ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​សហរដ្ឋ​អាមេរិក​ថា រុស្ស៊ី​ដើរ​តួ​ជា​អ្នក​បង្កាត់​ភ្លើង​ផង​និង​ពន្លត់​ភ្លើង​ផង​នៅ​ក្នុង​ប្រទេស​ស៊ីរី


រូបឯកសារ៖ ឧត្តម​សេនីយ៍ Joseph Votel មេបញ្ជាការ​នៃ​ទីបញ្ជាការ​កណ្ដាល​របស់​សហរដ្ឋ​អាមេរិក ថ្លែង​ទៅកាន់​អ្នកសារ​ព័ត៌មាន កាល​ពី​ឆ្នាំ​២០១៦ នៅ​មន្ទីរ​បញ្ចកោណ។
រូបឯកសារ៖ ឧត្តម​សេនីយ៍ Joseph Votel មេបញ្ជាការ​នៃ​ទីបញ្ជាការ​កណ្ដាល​របស់​សហរដ្ឋ​អាមេរិក ថ្លែង​ទៅកាន់​អ្នកសារ​ព័ត៌មាន កាល​ពី​ឆ្នាំ​២០១៦ នៅ​មន្ទីរ​បញ្ចកោណ។

ឧត្ដមសេនីយ៍​កំពូល​មួយ​រូប​របស់​សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​ប្រទេស​រុស្ស៊ី​ថា​ ជា​អ្នក​បង្ក​ឲ្យ​មាន​អស្ថិរភាព​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​នៅ​ទូទាំង​មហា​តំបន់​មជ្ឈិម​បូព៌ា ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប៉ុនប៉ង​ជា​បន្ត​ក្នុង​ការ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សហរដ្ឋ​អាមេរិក និង​សហគមន៍​អន្តរជាតិ។

លោក​ឧត្ដមសេនីយ៍ Joseph Votel ដែល​ជា​មេបញ្ជាការ​នៃ​ទីបញ្ជាការ​កណ្ដាល​របស់​សហរដ្ឋ​អាមេរិក បាន​ប្រាប់​សមាជិក​សភា​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា៖ «ពាក់ព័ន្ធ​នឹង​បញ្ហា​ការទូត និង​យោធា រដ្ឋាភិបាល​ក្រុង​មូស្គូ​ដើរ​តួ​ជា​អ្នក​បង្ក​អគ្គិភ័យ​ផង និង​ជា​អ្នក​ពន្លត់​អគ្គិភ័យ​ផង ដោយ​បង្ក​ឲ្យ​មាន​ភាព​តាន​តឹង​បន្ថែម​ទៀត​ក្នុង​ចំណោម​ភាគី​ជម្លោះ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ស៊ីរី»។

លោក Joseph Votel បាន​ចោទ​ប្រកាន់​បន្ថែម​ទៀត​ទៅ​លើ​ប្រទេស​រុស្ស៊ី​ថា​ បាន​ស្នើ​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​មួយ​ដើម្បី «បំផ្លាញ និង​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​នូវ​គោល​ជំហរ​ចរចា​របស់​ភាគី​នីមួយៗ»។

ការ​រិះគន់​នេះ​ទោះបីជា​មាន​លក្ខណៈ​ខ្លាំងក្លា​ជាង​ការ​រិះគន់​កាល​ពី​មុន​ក៏​ដោយ គឺ​វា​មាន​លក្ខណៈ​ស្រប​ទៅ​នឹង​ការ​ព្រមាន​មួយ​ចំនួន​កាល​ពី​លើក​មុន​របស់​សហរដ្ឋ​អាមេរិក និង​មន្ត្រី​ស៊ើបការណ៍​របស់​បណ្ដា​បស្ចិម​ប្រទេស​នានា​ដែល​ថា រុស្ស៊ី​ចាត់ទុក​ប្រទេស​ស៊ីរី​ថា​ជា​ឱកាស​មួយ​ដើម្បី​បញ្ជាក់​ឡើង​វិញ​អំពី​ឥទ្ធិពល​ខ្លាំងក្លា​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ។

ការ​រិះគន់​នេះ​ក៏​ស្រប​ទៅ​នឹង​ក្ដី​បារម្ភ​ដែល​បង្ហាញ​ឡើង​នៅ​ក្នុង​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ ដែល​ហៅ​ប្រទេស​រុស្ស៊ី​ថា​ជា​មហា​អំណាច​មួយ ដែល​មាន​គោល​បំណង​ឈូស​ចោល​នូវ​សណ្ដាប់ធ្នាប់​សាកលលោក​បច្ចុប្បន្ន៕

XS
SM
MD
LG