តួកគី​ព្រមាន​សហរដ្ឋ​អាមេរិក​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ

លោក​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក Rex Tillerson (រូប​ឆ្វេង) ជួប​ជាមួយ​នឹង​លោក​រដ្ឋមន្ត្រី​ការបរទេស​អេហ្ស៊ីប Sameh Shoukry នៅ​ក្នុង​ក្រុង​គែរ ប្រទេស​អេហ្ស៊ីប កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។

នៅ​ថ្ងៃ​ចន្ទ​នេះ ប្រទេស​តួកគី​បាន​ព្រមាន​សហរដ្ឋ​អាមេរិក​ថា វា​ដល់​ពេល​ដែល​ត្រូវ​សម្រេច​ថា​ត្រូវ​បង្កើត ឬ​ក៏​ផ្ដាច់​ទំនាក់ទំនង​រវាង​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ទំនាក់ទំនង​នេះ​មាន​ភាព​តានតឹង​ខ្លាំងក្លា​ដោយសារតែ​ប្រតិបត្តិការ​របស់​តួកគី​នៅ​ក្នុង​ប្រទេស​ស៊ីរី។ រដ្ឋាភិបាល​តួកគី​បាន​បញ្ជាក់​ដូច្នេះ​គឺ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​ការ​ពិភាក្សា​សំខាន់​ជាមួយ​នឹង​មន្ត្រី​ការទូត​កំពូល​សហរដ្ឋ​អាមេរិក​ចូល​មក​ដល់។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rex Tillerson គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​អង់ការ៉ា ប្រទេស​តួកគី​នៅ​ក្នុង​សប្ដាហ៍​នេះ ដើម្បី​ពិភាក្សា​ស្វែង​រក​ដំណោះស្រាយ ស្រប​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បង្ហាញ​អំពី​ការ​ព្រួយ​បារម្ភ​ធ្ងន់ធ្ងរ​ទាក់ទិន​នឹង​យុទ្ធនាការ​ប្រឆាំង​នឹង​ពួក​កង​ជីវពល Kurd។

រដ្ឋមន្ត្រី​ការបរទេស​តួកគី​លោក Mevlut Cavusoglu បាន​និយាយ​ថា៖ «ទំនាក់ទំនង​រវាង​តួកគី និង​សហរដ្ឋ​អាមេរិក​ស្ថិត​នៅ​ចំណុច​ក៏​សំខាន់​ខ្លាំង​មួយ។ ទំនាក់ទំនង​នេះ​អាច​កែកុន​បាន ឬ​ក៏​អាច​បំផ្លាញ​ទាំង​ស្រុង​បាន»។

រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​កាល​ពី​ខែ​មុន​បាន​ធ្វើ​ប្រតិបត្តិការ​យោធា​ប្រឆាំង​នឹង​កង​ជីវពល​កង​ការពារ​ប្រជាជន Kurd ដែល​ហៅ​កាត់​ថា YPG នៅ​ផ្នែក​ភាគ​ខាង​លិច​នៃ​តំបន់ Afrin នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី។

ប្រទេស​តួកគី​ចាត់​ទុក​ក្រុម YPG ថា​ជា​ក្រុម​ភេរវជន​ដែល​ជា​មែកធាង​មួយ​នៃ​បក្ស​កម្មករ Kurd ខុស​ច្បាប់ ដែល​ហៅ​កាត់​ថា PKK។ ចំណែក​ឯ​សហរដ្ឋ​អាមេរិក​វិញ បាន​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​កង​ជីវពល​ដែល​ប្រឆាំង​នឹង​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​បាន​ផ្ដល់​ជំនួយ​អាវុធ​ដល់​កង​ជីវពល​នោះ៕