នាយករដ្ឋមន្រ្តីតួកគី លោក Binali Yildirim កាលពីថ្ងៃអាទិត្យបានប្រកាសអំពីការគាំទ្ររបស់តួកគីចំពោះសំណើចរចាសន្តិភាពទៅកាន់ពួកបះបោរតាលីបង់នៅអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោក Yildirim បានថ្លែងនៅក្នុងសន្និសីទរួមគ្នាមួយជាមួយនឹងប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani នៅក្នុងទីក្រុងកាប៊ុលថា «ពួកតាលីបង់មិនគួរធ្វើឲ្យបាត់បង់ឱកាសជាប្រវត្តិសាស្រ្ត និងជាឱកាសកម្រនេះឡើយ»។ លោក Ghani បានស្នើកិច្ចចរចាសន្តិភាពគ្មានលក្ខខណ្ឌជាមួយនឹងពួកតាលីបង់អាហ្វហ្គានីស្ថានកាលពីជាងមួយខែមុន នៅអំឡុងពេលសន្និសីទស្តីពីដំណើរការសន្តិភាពនៅក្នុងទីក្រុងកាប៊ុល និងបានស្នើឲ្យមានបទឈប់បាញ់គ្នា។
លោក Shah Hussain Murtazawi អ្នកនាំពាក្យរបស់លោកប្រធានាធិបតីអាហ្វហ្គានីស្ថានបានប្រាប់ VOA ថា «លោក Yildirim បានលើកឡើងម្តងទៀតថារដ្ឋាភិបាលរបស់លោកនឹងបន្តរក្សាជំហរជាមួយនឹងរដ្ឋាភិបាល និងពលរដ្ឋអាហ្វហ្គានីស្ថាន ហើយថាខ្លួននឹងគាំទ្រដំណើរការសន្តិភាពរបស់ប្រទេសអាហ្វហ្គានីស្ថាន»។
ការអំពាវនាវរបស់តួកគីដើម្បីឲ្យមានសន្តិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថានធ្វើឡើងបន្ទាប់ពីពួកតាលីបង់នៅតែរក្សាភាពស្ងៀមស្ងាត់ និងមិនទាន់បានឆ្លើយតបទៅនឹងសំណើចរចាសន្តិភាពនេះ។ ក្រុមប្រឹក្សាសន្តិភាពជាន់ខ្ពស់អាហ្វហ្គានីស្ថាន ដែលមានភារកិច្ចចរចាជាមួយពួកបះបោរបាននិយាយថា ពួកតាលីបង់ប្រហែលជាកំពុងរៀបចំការឆ្លើយតបលើសំណើនេះ។ លោក Sayed Ehsan Tahiri អ្នកនាំពាក្យរបស់ក្រុមប្រឹក្សានេះបានប្រាប់ VOA ថា «យើងបានត្រៀមខ្លួនរួចរាល់ដើម្បីរៀបចំការចរចាជាមួយនឹងពួកតាលីបង់នៅក្នុងប្រទេសណាដែលពួកគេជ្រើសរើស។ ពួកគេគ្មានជម្រើសទេប៉ុន្តែត្រូវយល់ព្រមលើសំណើសន្តិភាពសម្រាប់ពលរដ្ឋអាហ្វហ្គានីស្ថាន»៕