អ្នកវិភាគនានាជឿថា យោធាជើងទឹកចិនបានយល់ដឹងច្រើនពីបេសកកម្មហាត់សមរយៈពេលពេញមួយខែរបស់នាវាផ្ទុកយន្តហោះចម្បាំងរបស់ខ្លួន នៅក្នុងការការពារកងទ័ពពីការឆ្លងជំងឺកូវីដ១៩ និងយល់ដឹងបន្ថែមពីស្ថានភាពដែលអាចកើតមានឡើង ប្រសិនបើខ្លួនត្រូវប្រយុទ្ធជាមួយនឹងជប៉ុន ឬក៏កោះតៃវ៉ាន់។
នាវាដឹកយន្តហោះចម្បាំង Liaoning បានវិលត្រឡប់មកកាន់កំពង់ផែនៅភាគខាងកើតប្រទេសចិនវិញ កាលពីថ្ងៃទី ៣០ ខែមេសាកន្លងទៅនេះ បន្ទាប់ពីបានធ្វើដំណើរឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិចជិតកោះតៃវ៉ាន់ និងប្រទេសជប៉ុនមក ដែលការណ៍នេះបានធ្វើឲ្យកោះតៃវ៉ាន់ និងជប៉ុនមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែមានភាពខ្វែងគ្នាផ្នែកនយោបាយជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង។
ទោះបីជាការធ្វើដំណើរដូចនេះមិនមែនជាលើកដំបូងសម្រាប់នាវាចម្បាំងចិនក៏ដោយ ក៏ប្រទេសចិនដែលមានអំណាចយោធាជើងទឹកកំពុងតែរីកចម្រើនឡើងខ្លាំងនេះ បានបញ្ជូននាវាប្រយុទ្ធរបស់ខ្លួនឲ្យធ្វើដំណើរយូរជាងសព្វដងនៅឆ្នាំនេះ សម្រាប់លំហាត់សមខ្លាំងក្លាជាងពេលមុនៗ។
លោក Andrew Yang អគ្គលេខាធិការក្រុមប្រឹក្សាសិក្សាគោលនយោបាយជាន់ខ្ពស់ស្តីពីប្រទេសចិន នៅកោះតៃវ៉ាន់ បាននិយាយថា យោធាជើងទឹកចិនប្រហែលជាបានធ្វើការដឹកជញ្ជូន «យ៉ាងខ្លាំងក្លា» នូវគ្រឿងបរិក្ខារ និងសម្ភារៈផ្នែកសុខាភិបាលនានា ដោយមានការជួយជ្រោមជ្រែងពីផ្នែកស៊ីវិល ដើម្បីការពារមិនឲ្យមានការឆ្លងជំងឺកូវីដ១៩ ដល់កងនាវាតូចរបស់ខ្លួន ក្នុងអំឡុងពេលមានការរាតត្បាតនៃជំងឺនេះជាសាកល។
នាវាយោធាជើងទឹកមួយចំនួនរបស់កោះតៃវ៉ាន់ សហរដ្ឋអាមេរិក និងប្រទេស ៣ ផ្សេងទៀតនៅទ្វីបអឺរ៉ុប មានករណីឆ្លងជំងឺកូវីដ១៩ នេះ នៅក្នុងឆ្នាំនេះ។ វីរុសកូរ៉ូណាដែលបង្កឲ្យកើតជំងឺកូវីដ១៩ នេះ បានឆ្លងរាលដាលនៅលើនាវា ដោយសារទាហានមួយចំនួនប្រចាំការនៅក្បែរៗគ្នា។
លោក Yang បាននិយាយថា ការធ្វើដំណើរលើនាវាដោយមិនមានឆ្លងជំងឺមានន័យថា «ពួកគេអាចទប់ទល់ជាមួយនឹងស្ថានភាពដែលខុសប្លែកពីធម្មតាបាន ហើយស្របពេលជាមួយគ្នានេះដែរ ពួកគេនៅតែអាចធ្វើឲ្យនាវាចម្បាំងមានប្រតិបត្តិការទៅមុខបាន»។
លោក Derek Grossman អ្នកវិភាគជាន់ខ្ពស់ផ្នែកការពារនៅវិទ្យាស្ថានស្រាវជ្រាវ RAND Corp. បាននិយាយថា សម្រាប់រយៈពេលវែងទៅថ្ងៃអនាគត យោធាជើងទឹកចិនបានដកបទពិសោធន៍ក្នុងពេលមួយខែកន្លងមកនេះ ដោយយល់ដឹងពីកាន់តែប្រសើរជាងមុនថាតើនឹងមានស្ថានភាពអ្វីកើតឡើង ប្រសិនបើខ្លួនមានការប្រយុទ្ធគ្នាជាមួយប្រទេសជប៉ុន កោះតៃវ៉ាន់ ឬបណ្តាប្រទេសដទៃទៀត ដែលបានធ្វើការទាមទារនៅតំបន់សមុទ្រចិនភាគខាងត្បូង។
លោក Grossman បានកត់សម្គាល់ថា ចិនមិនបានប្រយុទ្ធក្នុងសង្គ្រាមណាមួយនោះទេ ចាប់តាំងពីមានជម្លោះនៅឆ្នាំ ១៩៧៩ ជាមួយនឹងប្រទេសវៀតណាមមក។
លោកបាននិយាយថា៖ «កន្លែងដ៏ល្អបំផុតដើម្បីត្រៀមលក្ខណៈសម្រាប់ស្ថានភាពប្រយុទ្ធបែបពិតប្រាកដគឺកន្លែងដែលអ្នកនឹងទៅប្រយុទ្ធ ហើយខ្ញុំគិតថា នេះពិតជាចំណុចសំខាន់មួយដែលតែងតែត្រូវបានគេមើលរំលង»។
ទីភ្នាក់ងារព័ត៌មានផ្លូវការចិន Xinhua បានពណ៌នាបេសកកម្មរបស់នាវាដឹងយន្តហោះចម្បាំង Liaoning នេះថាជា «លំហាត់ហ្វឹកហ្វឺននៅតំបន់សមុទ្រឆ្ងាយៗ» ប្រចាំឆ្នាំ។ ទីភ្នាក់ងារព័ត៌មាននេះបានបញ្ជាក់ថា បេសកកម្មនេះមាន «រយៈពេលវែង ប្រធានបទច្រើន ភាពតានតឹងខ្ពស់ និងស្ថានភាពស្មុគស្មាញតាមផ្លូវអាកាស និងផ្លូវទឹក»។
ទីភ្នាក់ងារព័ត៌មាននេះបានបន្ថែមថា «ការធ្វើលំហាត់សមនៅតំបន់សមុទ្រឆ្ងាយរបស់កងនាវាតូចនេះនៅក្នុងលក្ខខណ្ឌដូចទៅនឹងការប្រយុទ្ធគ្នាពិតប្រាកដ មានភាពប្រសើរឡើង ហើយសមត្ថភាពប្រយុទ្ធដែលត្រូវបានដាក់បញ្ចូលទៅក្នុងនោះក៏ត្រូវបានធ្វើការសាកល្បងផងដែរ»។
នាវាដឹកយន្តហោះចម្បាំង Liaoning នេះ ក៏មានឧបសគ្គផ្នែកបច្ចេកទេសដែលត្រូវជម្នះផងដែរ។ លោក Yang បាននិយាយថា នាវានេះខ្វះគ្រឿងបន្លាស់សម្រាប់ការធ្វើការជួសជុលជាប្រចាំ។ ហើយនាវាដែលមានអាយុកាល ៨ ឆ្នាំនេះ ក៏មានប្រវែងខ្លីជាងនាវាដឹកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកផងដែរ។
ក្រសួងការពារជាតិកោះតៃវ៉ាន់ និងក្រសួងការពារជាតិជប៉ុន បានកត់សម្គាល់ឃើញនាវា Liaoning របស់ចិននេះ ធ្វើដំណើរឆ្លងកាត់កាលពីពាក់កណ្តាលខែមេសាកន្លងទៅនេះ ប៉ុន្តែមិនបានធ្វើការឆ្លើយតបនឹងនាវានោះទេ។
ជប៉ុន និងចិនមានជម្លោះដែនអធិបតេយ្យលើតំបន់សមុទ្រភាគខាងកើតទីក្រុងសៀងហៃ។ ចិនបានទាមទារអធិបតេយ្យភាពលើកោះតៃវ៉ាន់ ទោះបីជាកោះតៃវ៉ាន់មានការដឹកនាំដោយស្វ័យភាព និងមានការប្រឆាំងជាសាធារណៈចំពោះការរួបរួមជាមួយប្រទេសចិនក៏ដោយ។ ប្រទេសចិនបានគំរាមប្រើកម្លាំងប្រឆាំងនឹងកោះតៃវ៉ាន់ ប្រសិនបើចាំបាច់។
ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងកោះតៃវ៉ាន់ បានតតាំងជាមួយនឹងចិននៅសមុទ្រចិនខាងត្បូងទំហំប្រមាណ ៣ លាន ៥ សែនគីឡូម៉ែត្រការ៉េ ដែលពោរពេញទៅដោយប្រេង ឧស្ម័នធម្មជាតិ និងត្រី។
លោក Grossman បាននិយាយថា ការធ្វើលំហាត់សមរបស់យោធាជើងទឹកចិននេះអាចបង្កឲ្យមានការឆ្លើយតបពីយោធាជើងទឹកសហរដ្ឋអាមេរិក និងអូស្ត្រាលី។
ប្រទេសទាំងពីរនេះរំពឹងថា នឹងតាមដានការពង្រីកឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូង។
លោក Alan Chong សាស្ត្រាចារ្យនៅមហាវិទ្យាល័យសិក្សាកិច្ចការអន្តរជាតិ S. Rajaratnam នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ក្នុងប្រទេសសិង្ហបុរី បាននិយាយថា នៅតំបន់អាស៊ីអាគ្នេយ៍ មានមនុស្សតិចតួចណាស់ដែលនិយាយអំពីនាវាដឹកយន្តហោះចម្បាំងរបស់ចិននេះ។ នេះគឺដោយសារតែពួកគេទទួលបានម៉ាស់ និងជំនួយផ្នែកសុខាភិបាលផ្សេងទៀតពីប្រទេសចិន ដើម្បីព្យាបាលជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់ពួកគេ។
ជាឧទាហរណ៍ ចិនបានបញ្ជូនអ្នកជំនាញផ្នែកសុខាភិបាលចំនួន ១២ នាក់ ទៅកាន់ប្រទេសហ្វីលីពីន កាលពីដើមខែមេសា។ នេះបើតាមការរាយការណ៍របស់ទូរទស្សន៍ជាតិរបស់ចិន។ នាវាដឹកយន្តហោះចម្បាំង Liaoning របស់ចិននេះ បានធ្វើដំណើរឆ្លងតំបន់ភាគខាងជើងកោះ Luzon របស់ប្រទេសហ្វីលីពីន។
ដោយសំដៅទៅនាវាដឹកយន្តហោះចម្បាំងរបស់ចិននេះ លោក Chong បានបញ្ជាក់ថា៖ «ដោយសារតែប្រទេសនីមួយៗប្រើជំនួយរបស់ចិន ប្រទេសទាំងនោះមិនហ៊ាននិយាយខ្លាំងអំពីនាវាដឹកយន្តហោះចម្បាំងរបស់ចិននោះទេ»៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា