការងារ​បាន​ចុះ​ធ្វើ​សេចក្តី​រាយការណ៍​អំឡុង​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ ​២០២២ កន្លង​ទៅ​នេះ​ ​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​បាន​តាម​ឃ្លាំមើល​លើ​កញ្ញា​ ហើយ​ថែមទាំង​តាម​ថត​កាត​សម្គាល់​ខ្លួន​ បើ​ទោះ​បី​ជា​កាត​នោះ​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា​ គ.ជ.ប និង​ក្រសួង​ព័ត៌មាន​ក្តី។

កញ្ញា​ថ្លែង​ថា៖ «ហើយ​មិនមែន​តែ​អំឡុង​ពេល​ឃោសនា​ទេ​ នៅ​អំឡុង​ពេល​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៅ​តាម​មណ្ឌល​ខ្លះ​ក៏​មាន​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​តាម​ថត​ និង​តាម​ឃ្លាំ​មើល​យើង​ផង​ដែរ​ ពីព្រោះ​អាហ្នឹង​ខ្ញុំ​គិត​ថា ​ជា​ការ​បំភិត​បំភ័យ​ដល់​អ្នក​សារព័ត៌មាន​ ទោះ​បី​ជា​យើង​មាន​កាត​ពី​ចេញ​ពី​ខាង​ គ.ជ.ប និង​ក្រសួង​ព័ត៌មាន​កន្លង​មក​ក៏​ដោយ‍»។

ទោះជា​យ៉ាងណាក្តី ​ក៏​កញ្ញា ខាន់ លក្ខិណា ​បាន​បន្ត​ថា​ ការ​ធ្វើ​សេចក្តី​រាយការណ៍​អំពី​ដំណើរ​ការ​បោះឆ្នោត​និង​អំឡុង​ពេល​បោះឆ្នោត ​ពិត​ជា​មានសារៈសំខាន់​ដល់​សាធារណជន​ ជាពិសេស​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត។ កញ្ញា​បន្ថែម​ថា​ ​ពលរដ្ឋត្រូវការ​ព័ត៌មាន​ដែល​គ្រប់​ជ្រុងជ្រោយ ​មុន​នឹង​សម្រេច​ចិត្ត​បោះឆ្នោត​ជ្រើសរើស​ថ្នាក់​ដឹកនាំ ​ដែល​ខ្លួន​ពេញចិត្ត។

កញ្ញា​ថ្លែង​ថា៖ «ប៉ុន្តែ​ប្រសិន​បើ​ពួកគាត់​មិន​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ទេ​ ពួកគាត់​នឹង​សម្រេច​ចិត្ត​បោះឆ្នោត​ហ្នឹង​គឺ​ខុស​ ហើយ​កាល​ណា​ខុស​ ក្តីកង្វល់​ និង​បញ្ហា​របស់​ពួកគាត់​ដែល​ពួកគាត់​រំពឹង​ថា​មេដឹកនាំ​ដែល​ពួកគាត់​ជ្រើសរើស​នឹង​ដោះស្រាយ​ឱ្យ​គាត់​ នឹង​មិនមាន​ដំណោះស្រាយ​ទេ​ ហើយ​អំពើ​អយុត្តិធម៌​នៅ​តែ​បន្ត​កើត​ឡើង​ចំពោះ​ពួកគាត់​បន្ត​ទៀត​ចា៎‍»។

កញ្ញា ខាន់ លក្ខិណា គឺជា​អ្នកសារព័ត៌មាន​ម្នាក់ក្នុង​ចំណោម​ជាច្រើន​នាក់ ដែលបាន​បាត់បង់​ការងារ បន្ទាប់​ពី​ស្ថាប័ន​សារព័ត៌មាន​វីអូឌី ត្រូវបាន​បិទ​ដោយ​ក្រសួង​ព័ត៌មាន​បាន​លុបចោល​អាជ្ញាបណ្ណ​របស់​ស្ថាប័ន​នេះ ពាក់ព័ន្ធ​នឹង​សេចក្តី​រាយការណ៍​ដ៏​ចម្រូងចម្រាស​មួយ​អំពី​លោក ហ៊ុន ម៉ាណែត បេក្ខជន​នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

រូបឯកសារ៖ បន្ទប់​ស្ទូឌីយោ​ថត​សំឡេង​នៅ​ស្ថាប័ន​សារព័ត៌មាន​វីអូឌី (VOD)ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពី​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​និយាយ​ថា VOD នឹង​ត្រូវបាន​ដកហូត​អាជ្ញា​បណ្ណ​ប្រតិបត្តិការ​របស់​ខ្លួន។
រូបឯកសារ៖ បន្ទប់​ស្ទូឌីយោ​ថត​សំឡេង​នៅ​ស្ថាប័ន​សារព័ត៌មាន​វីអូឌី (VOD)ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពី​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​និយាយ​ថា VOD នឹង​ត្រូវបាន​ដកហូត​អាជ្ញា​បណ្ណ​ប្រតិបត្តិការ​របស់​ខ្លួន។
ទិដ្ឋភាព​នៅក្នុង​បន្ទប់ផ្សាយ​របស់​វីអូឌី រាជធានីភ្នំពេញ នៅ​ពេល​អ្នកសារព័ត៌មាន​ និង​មន្រ្តីសង្គមស៊ីវិលមក​ពិនិត្យមើលនា​ថ្ងៃ​បិទការផ្សាយ។
ទិដ្ឋភាព​នៅក្នុង​បន្ទប់ផ្សាយ​របស់​វីអូឌី រាជធានីភ្នំពេញ នៅ​ពេល​អ្នកសារព័ត៌មាន​ និង​មន្រ្តីសង្គមស៊ីវិលមក​ពិនិត្យមើលនា​ថ្ងៃ​បិទការផ្សាយ។

ហេតុការណ៍​បិទ​ស្ថាប័ន​សារព័ត៌មាន​វីអូឌី ដែល​បាន​ចេញ​សេចក្តី​រាយការណ៍​ជាច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​រំលោភ​ដីធ្លី សកម្មភាព​កាប់ព្រៃឈើ​ខុសច្បាប់ និង​បញ្ហា​នយោបាយ​ បាន​កើត​ឡើងកាលពី​ដើមខែ​កុម្ភៈ ប្រមាណ​ប្រាំខែ​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ជ្រើស​រើស​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី ៧ នឹង​ឈាន​មក​ដល់​នៅ​ថ្ងៃទី ២៣ ខែ​កក្កដា​ខាង​មុខ​នេះ។

មន្រ្តី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គ​ការ​ខុម​ហ្វ្រេល (Comfrel) លោក កន សាវាង្ស ​យល់​ថា ការ​បាត់បង់​សារព័ត៌មាន​វីអូឌី​ (VOD) ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​នូវ​ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយ​ និង​ព័ត៌មាន​ផ្សេងៗ​ដែល​ទាក់ទង​ទៅ​នឹង​ការបោះឆ្នោត។

លោក​ថ្លែង​ថា៖ «​ការ​បាត់បង់​នូវ​វីអូឌី (VOD) គឺជា​ការ​បាត់បង់​នូវ​ប្រព័ន្ធ​ព័ត៌មាន​មួយ​ដែល​ឯករាជ្យ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្វះខាត​នូវ​ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រាន់​ ឬក៏​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ ឬក៏​ព័ត៌មាន​ផ្សេងៗ​ទៀត ​ទាក់ទង​នឹង​ការ​បោះឆ្នោត​ហ្នឹង ​គឺ​មាន​ការ​បាត់បង់​ព័ត៌មាន​ដែល​មិន​អាច​ទទួល​បាន​គ្រប់​ជ្រុងជ្រោយ‍»។

រូប​ឯកសារ៖ ទិដ្ឋ​ភាព​ទូទៅ​ថ្ងៃបោះឆ្នោតជ្រើសរើស​ក្រុមឃុំសង្កាត់ឃុំសង្កាត់នៅ​ការិយាល័យ​បោះ​ឆ្នោត​អូរ​តាគាំ១​ក្នុង​ក្រុង​បាត់​ដំបង នៅ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប​/​វីអូអេ)
រូប​ឯកសារ៖ ទិដ្ឋ​ភាព​ទូទៅ​ថ្ងៃបោះឆ្នោតជ្រើសរើស​ក្រុមឃុំសង្កាត់ឃុំសង្កាត់នៅ​ការិយាល័យ​បោះ​ឆ្នោត​អូរ​តាគាំ១​ក្នុង​ក្រុង​បាត់​ដំបង នៅ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប​/​វីអូអេ)

អ្នក​ជំនាញ​ខាង​ដំណើរការ​បោះឆ្នោត​រូបនេះ​បាន​បញ្ជាក់ថា​ ការ​ផ្តល់​ព័ត៌មាន​ដែល​មិន​លំអៀង​ពី​គណបក្ស​នយោបាយ​ណា​មួយ​ ទាំង​ចំណុច​ល្អ​ និង​ចំណុច​ខ្វះ​ខាត ជា​រឿង​មួយ​ដែល​ត្រឹមត្រូវ​ ពីព្រោះ​ប្រជាពលរដ្ឋ​អាច​យក​ទៅ​វិភាគ​ វាយតម្លៃ​ និង​ជ្រើសរើស​គណបក្ស​ដែល​ខ្លួន​ពេញចិត្ត​សម្រាប់​ការ​បោះឆ្នោត។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ប្រព័ន្ធ​ព័ត៌មាន​នេះ​គឺជា​លក្ខខណ្ឌ​មួយ​ ជា​គោលការណ៍​យ៉ាង​សំខាន់​ណាស់​ក្នុង​ដំណើរ​ការ​នៃ​ការបោះឆ្នោត ​ពីព្រោះ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុតិ្តធម៌​ក៏​មាន​និយាយ​អំពី​ប្រព័ន្ធ​ព័ត៌មាន​ដែរ​ ពីព្រោះ​ប្រព័ន្ធ​ព័ត៌មាន​នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​ គឺជា​ប្រព័ន្ធ​មួយ​ដែល​ផ្តល់​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ការវិភាគ​ ធ្វើការ​វាយតម្លៃ​ ទៅ​លើ​ការ​សម្រេចចិត្ត​របស់​ពួកគាត់‍»។

​លោក​លើកឡើងថា​ ការ​វាយតម្លៃ​ទៅ​ការ​បោះឆ្នោត​សេរី​ និង​យុត្តិធម៌​ ​មិន​ទាន់​អាច​វាយតម្លៃ​ជាមុន​បានទេ​ ប៉ុន្តែ​លោក​កត់សម្គាល់​ថា កង្វះ​សារព័ត៌មាន​ឯករាជ្យ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​អាច​ជះឥទ្ធិពល​អវិជ្ជមាន។

លោក​ថ្លែង​ថា៖ «រឿង​គោលការណ៍​សម្រាប់ទាក់ទង​នឹង​ការ​បោះឆ្នោត​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ្នឹង​ជា​រឿង​មួយ​ដែល​សំខាន់​ណាស់​បាទ​ ប៉ុន្តែ​ការ​វាយ​តម្លៃ​ទៅ​លើ​ការ​បោះឆ្នោត​ទាក់ទង​នឹង​សេរី​ យុត្តិធម៌​ អី​យ៉ាង​ម៉េច​ហ្នឹង​គឺ​យើង​មិន​ទាន់​វាយ​តម្លៃ​បាន​ទេ​នៅ​ពេល​នេះ​ណា​បាទ។ តែ​ប្រសិន​បើ​មិន​ខ្វះខាត​នូវ​ប្រព័ន្ធ​ព័ត៌មាន​ឯករាជ្យ​ មិនមាន​ព័ត៌មាន​ឯករាជ្យ​មាន​ន័យ​ថា វា​ជា​ការ​ខ្វះខាត​ព័ត៌មាន​មួយ​នៅ​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ហើយ»។

សម្រាប់​សង្គម​ប្រជាធិបតេយ្យ​ សារព័ត៌មាន​ឯករាជ្យ​និង​មាន​វិជ្ជាជីវៈដើរ​តួនាទី​យ៉ាង​សំខាន់ ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​បញ្ហា​សង្គម​ គោល​នយោបាយ​របស់​រដ្ឋាភិបាល​ និង​ចំណុច​ខ្វះខាត​ផ្សេងៗ​ដើម្បី​ឱ្យ​មាន​ការ​កែលម្អ​ និង​ការ​រីកចម្រើន។ នេះ​បើ​តាម​ការ​លើកឡើង​របស់នាយក​គ្រប់​គ្រង​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក​ អំ សំអាត។ ​

រូប​ឯកសារ៖ ផលិតករ​និង​អ្នក​បច្ចេកទេស​នៃ​កម្មវិធី​«តុមូល​វីអូឌី»​ធ្វើ​ការ​ពិនិត្យ​សំឡេង​និង​រូបភាព​វីដេអូ​ជា​ចុងក្រោយ មុន​នឹង​ផ្តល់​ភ្លើង​ខៀវ​តាមវិទ្យុទាក់ទង​អេកូម ​ទៅ​អ្នក​ស្រី​ លឹម ធីតា (ស្តាំ​បំផុត) ដែល​កំពុង​រង់​ចាំបើក​កម្មវិធី​នៅ​ក្នុង​បន្ទប់​ផ្សាយ​ ក្បែ​រលោក យី សុខសាន្ត មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត នៃ​អង្គការ​សិទ្ធិ​មនុស្ស អាដហុក ដែល​ជា​វាគ្មិន​មួយ​រូប​ក្នុង​ចំណោម​វាគ្មិន​បី​រូប​នៅ​ក្នុង​កម្មវិធី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩។ (ទុំ ម្លិះ/VOA)
រូប​ឯកសារ៖ ផលិតករ​និង​អ្នក​បច្ចេកទេស​នៃ​កម្មវិធី​«តុមូល​វីអូឌី»​ធ្វើ​ការ​ពិនិត្យ​សំឡេង​និង​រូបភាព​វីដេអូ​ជា​ចុងក្រោយ មុន​នឹង​ផ្តល់​ភ្លើង​ខៀវ​តាមវិទ្យុទាក់ទង​អេកូម ​ទៅ​អ្នក​ស្រី​ លឹម ធីតា (ស្តាំ​បំផុត) ដែល​កំពុង​រង់​ចាំបើក​កម្មវិធី​នៅ​ក្នុង​បន្ទប់​ផ្សាយ​ ក្បែ​រលោក យី សុខសាន្ត មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត នៃ​អង្គការ​សិទ្ធិ​មនុស្ស អាដហុក ដែល​ជា​វាគ្មិន​មួយ​រូប​ក្នុង​ចំណោម​វាគ្មិន​បី​រូប​នៅ​ក្នុង​កម្មវិធី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩។ (ទុំ ម្លិះ/VOA)

សម្រាប់​លោក ​ការ​ដក​អាជ្ញាបណ្ណវិទ្យុ​និង​សារព័ត៌មាន​វីអូឌី​ (VOD) ​ មិនមាន​អ្វី​ចម្លែក ពីព្រោះ​បញ្ហា​នេះ​ធ្លាប់​បាន​កើតឡើង​រួច​ទៅ​ហើយ​ កាល​ពី​ឆ្នាំ ២០១៧​ ដោយ​ពេល​នោះ​មាន​ប្រេកង់វិទ្យុ​ និង​សារព័ត៌មាន​អនឡាញ​មួយ​ចំនួន​ ក៏​ត្រូវ​ដក​អាជ្ញាបណ្ណ​ មុន​ការ​បោះឆ្នោត​ថ្នាក់ជាតិនៅ​ក្នុង​ឆ្នាំ​ ២០១៨។

លោក​ថ្លែង​ថា៖ «ឥឡូវ​គឺ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣​នេះ​ នៅ​ខែ​កក្កដា​នេះ​គឺ​យើង​ឃើញ​ថា​មាន​ការ​បិទ​វិទ្យុ​វីអូឌី (VOD) ​ អ៊ីចឹង​យើង​មើល​ទៅ​រឿង​វា​ប្រហាក់ប្រហែល​គ្នា​ទៅ​លើ​បញ្ហា​ទាំងអស់​ហ្នឹង​បាទ​អ៊ីចឹង​ខ្ញុំ​មើល​ទៅ​វា​ហាក់​ដូចជា​មិនចម្លែក​ទេ​បើ​យើង​ធៀប​ទៅ​ឆ្នាំ​២០១៧ ក្នុង​ការ​ដក​អាជ្ញាបណ្ណ​ប្រេកង់​វិទ្យុ​សារព័ត៌មាន​វេបសាយ​អនឡាញ​មួយ​ចំនួន»។

លោក​ អំ សំអាត បន្ត​ថា​ វីអូឌី (VOD) តែងតែ​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត​អាច​បញ្ចេញ​សំឡេង​របស់​ពួកគេ​ដើម្បី​ផ្ញើ​ជា​សំណូម​ពរ​ និង​ផ្សព្វផ្សាយ​បញ្ហា​ដែល​ពួកគេ​បាន​ជួប​ប្រទះ ​ដើម្បី​ឱ្យ​មាន​ជា​ដំណោះស្រាយ​ពី​សំណាក់​រដ្ឋាភិបាល។

លោក​ថ្លែង​ថា៖ «ប៉ុន្តែ​អ្វី​ដែល​យើង​មាន​ការ​សោកស្តាយ​នោះ ​គឺ​ខិត​ទៅ​រក​ការ​បោះឆ្នោត​ឆ្នាំ​ ២០២៣​ ខាងមុខ​ ដែល​វិទ្យុ​វីអូឌី​តែងតែ​ផ្តល់​ឱកាស​ឱ្យ​បងប្អូន​ម្ចាស់​ឆ្នោត​ក្នុង​ការ​បញ្ចេញ​សំឡេង​ ក្នុង​ការ​ផ្តាំផ្ញើ​នូវ​ទុក្ខកង្វល់​ បញ្ហា​ ឬ​ក៏​សំណូមពរ​ក្នុង​ការ​ដោះស្រាយ​ផ្សេងៗ​សម្រាប់​បញ្ហា​របស់​គាត់​ហ្នឹង​ក៏​ត្រូវ​បាន​បិទ​ទៅ​ហើយ​នូវ​វីអូឌី​ហ្នឹង​ទៀត‍»។

សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អង្គការ​សង្គមស៊ីវិល​ចំនួន​ ៥៧​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ បាន​បង្ហាញ​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ខ្លាំង​ទៅ​លើ​សេរីភាព​សារព័ត៌មាន​ និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ចាប់​តាំង​ពី​ពាក់កណ្តាល​ឆ្នាំ​ ២០១៧ ​មក។

កាសែត​ ឌឹខេមបូឌៀដេលី ដែល​ជា​កាសែត​មួយ​ក្នុង​ចំណោម​កាសែត​ឯករាជ្យ​ចេញ​ផ្សាយ​ប្រចាំ​ថ្ងៃ​ជា​ភាសាអង់គ្លេស​និង​ជា​ភាសាខ្មែរ​ត្រូវបង្ខំចិត្តបិទ​ទ្វារ។ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ត្រូវ​បាន​លក់​ចេញ​ កាល​ពី​ខែឧសភា ឆ្នាំ២០១៨ ទៅ​ពាណិជ្ជករ​ម្នាក់​ដែល​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក ​កាសែត​ភ្នំពេញប៉ុស្តិ៍​បាន​ឆ្លុះបញ្ចាំង​តែ​ពី​តួនាទី​របស់​រដ្ឋាភិបាល ​នៅ​ក្នុង​ការ​បោះពុម្ព​ផ្សាយ​របស់​ខ្លួន​ជាច្រើន។

រូប​ឯកសារ៖ កាសែត​ជា​ភាសាអង់គ្លេស ​The Cambodia Daily បាន​សម្រេច​បិទទ្វារ​ចាប់ពី​ចន្ទ​ ទី៤​ ខែកញ្ញា​នេះ​តទៅ​ បន្ទាប់​ពី​ប្រតិបត្តិការ​បោះពុម្ភផ្សាយ​នៅ​កម្ពុជា​អស់រយៈពេល​ ២៤ឆ្នាំ​និង​១៥ថ្ងៃ​ តាំងពី​ឆ្នាំ១៩៩៣​មក​ រាជធានីភ្នំពេញ​ ថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
រូប​ឯកសារ៖ កាសែត​ជា​ភាសាអង់គ្លេស ​The Cambodia Daily បាន​សម្រេច​បិទទ្វារ​ចាប់ពី​ចន្ទ​ ទី៤​ ខែកញ្ញា​នេះ​តទៅ​ បន្ទាប់​ពី​ប្រតិបត្តិការ​បោះពុម្ភផ្សាយ​នៅ​កម្ពុជា​អស់រយៈពេល​ ២៤ឆ្នាំ​និង​១៥ថ្ងៃ​ តាំងពី​ឆ្នាំ១៩៩៣​មក​ រាជធានីភ្នំពេញ​ ថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

កាលពី​ខែសីហា ឆ្នាំ ២០១៧ អាជ្ញាធរ​កម្ពុជា​បាន​បញ្ជា​ឱ្យ​បិទ​ប្រេកង់វិទ្យុ​អេហ្វអឹម ចំនួន​ ៣២​ ស្ថានីយ​នៅ​ទូទាំង​ខេត្ត​ចំនួន ​២០​ ដែល​ជា​ស្ថានីយ​ផ្សព្វផ្សាយ​បន្ត​ព័ត៌មាន​ភាសាខ្មែរ​របស់ វិទ្យុ​អាស៊ីសេរី វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (វីអូអេ) និងវិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (វីអូឌី)។ វិទ្យុ​អាស៊ីសេរី​បាន​បិទ​ការិយាល័យ​របស់​ខ្លួននៅ​រាជធានី​ភ្នំពេញ​ក្នុង​ខែកញ្ញា ឆ្នាំ ២០១៧ បន្ទាប់​ពី​ប្រតិបត្តិការ​អស់​រយៈពេល ២០ ឆ្នាំ​នៅ​កម្ពុជា។ ហើយ​ក្នុង​ ឆ្នាំ​ ២០២៣​ នេះ​ វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​វីអូឌី​ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​បញ្ជា​ឱ្យ​បិទ​នៅ​ជិត​ពាក់​កណ្តាល​ខែកុម្ភៈ​កន្លងទៅ។

ទោះជាយ៉ាងណាក្តី អ្នកនាំ​ពាក្យ​ក្រសួង​ព័ត៌មាន ​លោក​ មាស សុភ័ណ្ឌ ​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​ថា សិទិ្ធ​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ធានា​តាម​ច្បាប់​នៃ​របប​សារព័ត៌មាន​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ហើយ​អង្គភាព​សារព័ត៌មាន ​ក៏​ដូចជា​អ្នក​សារព័ត៌មាន​ត្រូវ​គោរព​ទៅ​តាម​ច្បាប់​ និង​វិជ្ជាជីវៈ​ឱ្យ​បាន​ហ្មត់ចត់​ ក្នុង​ពេល​ដែល​ធ្វើ​សេចក្តី​រាយការណ៍។

លោក​សរសេរ​ក្នុង​ន័យ​ដើម​ថា៖ «ហើយ​ចំពោះ​ការ​ធ្វើ​សេចក្ដី​រាយការណ៍​ ព័ត៌មាន​ ឬ​ការ​ចូល​យក​ព័ត៌មាន​នៅ​អំឡុង​ពេល​បោះឆ្នោត​ ក្រសួង​ព័ត៌មាន​លើក​ទឹកចិត្ត​ដល់​អ្នក​សារព័ត៌មាន ​ក៏ដូចជា​អង្គភាព​សារព័ត៌មាន​ទាំងអស់​ ត្រូវ​ចូលរួម​សហការ​ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ដោយ​អនុលោម​ទៅ​តាម​ច្បាប់​បោះឆ្នោត​ និង​ក្រម​សីលធម៌​ សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ដំណើរ​ការ​បោះឆ្នោត‍»។ ​

នៅ​ពេល​សួរ​ពាក់ព័ន្ធ​នឹង​កង្វះ​អ្នក​សារព័ត៌មាន​ឯករាជ្យ​ បន្ទាប់​ពី​ការបិទ​ស្ថាប័នវីអូឌី លោក មាស សុភ័ណ្ឌ បាន​លើកឡើងថា​ ក្រសួង​ព័ត៌មាន​មិនព្រួយបារម្ភ​ចំពោះ​កង្វះ​ខាត​សារព័ត៌មាន​ និង​គុណភាព​នៃ​ការ​រាយការណ៍​ព័ត៌មាន​ សម្រាប់ការ​បោះឆ្នោត​ខាងមុខ​នោះ​ទេ។ លោក​អះអាងថា ​អង្គភាព​សារព័ត៌មាន​ដែល​បាន​ចុះ​បញ្ជី​ស្រប​នៅ​ក្រសួង​មានចំនួន​ប្រមាណ​ ២.១០០ រីឯអ្នក​សារព័ត៌មានមាន​ចំនួន​ជាង ​៥.០០០នាក់​ ដែល​ត្រូវ​បាន​ក្រសួង​ព័ត៌មាន​ចេញ​បណ្ណ​សារព័ត៌មាន​ជូន។

លោក​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «បន្ថែមពីនេះ​ ការ​បាត់បង់​ការងារ​របស់​អ្នក​សារ ព័ត៌មាន​ដប់​ម្ភៃ​នាក់​ ពុំមែន​ជា​ឧបសគ្គ​ ឬ​របាំង​ឬ​ជា​កត្តា​កំណត់​ដែល​ធ្វើ​អោយ​គុណភាព​នៃ​ការ​រាយការណ៍​ព័ត៌មាន​ធ្លាក់​ចុះ​នោះ​ព្រោះ​នៅ​មាន​អ្នក​សារព័ត៌មាន​ដែល​មាន​ទស្សនៈ​គ្រប់​និន្នាការ​ផ្សេង​ទៀត​នៅ​តែ​បំពេញ​តួនាទី​ភារកិច្ច​របស់​ពួកគេ​យ៉ាង​សកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​ដល់​សាធារណជន​»។

អ្នក​នាំពាក្យ​រូប​នេះ​ក៏​បាន​បញ្ជាក់​ផងដែរ​ថា​ ក្រសួង​ព័ត៌មាន​មិន​ធ្លាប់​មាន​ទស្សនៈ​បែប​រើសអើង​ និង​បំបែក​បំបាក់​សាមគ្គីភាព​ក្នុង​រង្វង់​គ្រួសារ​សារព័ត៌មាន​នៅ​កម្ពុជា​នោះ​ទេ។ លោកអះអាងថា ក្រសួងតែងតែ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សារ​ព័ត៌មាន​ទាំង​ឡាយ​ណា ​ដែល​បាន​គោរព​នូវ​ក្រម​សីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា។ លោក​លើក​ឡើងថា ឯករាជ្យភាព​របស់​សារព័ត៌មាន​នៅ​កម្ពុជា​ ត្រូវ​បាន​ធានា​យ៉ាង​ពេញលេញ​ដោយ​ច្បាប់​របប​សារព័ត៌មាន។

រូប​ឯកសារ៖ អ្នក​សារព័ត៌មាន​ផ្តិតយកទិដ្ឋភាព​លោក​ កឹម​ សុខា ធ្វើ​ដំណើរ​ចេញ​ពីគេហដ្ឋាន​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​សវនាការរបស់​លោក​ រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ហ៊ាន សុជាតា​/វីអូអេ)
រូប​ឯកសារ៖ អ្នក​សារព័ត៌មាន​ផ្តិតយកទិដ្ឋភាព​លោក​ កឹម​ សុខា ធ្វើ​ដំណើរ​ចេញ​ពីគេហដ្ឋាន​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​សវនាការរបស់​លោក​ រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ហ៊ាន សុជាតា​/វីអូអេ)

សេរីភាព​សារព័ត៌មាន​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់​ថា្នក់​ទី​ ១៤៤ ​ក្នុង​ចំណោម ​១៨០ ​ប្រទេស សម្រាប់​ឆ្នាំ ២០២១។​ នេះ​បើ​តាម​ការ​វាយ​តម្លៃ​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporters Without Borders) ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។​ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០២២ ​នេះ​ អង្គការ​នេះបាន​ឱ្យ​ដឹង​ថា កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ទី​ ១៤២ ​ក្នុង​ចំណោម​ ១៨០ ​ប្រទេស។ ចំណាត់​ថ្នាក់​នេះ​បន្ត​បង្ហាញ​ថា​ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅ​មិនទាន់​មាន​ភាព​ល្អ​ប្រសើរនៅឡើយ​ទេ។ ដោយឡែក គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន​ (CPJ) បាន​ឱ្យ​ដឹង​ថា​ អ្នក​កាសែត​កម្ពុជា​ចំនួន​ ៩ នាក់​ត្រូវ​បាន​សម្លាប់​គិត​ចាប់តាំង​ពី​ឆ្នាំ​ ១៩៩២ មក។ ករណី​របស់​ពួកគេ​ទាំងអស់​គឺ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ និង​កិច្ចការ​គ្រោះថ្នាក់។

នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ពន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ ហៅ​កាត់​ថា​ ខេម​បូចា លោក ណុប វី បាន​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​ថា ចំនួន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​កម្ពុជា​មានច្រើន​ ក៏​ប៉ុន្តែ​ស្ថាប័ន​ឯករាជ្យ​ដែល​មិនមែន​ក្រោម​ការ​គ្រប់គ្រង​ ឬ​ទំនោរ​ទៅ​កាន់​រដ្ឋាភិបាល​ នៅ​មាន​ចំនួន​តិច​នៅឡើយ។ លោក​បន្តថា​ ចំនួន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​បង្កើត​មាតិកា​សម្រាប់​ការ​អប់រំ​ដល់​ប្រជាពលរដ្ឋ​មាន​មិន​ដល់​ ៥% ​ឡើយ។

លោកថ្លែងថា៖ «តាម​ពិត​បើសិនជា​យើង​ពិនិត្យ​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ មន្រ្តី​រដ្ឋាភិបាល​ ឬ​មួយ​ក៏​ក្រុមហ៊ុន​ដែល​មាន​ទំនោរ​គាំទ្រ​ទៅ​រដ្ឋាភិបាល​វា​ស្ទើរ​តែ​មិនមាន​ទៅហើយ​ក្នុង​ប្រទេសកម្ពុជា​យើង​ ក្រោយ​ពេល​ដែល​ស្ថាប័ន​ព័ត៌មាន​វីអូឌី​ (VOD) ហ្នឹង​គឺ​ត្រូវ​បាន​បញ្ចប់​ការ​ផ្សាយ​របស់​ខ្លួន​ ដោយសារ​តែ​ការ​មិន​បន្ត​ដំណើរ​ ឬ​ការ​ដក​អាជ្ញាបណ្ណ​របស់​ក្រសួង​ព័ត៌មាន‍»។

នាយក​ប្រតិបត្តិ​រូបនេះ​ បន្ត​ថា​ កង្វះ​ខាត​សារព័ត៌មាន​ឯករាជ្យ​អាច​នឹង​ធ្វើឱ្យ​គណបក្ស​នយោបាយ​មិន​អាច​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​ខ្លួន​បាន​ទៅ​កាន់​ប្រជាពលរដ្ឋ​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ព័ត៌មាន​ទាំងអស់​ ដែល​ងាយយល់​ និង​ត្រិះរិះ​ពិចារណា។

លោក​ថ្លែង​ថា៖ «រឿង​កាលណា​ប្រសិន​បើ​ពលរដ្ឋ​គាត់​បាត់បង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ គាត់​មិន​ទទួល​បាន​ព័ត៌មាន​ច្រើន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​អ្វី​ដែល​ជា​ផល​ប៉ះពាល់​ហ្នឹង​គឺថា​ សិទិ្ធ​របស់​គាត់​មួយ​គឺ​ទទួលរង​ផង​ប៉ះពាល់​ហើយ​គឺ​សិទ្ធិ​ទទួល​បានព័ត៌មាន​ សិទ្ធិទទួល​បាន​ការ​អប់រំ​ផ្នែក​សិទ្ធិ​នយោបាយ​អ៊ីចឹង​ជាដើម​ហ្នឹង​ គឺ​ពួកគាត់​មិន​ទទួល​បាន​ពេញលេញ​ដូច​ពេល​កន្លង​មក​ទៀត​ទេ​បាទ‍»។

លោក ណុប វី បាន​ស្នើទៅ​កាន់​រដ្ឋាភិបាល​ឱ្យ​មាន​កិច្ច​គាំពារ​ទៅដល់​បុគ្គលិក​ដែល​ធ្វើការ​ក្នុង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក៏​ដូចជា​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ស្តី​ពី​របបសារព័ត៌មាន​ និង​ក្រម​ព្រហ្មទណ្ឌ​ ដោយសារ​តែ​អ្នក​សារព័ត៌មាន​ភាគច្រើន​ត្រូវ​បាន​ទទួល​រង​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹងការងារ​វិជ្ជាជីវៈ​របស់​ពួកគេ។

លោកថ្លែងថា៖ «ហើយ​ទី៣ ​គួរតែ​សម្របសម្រួល​នៅ​ក្នុង​ការ​ផ្តល់​មធ្យោបាយ​ផ្សេងៗ​ទៀត​ដូចជា​ពិនិត្យ​ និង​ជំរុញ​ឱ្យ​មាន​ការ​អនុម័ត​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ឆាប់រហ័ស​ ការ​ជំរុញ​នូវ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​ ហើយ​ការ​ធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​ ធ្វើម៉េច​កុំ​ឱ្យ​អ្នកសារ​ព័ត៌មាន​ហ្នឹង​គាត់​ទទួលរង​នូវ​ការ​ចោទ​ប្រកាន់​ផ្សេងៗ​ដោយសារ​តែ​ការ​អនុវត្ត​នូវ​ការងារ​ និង​វិជ្ជាជីវៈ​របស់​ពួកគាត់‍»។

លោក ណុប វី​ ក៏​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្កើន​ការ​អប់រំ​ និង​ណែនាំ​ទៅកាន់​សមត្ថកិច្ច​ ឬ​ អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​បាន​ដឹង​ថា ​អ្នក​សារព័ត៌មាន​ជា​ដៃគូ​សម្រាប់​ការ​អភិវឌ្ឍ​នៅ​តាម​តំបន់​មូលដ្ឋាន។

នៅ​ថ្ងៃ ២៣ ខែ​កក្កដា ​ខាងមុខ​នេះ កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នីតិកាល​ទី ៧ ដោយ​ពលរដ្ឋ​ជាង ៩ លាន​នាក់ មាន​ឈ្មោះ​និង​សិទ្ធិ​បោះឆ្នោត។ ក៏ប៉ុន្តែ​ការ​បោះឆ្នោត​លើក​នេះ នឹង​គ្មាន​វត្តមាន​របស់កញ្ញា​ ខាន់ លក្ខិណា ទេ ដោយសារ​ស្ថាប័ន​វីអូឌី ​ដែល​នាង​ធ្លាប់​បម្រើការ​ឱ្យ​ត្រូវ​បាន​បិទ។ នាង​មាន​ការ​សោកស្តាយ​ ព្រោះ​មិន​អាច​បាន​បន្ត​ធ្វើ​ការ​រាយការណ៍​អំពី​ដំណើរ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ​ដែល​ជា​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ដ៏​សំខាន់។

ទោះជា​យ៉ាង​ណាក្តី​ កញ្ញា ខាន់ លិក្ខណា បាន​ប្រាប់​វីអូអេ​ថា នាង​នឹង​មិន​បោះបង់​អាជីព​ជា​អ្នក​សារព័ត៌មាន​ឡើយ​ ពីព្រោះ​ការងារ​នេះ​ជា​ការងារ​ដែល​កញ្ញា​ស្រឡាញ់​ ហើយ​ប្រជាពលរដ្ឋ​គឺជា​កម្លាំង​ចិត្ត​ដ៏​រឹងមាំ​សម្រាប់​កញ្ញា។

កញ្ញា​ថ្លែង​ថា៖ «ត្បិត​តែ​សារព័ត៌មាន​ ជា​អ្នក​សារព័ត៌មាន​វា​ប្រឈម​ក៏​ពិត​មែន​ ជាពិសេស​គឺ​ស្ត្រី​តែ​ម្តង​គឺ​ប្រឈម​ទាំង​ការ​បៀតបៀន​ ទាំង​ការ​គំរាមកំហែង​គ្រប់​រូបភាព​ ពី​សំណាក់​អាជ្ញាធរ​ដែល​ទាំង​ស្លៀក​ឯកសណ្ឋាន​ និង​ស្លៀក​ពាក់​ស៊ីវិល​ តែ​យ៉ាង​ក៏​ដោយ​សម្រាប់​ខ្ញុំ​ ខ្ញុំ​អត់​បោះ​បង់​ទេ​អាជីព​ហ្នឹង​ពីព្រោះ​ខ្ញុំ​ស្រឡាញ់​ ហើយ​ប្រជាពលរដ្ឋ​ក៏​ជា​កម្លាំងចិត្ត​ក្នុង​ការ​ជំរុញ​ឱ្យខ្ញុំ​បន្ត​អាជីព​ជា​អ្នក​សារព័ត៌មាន​ផង​ដែរ»៕

XS
SM
MD
LG