មេដឹកនាំ​តួកគី អ៊ីរ៉ង់ និង​រុស្ស៊ី​ជួបប្រជុំ​គ្នា​នៅក្នុង​ទីក្រុង​អង់ការ៉ា​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ស៊ីរី

Vladimir Putin (រូប​កណ្តាល) និង​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani ស្ថិត​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង Sochi ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។

ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan រៀបចំ​ទទួល​ស្វាគមន៍​សមភាគី​របស់​លោក​មក​ពី​ប្រទេស​រុស្ស៊ី​ និង​ប្រទេស​អ៊ីរ៉ង់​នៅ​ថ្ងៃពុធ​នេះ ​ដើម្បី​ចូលរួម​ក្នុងកិច្ច​ប្រជុំ​កំពូល​ត្រីភាគី​លើកទី២​ស្តី​ពី​វិបត្តិ​ក្នុង​ប្រទេស​ស៊ីរី។ ប្រទេស​ទាំងបី​ដែល​សុទ្ធ​តែ​មាន​វត្តមាន​កងទ័ព​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​ស៊ីរី ​កំពុង​បង្កើន​ប្រតិបត្តិការ​ដោះស្រាយ​វិបត្តិ​សង្រ្គាម​ស៊ីវិល​នៅ​ក្រោម​ជំនួយ​នៃ​កិច្ចចរចា​សន្តិភាព​ឬ​ហៅ​ថា «Astana Process»។

កិច្ចសហប្រតិបត្តិការ​កាន់​តែ​ស៊ី​ជម្រៅ​នេះ​កើតឡើង​នៅ​ពេល​ដែល​មាន​ការ​ប្រកួតប្រជែងគ្នា​យ៉ាង​ខ្លាំង។

លោក Aydin Selcen អតីត​អ្នក​ការទូត​ជាន់ខ្ពស់​របស់​ប្រទេស​តួកគី​ ដែល​ធ្លាប់​បាន​បម្រើ​ការងារ​នៅ​ក្នុង​តំបន់​នេះ​បាន​និយាយ​ថា «ចាប់​តាំង​ពី​ឆ្នាំ២០១១​មក​គោលបំណង​របស់​រដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា​គឺ​ដើម្បី​ទម្លាក់ Assad ចេញ​ពី​តំណែង»។

លោក​បាន​និយាយ​បន្ថែម​ដោយ​យោង​តាម​ប្រធានាធិបតី​ស៊ីរី Bashar al-Assad ថា​ «ចំណែក​ឯ​ប្រទេស​រុស្ស៊ី​ និង​អ៊ីរ៉ង់​វិញ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ស៊ីរី​តាម​ការ​អញ្ជើញ​របស់​Assad ​ដើម្បី​ជួយ​រក្សា​តំណែង​របស់​លោក។ ហើយ​នេះ​គឺ​ជា​ការ​ផ្ទុយគ្នា​ទាំង​ស្រុង»។

នៅ​ក្រោម​កិច្ចចរចា​សន្តិភាព Astana Process តំបន់​គ្មាន​ការ​ប្រយុទ្ធ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទូទាំង​ប្រទេស​ស៊ីរី។ រដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា​ និង​ពួកឧទ្ទាម​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និត​ជាមួយ​នឹង​ក្រុងអង់ការ៉ា​បាន​ធ្វើ​ការ​យ៉ាង​ជិតស្និត​ជាមួយ​នឹង

រដ្ឋាភិបាល​ក្រុង​មូស្គូ​នៅក្នុង​ដំណើរការ​សន្តិភាព​នេះ។ កិច្ចប្រជុំ​នៅ​ថ្ងៃពុធ​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ពិភាក្សា​ផ្តោត​លើ​បញ្ហា​នៅក្នុង​ខេត្ត Idlib ផងដែរ៕