ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គលេខាធិការ​អសប​រំពឹង​ថា​នឹង​មាន​ការ​អនុវត្ត​នូវ​សេចក្ដី​សម្រេច​ផ្អាក​សង្គ្រាម​បណ្ដោះ​អាសន្ន​នៅ​ស៊ីរី


អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ក្រុង Lisbon កាលពី​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ក្រុង Lisbon កាលពី​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា សេចក្ដី​សម្រេច​ដែល​អនុម័ត​ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ «មាន​ន័យ​តែ​ក្នុង​ករណី​ដែល​សេចក្ដី​សម្រេច​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​មាន​ប្រសិទ្ធភាព​តែ​ប៉ុណ្ណោះ»។ លោក​ក៏​បាន​បញ្ជាក់​សារ​ជា​ថ្មី​ទៀត​ថា ប្រជាពលរដ្ឋ​ស៊ីរី​នៅ​ក្នុង​តំបន់​ហ៊ុមព័ទ្ធ​នៅ​ភាគ​ខាង​កើត​តំបន់ Ghouta ប្រទេស​ស៊ីរី «ទន្ទឹង​រង់ចាំ» ជំនួយ​មនុស្ស​ធម៌​យ៉ាង​ខ្លាំង។

កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ទាមទារ​ឲ្យ​មាន​ការ​ឈប់​វាយ​ប្រយុទ្ធ​គ្នា​នៅ​ទូទាំង​ប្រទេស​ស៊ីរី​រយៈពេល ៣០ ថ្ងៃ និង​បាន​ស្នើ​ឲ្យ​មាន​ការ​ដក​ការ​ហ៊ុមព័ទ្ធ​ចេញ និង​អនុញ្ញាត​ឲ្យ​បុគ្គលិក​សុខាភិបាល និង​បុគ្គលិក​សង្គ្រោះ​បន្ទាន់​អាច​ចូល​ទៅ​កាន់​តំបន់​ជម្លោះ​បាន។

លោក Guterres បាន​និយាយ​ថា៖ «ខ្ញុំ​រំពឹង​ថា សេចក្ដី​សម្រេច​នេះ​នឹង​ត្រូវ​បាន​អនុវត្ត​ភ្លាមៗ​បន្ត​ទៅ​មុខ ជា​ពិសេស​ដើម្បី​ធានា​ឲ្យ​មាន​ការ​បញ្ជូន​ជំនួយ និង​បុគ្គលិក​មនុស្សធម៌​ចូល​ទៅ​កាន់​តំបន់​ជម្លោះ​ភ្លាមៗ​ដោយ​សុវត្ថិភាព គ្មាន​ការ​រារាំង និង​បន្ត​ទៅ​មុខ​រហូត ឲ្យ​មាន​ការ​ជម្លៀស​អ្នក​ជំងឺ​និង​អ្នក​រង​របួស​ធ្ងន់ធ្ងរ​ចេញ ក៏​ដូចជា​កាត់​បន្ថយ​ការ​ឈឺចាប់​របស់​ប្រជាពលរដ្ឋ​ស៊ីរី​ផង​ដែរ»។

ប៉ុន្តែ អំពើ​ហិង្សា​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ ដោយសារតែ​អង្គការ​សហប្រជាជាតិ និង​អង្គការ​តាមដាន​សង្គ្រាម​នៅ​ស៊ីរី​បាន​រាយការណ៍​ថា មាន​ការ​វាយ​ប្រហារ​តាម​អាកាស​ថ្មីៗ​កើត​ឡើង​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​ភាគ​ខាង​កើត​តំបន់ Ghouta ដែល​ជា​តំបន់​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម​នៅ​ជាយ​រដ្ឋធានី​ដាម៉ាស់ ដែល​នៅ​ទី​នោះ​មនុស្ស​ជាង ៥ រយ​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​កន្លង​មក៕

XS
SM
MD
LG