កងកម្លាំងតួកគីបានរងគ្រោះថ្នាក់បន្ថែមទៀតនៅក្នុងការប្រយុទ្ធចុងក្រោយបង្អស់នៅក្នុងខេត្ត Idlib ភាគពាយ័ព្យប្រទេសស៊ីរី។ ប៉ុន្តែទោះជារុស្ស៊ីគាំទ្រកម្លាំងរដ្ឋាភិបាលស៊ីរីក្នុងការវាយប្រហារដែលកំពុងកើតមានលើកងកម្លាំងតួកគីក៏ដោយ ក៏រដ្ឋាភិបាលក្រុងអង់ការ៉ាបានចៀសវាងការប្រឈមមុខនឹងរដ្ឋាភិបាលក្រុងមូស្គូដែលអ្នកវិភាគយល់ថា វាបង្ហាញពីឥទ្ធិពលសេដ្ឋកិច្ចសន្ធឹកសន្ធាប់របស់ប្រទេសរុស្ស៊ីទៅលើប្រទេសតួកគី។
ក្រុមមន្រ្តីបាននិយាយថា ក្បួនរថយន្តរបស់តួកគីនៅខេត្ត Idlib រងគ្រោះកាលពីថ្ងៃចន្ទដោយការវាយប្រហារតាមអាកាសដែលបណ្តាលឱ្យរងរបួសជាច្រើន។
ក្នុងអំឡុងពេលចុងសប្តាហ៍ ទាហានតួកគីម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយផ្សេងទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងយ៉ាងតិចដល់១៨នាក់ចាប់តាំងពីប្រទេសតួកគីបានបញ្ជូនកម្លាំងបន្ថែមដើម្បីប្រឆាំងនឹងការវាយលុករបស់រដ្ឋាភិបាលក្រុងដាម៉ាសលើក្រុមឧទ្ទាមចុងក្រោយនៅប្រទេសស៊ីរី។
លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី ដែលប្រឈមមុខនឹងសម្ពាធក្នុងស្រុកប្រឆាំងនឹងការកើនឡើងចំនួនអ្នកស្លាប់និងរបួសនៅក្នុងប្រទេសស៊ីរីនោះ បានពិភាក្សាកាលពីថ្ងៃសុក្រជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី។ លោក Erdogan បាននិយាយថាកិច្ចពិភាក្សានោះមានលទ្ធផលល្អ ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា ការស្លាប់និងរបួសចុងក្រោយបង្ហាញថា កិច្ចពិភាក្សាអំពីសុវត្ថិភាពរបស់កងកម្លាំងតួកគីទទួលបានលទ្ធផលតិចតួច៕