របាយការណ៍ផ្លូវការរបស់ក្រសួងមហាផ្ទៃបង្ហាញថាយ៉ាងតិចសកម្មជននិងអ្នកគាំទ្រនយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិចំនួន៤០នាក់ត្រូវបានចាប់ខ្លួន។ ក្នុងនោះការចាប់ខ្លួនភាគច្រើនពាក់ព័ន្ធនឹងបទចោទពីការ«រួមគំនិតក្បត់» ។
មន្ត្រីសិទ្ធិមនុស្សបានសម្តែងកង្វល់ថាការចាប់ខ្លួនអ្នកនយោបាយប្រឆាំងនឹងមានជាបន្តទៀតក្នុងពេលខាងមុខនេះ។
ប៉ុន្មានសប្តាហ៍នេះ សកម្មជនអតីតគណបក្សសង្គ្រោះជាតិនៅតាមបណ្តាខេត្ត និងរាជធានីត្រូវតុលាការចោទប្រកាន់ និងចាប់ខ្លួនស្ទើររាល់ថ្ងៃ ទាក់ទងនឹងបទ«រួមគំនិតក្បត់» ដែលក្រុមអាជ្ញាធរភ្ជាប់ជាមួយនឹងការផ្សព្វផ្សាយឬរៀបចំគម្រោងការសម្រាប់ទទួលការវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់លោកសម រង្ស៊ី។
ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិដែលស្ថិតក្នុងការនិរទេសអស់រយៈពេលប្រាំឆ្នាំមកហើយ បានប្រកាសថាលោកនឹងនិវត្តមកកម្ពុជាវិញនៅថ្ងៃទី ៩ខែវិច្ឆិកា ខាងមុខ។ រដ្ឋាភិបាលកម្ពុជាបានហៅការវិលត្រឡប់មកវិញរបស់លោកសម រង្ស៊ី ថាជាផែនការក្បត់ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ ហើយសកម្មភាពគាំទ្រឬផ្សព្វផ្សាយអំពីការវិលត្រឡប់របស់លោកសម រង្ស៊ី ដើម្បីត្រៀមទទួលរូបលោកត្រូវចាត់ទុកថាគឺជាការចូលរួមគំនិតក្បត់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់របស់រដ្ឋាភិបាល។
លោកឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់វីអូអេ ថា រហូតមកទល់ថ្ងៃព្រហស្បត្តិ៍នេះ អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិចំនួន២៦នាក់ត្រូវចាប់ខ្លួនក្រោមការចោទប្រកាន់ពីបទ«រួមគំនិតក្បត់»។ ដោយឡែក១៤នាក់ផ្សេងទៀតត្រូវចាប់ខ្លួនពីបទ«ញុះញង់ប្រព្រឹត្តបទល្មើសជាអាទិ៍»។
ពោលគឺចំនួនអតីតសកម្មជនគណបក្សប្រឆាំងដ៏ធំជាងគេនេះត្រូវចាប់ខ្លួនកើនដល់៤០នាក់មកទល់នឹងពេលនេះ។
«បទល្មើសញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ១៤នាក់គឺក្នុងខែមករា មកខែកក្កដា។ ដោយឡែកចាប់ពីចុងខែកក្កដា ដល់កញ្ញានេះ គឺមាន ២៦នាក់ទៀតនឹងបទល្មើស «រួមគំនិតក្បត់»»។
លោកឧត្តមសេនីយ៍ ខៀវ សុភ័ក្រ បញ្ជាក់ថាក្នុងចំណោមជនត្រូវចាប់ខ្លួនពីបទ«រួមគំនិតក្បត់»មានម្នាក់បានសារភាពពីទោសកំហុស។
លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុដ (ADHOC) សង្កេតឃើញថាការចាប់ខ្លួនទាំងនេះគឺជាហេតុផលនយោបាយ។
«ដរាបណាការសម្របសម្រួលផ្នែកនយោបាយនៃគណបក្សទាំងពីរហ្នឹងមិនទាន់រកដំណោះស្រាយបានទេ នីតិវិធីនៃក្នុងរឿងនៃការរឹតត្បិតទៅលើសេរីភាពសកម្មជននៃអតីតគណបក្សប្រឆាំងហ្នឹងនឹងមានការធ្វើទុកបុកម្នេញហ្នឹងតទៅទៀត»។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ បានលើកឡើងថា បញ្ហានយោបាយជាពិសេសគម្រោងធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិជាកត្តាជំរុញឲ្យមានការចាប់ខ្លួនសមាជិកអតីតគណបក្សនេះជាបន្តបន្ទាប់។
«ចំណុចដែលសំខាន់គឺ គម្រោងនៃការវិលត្រឡប់នៃអតីតគណបក្សប្រឆាំងមកកម្ពុជាហ្នឹង ដែលបង្កើតឲ្យមានជា ការចោទប្រកាន់ទាក់ទងនឹងបទឧបឃាត និងរួមគំនិតក្បត់ជាដើម ដែលចេញសេចក្តីថ្លែងការណ៍ដោយក្រសួងយុត្តិធម៌ហើយបន្ទាប់មកសាលាដំបូងរាជធានីនិងខេត្តចាប់ផ្តើមធ្វើការចោទប្រកាន់ និងចាប់ខ្លួនជាបន្តបន្ទាប់»។
ចាប់តាំងពីដើមឆ្នាំ២០១៩មកអ្នកគាំទ្រនយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិច្រើនជាង១៦០នាក់ត្រូវបានកោះហៅមកសាកសួរ។ដោយឡែកសកម្មជនគណបក្សនេះមួយចំនួនទៀតត្រូវចោទប្រកាន់ប៉ុន្តែបានរត់ភៀសខ្លួនទៅក្រៅប្រទេស។
លោក អំ សំអាត ព្រួយបារម្ភថាការចាប់ខ្លួនពួកគេអាចមានជាបន្តបន្ទាប់នាពេលខាងមុខ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឆ្លើយតបទៅនឹងកង្វល់នេះថាការចាប់ខ្លួនឬមិនចាប់ខ្លួនអាស្រ័យលើសកម្មភាពរបស់សកម្មជនអតីតគណបក្សប្រឆាំងទាំងនោះ ដែលលោកហៅថាតើពួកគេបំពានច្បាប់ឬយ៉ាងណា។
លោក ជិន ម៉ាលីន បន្ថែមថា ខណៈដែលពួកគេត្រូវសម្គាល់ថា «បានបំពានច្បាប់ ពួកគេនឹងត្រូវទទួលរងការចោទប្រកាន់និងចាប់ខ្លួន»៕