មន្ត្រី​សង្គ្រោះ​ជាតិ​ពីរ​នាក់​ទៀត​ភៀស​ខ្លួន​ដល់​សហរដ្ឋ​អាមេរិក

លោក ឡុង រី (ស្តាំបង្អស់) អតីត​អ្នក​តំណាងរាស្ត្រ​​នៃគណបក្សសង្គ្រោះជាតិ និងលោកកឹម សុខា (កណ្តាល)​ និងសមាជិកគណបក្សប្រឆាំងមួយចំនួនទៀត នៅពេលធ្វើសកម្មភាពឃោសនាយោបាយក្នុងអំឡុងពេលបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧។ (រូបថតដកស្រង់៖ ទំព័រហ្វេសប៊ុករបស់លោក Ry Long)

លោកឡុង រី​ និង​អ្នក​ស្រី​ជា សុគន្ធានី ​ស្ថិតនៅក្នុង​ចំណោម​អ្នក​នយោបាយ​ចំនួន​១១៨​នាក់​ ដែល​តុលាការ​កំពូល​បាន​ហាមឃាត់​មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈពេល​៥ឆ្នាំ​ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​តុលាការ​​រំលាយ​ កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពីរនាក់​ទៀត​បាន​រត់ភៀស​ខ្លួន​មកដល់​សហរដ្ឋ​អាមេរិក​ ដើម្បី​គេចចេញ​ពី​ការធ្វើ​ទុក្ខទោស​ផ្នែក​នយោបាយ​ ក្នុង​ពេល​ដែល​គណបក្ស​កាន់​អំណាចខិតខំ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ ដើម្បី​អនុញ្ញាត​ឱ្យ​ពួកគេ​មួយ​ចំនួន​បាន​ធ្វើ​នយោបាយ​ឡើងវិញ។​

លោក​ឡុង រី​ អតីត​អ្នក​តំណាងរាស្ត្រនិង​អ្នក​ស្រី​ជា សុគន្ធានី លេខាធិការ​ចលនា​ស្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ធ្វើ​ដំណើរ​មកដល់​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាស្សាឈូសិត សហរដ្ឋ​អាមេរិក​ កាលពី​ថ្ងៃសៅរ៍ បន្ទាប់ពី​រស់នៅ​លាក់ខ្លួន​ក្នុង​ប្រទេស​ថៃ​ជាង​មួយ​ឆ្នាំ។

លោកឡុង រី​ និង​អ្នក​ស្រី​ជា សុគន្ធានី ​ស្ថិតនៅក្នុង​ចំណោម​អ្នក​នយោបាយ​ចំនួន​១១៨​នាក់​ ដែល​តុលាការ​កំពូល​បាន​ហាមឃាត់​មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈពេល​៥ឆ្នាំ​ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​តុលាការរំលាយ​ កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​

លោកឡុង រី ​បាន​បញ្ជាក់​ប្រាប់ ​VOA ​សំឡេង​សហរដ្ឋ​អាមេរិក​ ​ក្រោយពី​មកដល់​ភ្លាមៗ​ថា៖

«នៅ​ពេល​ដែល​គណបក្ស​ត្រូវ​បាន​រំលាយ​នៅ​លើ​ក្រដាស​ មាន​ការ​ព្រួយបារម្ភ មាន​ការ​ភ័យ​ខ្លាច​ មាន​ការ​បញ្ចុះបញ្ចូល​ ហើយ​អ្នកខ្លះ​ក៏មាន​ដីកា​បង្គាប់​ឱ្យ​ចូលខ្លួន​នាំខ្លួន​ អ៊ីចឹង​ហើយ​គាត់​ចាកចេញ​ដើម្បី​បញ្ចៀស​ការ​ភ័យខ្លាច​មក​នៅស្រុក​សៀម​មួយ​រយៈ។ នៅក្នុង​ហ្នឹង​មាន​សមាជិក​រាជធានី​ខេត្ត​ក្រុង​ ស្រុកខណ្ឌ​ឃុំ​សង្កាត់​ជាច្រើន​ស្នាក់​នៅ​ទីនេះ​ ហើយ​បច្ចុប្បន្ននេះ​ មាន​នៅ​មួយ​ចំនួន​ដោយសារ​មួយ​ចំនួន​បាន​ត្រឡប់​ទៅវិញ។ អ្នក​មួយ​ចំនួន​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ថា ​មិន​ទៅណា​ទៀតទេ»។

លោក​ឡុង រី បាន​បញ្ជាក់​ថា ការ​រស់នៅ​ប្រទេស​ថៃ​បាន​ជួប​ប្រទះ​បញ្ហា​ប្រឈម​ខាង​ផ្លូវច្បាប់ ការ​ស្នាក់នៅ និង​សុខភាព​ផងដែរ៖

«ដោយសារ​យើង​នៅរយៈពេល​វែង​ យើង​មាន​ការ​លំបាក​អស់​វីសា​ផង អ្នក​ខ្លះ​រស់នៅ​ទាំង​គ្មាន​វីសា លាក់លៀម​ដោយសារ​គាត់​ចូល​មក​មិនស្រប​ច្បាប់។ ទីពីរ ​បើ​សិន​ជា​យើង​អត់​មាន​ភាព​ស្របច្បាប់​នៅ​លើ​ឯកសារ​ផ្លូវច្បាប់​ យើង​ទៅ​ជួល​ផ្ទះ​គេ​ ជួល​បន្ទប់​គេ​ គឺ​គេ​ត្រូវ​ការ​គឺ​មាន​ការ​ពិបាក។ ចំណុច​ទីបី​ខាងផ្នែក​សុខភាព ដោយសារ​យើង​ម្នាក់ៗ​រត់​ចាកចេញ​ពី​ស្រុក​ ហើយ​មាន​ការ​នីរាសព្រាត់ប្រាស​ កំព្រា​នឹក​រលឹក​ផ្ទះ​សម្បែង​ផង។ អ្នកខ្លះ​ក៏​មាន​ជំងឺ ​ហើយ​លំបាក​ក្នុងការ​ចូលទៅក្នុង​ពេទ្យ​ ដែល​គេ​ត្រូវ​ការ​ផ្លូវច្បាប់​ គេ​ត្រូវ​ការ​ឯកសារ​ លិខិត​ឆ្លង​ដែន។ អ៊ីចឹង​ហើយ​បាន​ជា​មាន​ការ​លំបាក​ណាស់​ ដែល​ពួកយើង​កំពុងតែ​រស់នៅ‍»។​

អ្នកស្រី​ជា សុគន្ធានី​ ដែល​ជា​ភរិយា​លោកឡុង រី​ និង​ជា​សមាជិក​គណៈកម្មាធិការ​នាយក​របស់គណបក្ស​បាន​បញ្ជាក់​ថា ​ពេល​ដំបូង​អ្នកស្រី​អាច​ចូល​ប្រទេស​កម្ពុជា​បាន​ខ្លះ​ ប៉ុន្តែ​ជួប​ឧបសគ្គ​ជានិច្ច​នៅ​តាម​ច្រកចេញចូល​ ដោយសារ​តែ​អ្នកស្រីមាន​ឈ្មោះ​ក្នុង​បញ្ជី​ហាម​ឃាត់​ ទើប​អ្នកស្រី​សម្រេច​សំងំ​លាក់ខ្លួន​នៅក្នុង​ប្រទេសថៃ។

«ខ្ញុំ​រស់នៅ​ប្រទេសថៃ​ជាង​មួយឆ្នាំ​។ ខ្ញុំ​រស់នៅ​ដោយ​ការ​ភ័យខ្លាច។ ទីមួយ​ភ័យខ្លាច​ក្នុង​ប្រទេស​ថៃ​ ហើយ​ភ័យខ្លាច​នៅក្នុង​ប្រទេស​កម្ពុជា​ដែលគេ​ឃ្លាំមើល​គ្រប់ការ​ចេញចូល​របស់​ខ្ញុំ‍»។

មន្ត្រី​ជាន់ខ្ពស់​ទាំងពីរ​រូប​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ហើយ​សំងំ​លាក់​ខ្លួន​នៅ​ប្រទេស​ថៃ​ជាមួយ​នឹង​មន្ត្រី​ជាងពីរ​រយនាក់​ទៀត​ ក្រោយ​ពីតុលាការ​បាន​រំលាយ​គណបក្ស។ រហូត​មក​ដល់​ពេល​នេះ មាន​អ្នក​ដែល​បាន​រត់ភៀសខ្លួន​មក​ប្រទេស​ថៃ​មួយ​ចំនួន​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជាវិញ​ ​ដោយសារ​ការ​លំបាក​និង​ដោយសារ​អ្នកខ្លះ​មិន​មានឈ្មោះ​ត្រូវ​អាជ្ញាធរ​តាម​គំរាម​កំហែងទេ។

អ្នក​ស្រីជា សុគន្ធានី បាន​បន្ថែម​ថា​ តាំងពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវបាន​រំលាយ​មក​គឺ​សកម្មជន​ទូទៅ​មិន​អាច​ធ្វើ​សកម្មភាព​នយោបាយ​អ្វី​ទេ​ គឺ​មិនមែន​តែ​អ្នក​នយោបាយ​ដែល​បាន​ហាមឃាត់​ទាំង​១១៨​នាក់​នោះ​ទេ។

«បងប្អូន​នៅក្នុង​ស្រុកខ្មែរ​គាត់​មិន​អាច​ទៅធ្វើ​សកម្មភាព​បាន​ទេ​ ពីព្រោះ​គាត់​ភ័យខ្លាច​ហើយ​ណាមួយ​អ្នក​នៅក្នុង​១១៨នាក់​ហ្នឹង​ត្រូវបាន​គេ​ហាមឃាត់​រយៈពេល​៥ឆ្នាំ​ សូម្បី​ជួបជុំ​គ្នា​ត្រឹមតែ​បីនាក់ឡើង​ទៅ​ ក៏អត់​បានដែរ ​ហើយ​មិត្តភក្តិ​ទាំងអស់​មិន​បាន​ជួបគ្នា‍»។​

បើទោះបី​មន្ត្រី​មួយ​ចំនួន​ដែល​រត់ភៀស​ខ្លួន​មក​ប្រទេសថៃ​ ត្រូវ​សំងំ​លាក់ខ្លួន​និង​មិនអាច​ធ្វើ​សកម្មភាព​អ្វី​បាន​ ប៉ុន្តែ​មន្ត្រី​គណបក្ស​មួយ​ចំនួន​ដែលបាន​រត់ភៀស​មក​ដល់​សហរដ្ឋ​អាមេរិក បារំាង កាណាដា​និង​អូស្ត្រាលី ​បាន​ធ្វើ​សកម្មភាព​ការ​ទូត​ក្រៅ​ប្រទេស​ ដើម្បី​ស្នើសុំ​ឱ្យ​មាន​អន្តរាគមន៍ពី​សហគមន៍​អន្តរជាតិ ​ហើយកាលពី​ថ្ងៃទី​១និង​២ខែធ្នូ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេសបាន​ធ្វើ​សន្និសីទ​ពិភព​លោក​នៅទីក្រុង​អាត្លង់តា ​រដ្ឋ​ចរចា ​ដើម្បី​អញ្ជើញលោក​សម រង្ស៊ី​ ស្ថាបនិក​និង​ជា​អតីត​ប្រធាន​គណបក្ស​មក​ដឹកនាំ​ឡើង​វិញ​ ជា​បណ្តោះ​អាសន្ន​ក្នុងពេល​ដែល​អវត្តមាន​លោក​កឹម សុខា​ដែល​ជា​ប្រធាន។

លោក​ឡុង រី​ ដែល​ជា​ប្រធាន​ក្រុមការងារ​នៃ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​នៅ​ខេត្ត​កំពង់ចាម​ផងដែរ​ បាន​បញ្ជាក់​ថា ​អ្នកគាំទ្រ​នៅក្នុង​ប្រទេស​បាន​គាំទ្រ​ចំណាត់​ការ​នោះ៖

«​ស្ទើរតែ​គ្រប់​រាជធានី​ខេត្ត ស្ទើរតែ​គ្រប់ក្រុង​ទាំងអស់​ហើយ​បាន​ចេញ​មក​ប្តេជ្ញា​ចិត្ត​គាំទ្រ​ស្មារតី​សន្និសីទ​នៅ​សហរដ្ឋ​អាមេរិក ​ដែលមាន​វត្តមាន​លោក​ប្រធាន​ស្តីទី​សម រង្ស៊ី​ មក​ដឹកនាំ​ ដោយសារ​យើង​ត្រូវ​ការ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​មួយ​រឹងមាំ​ ដោយសារ​យើង​ត្រូវ​ការ​វិវត្តន៍។ យើង​អត់​ត្រូវ​ការងាប់​សកម្មភាព​ អត់​សកម្មភាព​អីចឹង​ទេ​ហើយ​អ្នក​មូលដ្ឋាន​រង់ចាំ​ឱកាស​សម្រាប់​ធ្វើ​កិច្ចការ ពីព្រោះ​ជាតិ​ដង្ហោយ​ហៅ​យើង។ អីចឹង​ខ្ញុំ​និង​អ្នក​ដឹកនាំ​យើង​ទំាងអស់​បាន​គាំទ្រ​ពេញ​ទំហឹង ជាពិសេស​បងប្អូន​នៅ​ក្នុង​ឃុំ​សង្កាត់​នៅក្នុង​រាជធានី​ខេត្តក្រុង​ ស្រុក​ខណ្ឌ ​យើង​បាន​ឃើញ​វីដេអូ​ផុស​ព្រោងព្រាត​ស្តីពី​ការ​គាំទ្រ​និង​ពេញ​ចិត្ត​ក្នុងការ​ឱ្យ​លោក​ប្រធាន​ដឹកនាំ​ធ្វើ​កិច្ចការ​នេះ‍»។​

កាលពី​ថ្ងៃច័ន្ទ គណៈកម្មាធិការ​អចិន្រ្តៃយ៍​ព្រឹទ្ធសភាកម្ពុជាបាន​ពិនិត្យនិង​ពិភាក្សា​លើ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៤៥ថ្មី​ ​(ស្ទួន)​ ​ដែល​នឹង​បើកផ្លូវ​ឲ្យ​អតីតមន្ត្រី​គណបក្ស​ប្រឆាំង​ទាំង១១៨​រូប​ បាន​ចូល​ធ្វើ​នយោបាយ​វិញ ហើយបាន​សម្រេច​កំណត់​យក​ថ្ងៃអង្គារ​នេះ​ ដើម្បី​បន្ត​សម័យ​ប្រជុំ​សម្រេច។​ ច្បាប់នេះ​ត្រូវ​បាន​រដ្ឋ​សភា​ឯកបក្សអនុម័ត​កាលពី​ពាក់កណ្តាល​ខែ​ធ្នូ។ ប៉ុន្តែ​ លោក​ឡុង រី​ បញ្ជាក់​ថា ​លោក​គ្មាន​គម្រោង​អ្វីទៅសុំ​ទោស​ ដើម្បី​បាន​សិទ្ធិ​នយោបាយ​ឡើង​វិញ​ក្រោមច្បាប់​នេះ​ទេ។​

«មែនទែនទៅ​ខ្ញុំ​គ្មាន​សិទ្ធិ​អីទៅសុំ ​ហើយ​ក៏ខ្ញុំ​គ្មានទោស​អីដែរ អីចឹង​គាត់​ចង់​ដាក់​គាត់​ចង់​ដក​ស្រេចតែ​ចិត្ត​គាត់។ ប៉ុន្តែ​សំខាន់​គោលបំណង​របស់​យើង​ គឺ​យើង​ចង់​ឱ្យ​ដោះលែង​លោកកឹម សុខា​ ដែល​ជា​ប្រធាន​របស់​យើង។ ចង់​ឱ្យ​ស្តារ​នីតិសម្បទាន​មក​គណបក្ស​របស់​យើង​វិញ​ សុំ​ឱ្យ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​យើង​៥០០៧នាក់​ហ្នឹង​ចូលទៅ​កាន់​ការងារ​របស់​គេ​ឡើងវិញ។ អីចឹង​ខ្ញុំ​អត់​មាន​ទោស​អីមានពៃរ៍​អីទេ‍»។

លោក​ អ៊ុង ឫទ្ធី ​ប្រធាន​សាខា​គណបក្ស​សង្គ្រោះជាតិ​អាមេរិក​ បាន​ស្វាគមន៍​លោកឡុង រី​ និង​អ្នកស្រី​ជា សុគន្ធានី ហើយ​បានបញ្ជាក់​ថា​ ក្រុម​អ្នក​គាំទ្រ​នៅក្រៅ​ប្រទេស​បាន​រៀបចំ​យុទ្ធសាស្រ្ត​ដើម្បី​ឱ្យ​មាន​សកម្មភាព​បន្ថែម​ទៀត។​

«លោកឡុង រី និង​គ្រួសារ​របស់​គាត់​ ខ្ញុំ​គិតថា​ ជា​សកម្មជន​ពិសេស​ ជាពិសេស​លោកឡុង រី គឺជា​អ្នកធ្វើ​ការ​យ៉ាង​ជិតស្និទ​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​យើង​ខាងក្នុង​ប្រទេស​ ម្ល៉ោះហើយ​គាត់​ដឹង​ថា​ស្ថាប័ន​ណា​ដែល​សកម្ម។ គាត់​ស្គាល់​សកម្មជន​យើង​ទាំងអស់​នៅក្នុង​ប្រទេស​ ម្ល៉ោះ​ហើយ​យើង​នឹង​ធ្វើការ​ជាមួយ​គាត់​ ដើម្បី​រៀបចំ​ទំនាក់ទំនង​ក្នុង​ប្រទេស​ឱ្យ​រឹតតែ​រឹងមាំ‍»។​

រីឯ​សហគមន៍​អន្តរជាតិ​ដែល​មាន​ដូចជា​សហរដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប ​បាន​ព្រមាន​ពី​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ប្រសិនបើ​កម្ពុជា​មិន​ដោះលែង​លោក កឹម សុខា និង​កែប្រែ​ស្ថានការណ៍​នយោបាយ​ឱ្យ​មក​ដូច​ដើមវិញ​ទេ។ សហភាព​អឺរ៉ុប​កំពុងដំណើរ​ការដក​ឋានៈអនុគ្រោះពន្ធ​នាំចូល​«គ្រប់មុខ​ទំនិញ​លើកលែង​តែ​សព្វាវុធ‍» ដែល​កម្ពុជា​ទទួល​បាន៕