អាជ្ញាធរ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​២​នាក់ ក្រោម​បទចោទថា​ប្រមាថ​ព្រះ​មហា​ក្សត្រ

ព្រះមហាក្សត្រ​នរោត្តម សហមុនី ​​ប្រោស​ព្រះរាជ​ទាន​ព្រះ​អគ្គិ​ជ័យ​​នៅពេល​ដែល​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​មើលពីក្រោយ។(Ja Dina / AFP)

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ បាន​អះអាង​លោក​មិន​អាច​អត់​ឱន​បាន​ឡើយ​ចំពោះ​ការ​បង្ហោះ​សារ​ដែល​លោក​ថា​មាន​លក្ខណៈ​ប្រមាថ​ព្រះ​មហាក្សត្រ និង​វាយ​ប្រហារ​លើ​រូប​លោក។

ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ក្រោយ​លោក​បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​ពីរ​នាក់ កាល​ពី​ថ្ងៃ​អង្គារ​គឺ លោក ហ៊ុន កុសល និង​លោក យឹម ស៊ីណន ដែល​ជា​អតីត​ប្រធាន​ចលនា​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ប្រតិកម្ម​របស់​នាយក​រដ្ឋមន្រ្តី ក្រោយ​មាន​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​អ្នក​ទាំង​ពីរ ទាក់​ទង​នឹង​រឿង​បាំង​ក្លស់​ថ្វាយ​ព្រះ​មហាក្សត្រ​ស្ដេច​យាង​ជា​ព្រះ​រាជាធិប​តី​ក្នុង​ព្រះរាជ​ពិធី​ប្រោស​ព្រះរាជ​ទាន​ព្រះ​អគ្គិ​ជ័យ​កីឡា​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​សៀម​រាប កាល​ពី​ថ្ងៃ​អង្គារ​ ក្នុង​ពេល​លោក ហ៊ុន សែន ​អញ្ជើញ​ចូល​រួម​ផងនោះ។

ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​ជូន​ដល់​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា លោក ហ៊ុន សែន ថ្លែង​ថា៖ «ព្រោះ​នេះ​មិន​មែន​សិទ្ធិ​បញ្ចេញ​មតិ​ទេ អ្នក​ឯង​បំភ្លៃ​ការពិត​តើ ហើយ​ពិភព​លោក​ទាំង​មូល​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែង​ក្លាយ។ ឯ​នេះ​អ្នក​ឯង​មិន​ត្រឹម​តែ​ធ្វើ​ព័ត៌មាន​ក្លែងក្លាយ​មាន​ចរិត ជា​ការវាយ​ប្រហារ​ស្ថាប័ន​ព្រះ​មហាក្សត្រ និង​ស្ថាប័ន​រាជរដ្ឋាភិបាល​ ហើយ​និយាយ​ដោយ​ត្រង់ និយាយ​ដោយ​ចំពោះ​គឺ​វាយ​ប្រហារ​ព្រះ​មហា​ក្សត្រ និង​វាយ​ប្រហារ​នាយករដ្ឋ​មន្រ្តី​តែ​ម្តង»។

បើ​តាម​លោក ហ៊ុន សែន ​លោក​ យឹម ស៊ីណន ​បាន​បង្ហោះ​សារ​រួច​ហើយ​លោក​លុប​ចោល​វិញ ក្នុង​ន័យ​ចោទ​សួរ​ថា​«អ្នក​ណា​ជា​ស្តេច​ពិត​ប្រាកដ?» នៅ​ពេល​លោក ហ៊ុន សែន ដើរ​និង​អង្គុយ​អម​ព្រះ​មហា​ក្សត្រ​ក្នុង​ពិធី​មួយ​នៅ​ក្នុង​ខេត្ត​សៀមរាប។

ចំណែក​លោក ហ៊ុន កុសល បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ដែល​មិន​ទាន់​លុប​ចោល ដោយ​សរសេរ​ក្នុង​ន័យ​ដើម​ថា៖ «ឃើញ​ពួកគេ​ធ្វើ​បាប​ព្រះ​ទ័យ និង​បន្ទាប​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ច្រក​បែ​បនេះ។ ទូល​បង្គំ​ជាអ្នក​នយោ​បាយ​ជំនាន់​ក្រោយ​ប្តេជ្ញា​នឹង​ប្រើ​សមត្ថភាព​ដែល​មាន​ទាំង​ប៉ុន្មាន​ចូលរួម​ពូន​ផ្តុំ​ជាមួយ​លោក​ប្រធាន​ កឹម សុខា ការ​ពារ​ព្រះចេស្តាក្សត្រ និង​ព្រះរាជ​បល្ល័ង្ក​ដែល​ប្រជារាស្រ្ត​ខ្មែរ​មិន​អាច​ខ្វះ​បាន»។

សារ​របស់​លោក ហ៊ុន កុសល ភ្ជាប់​ជាមួយ​រូប​ថត​មួយ​សន្លឹក​របស់​ព្រះ​មហាក្សត្រ។
លោក​នាយរដ្ឋ​មន្រ្តី ហ៊ុន សែន ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ការ​លើក​ឡើង​របស់​លោក​ក្នុង​ពេល​នេះ គឺ​ជា​ការ​បក​ស្រាយ ប៉ុន្តែ​វា​មិន​មែន​ជា​សារ​បញ្ជូន​ទៅ​តុលា​ការ ដែល​នាំ​ឲ្យ​ប៉ះពាល់​ការ​សម្រេច​ចិត្ត​ឡើយ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា និង​លោក ស ថេត ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ បាន​នៅ​ឡើយ​ទេ។

ភរិយា​របស់​លោក យឹម ស៊ីណន ប្រាប់​វីអូអេ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា​អ្នក​ស្រី​មិន​ទាន់​បាន​ដឹង​រឿង​ពាក់​ព័ន្ធ​នឹង​ស្វាមី​របស់​អ្នក​ស្រី ​ឡើយ។ អ្នកស្រី​ក៏​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ដោះ​លែង​ស្វាមី​របស់​អ្នកស្រី​ផង​ដែរ។

អ្នក​នាំពាក្យ​សមាគម​ការពារសិទ្ធិ​មនុស្ស​អាដហុក​ លោក​ ស៊ឹង សែនករុណា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា​រដ្ឋ​ធម្មនុញ្ញ​មាន​ចែង​ពាក់​ព័ន្ធ​ទៅ​នឹង​អង្គ​ព្រះ​មហាក្សត្រ គឺ​មិន​អាច​ប៉ះពាល់ និង​រំលោភ​បំពាន​បាន​ទេ។ លោក​បន្ត​ថា​ពលរដ្ឋ​កម្ពុជា​គប្បី​ដឹង​អំពី​សកម្ម​ភាពក្នុង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន និង​ត្រូវ​ពិនិត្យ​មើល​ការ​ហាមឃាត់​នៅ​ក្នុង​ច្បាប់។

លោក​បញ្ជាក់​ថា៖ «មែន​ទែន​ទៅ​ករណី​ទាំង​អស់​នេះ យើង​ដឹង​ហើយ បញ្ហា​ពាក់ព័ន្ធ​ការ​បញ្ចេញ​មតិ​ វា​ជា​សិទ្ធិ​មួយ​នៅ​ក្នុង​សង្គម​ប្រជាធិប​តេយ្យ។ ក៏​ប៉ុន្តែ​ការ​បញ្ចេញ​មតិ​គឺ​ទាល់​តែ​មើល​អំពី​ទំហំ និង​ផ្លូវ​ច្បាប់​មួយ​ចំនួន ដែល​បាន​ច្បាប់​ហាម​ឃាត់​ដែរ។

ឧទាហរណ៍​ដូច​ជា​ករណី​អង្គ​ព្រះ​មហាក្សត្រ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​អ៊ីចឹង ថា​តើ​យើង​គប្បី​មាន​ការ​បញ្ចេញ​មតិ​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​អង្គ​ព្រះ​មហាក្សត្រ ឬ​យ៉ាង​ណា​? អានេះ​គឺ​ចំណុច​មួយ​ដែល​យើង​គួរ​មាន​ការ​គិត និង​ពិចារណា​ក្នុង​ពេល​ហ្នឹង​បាទ»។

គួរ​បញ្ជាក់​ថា​កាល​ពី​ឆ្នាំ​២០១៨ មាន​ការ​បង្កើត​មាត្រា​ថ្មី​នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ដាក់​ទោស​លើ​ជន​ណា​ដែល​ប្រមាថ​ព្រះ​មហាក្សត្រ។ មាត្រា​ថ្មី​នេះ​ចែង​ថា​ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ទឹក​ប្រាក់​ពី២​លាន​រៀល ទៅ​១០​លាន​រៀល៕