ប្រទេស​តួកគី​ស្វែង​រក​ថាមពល​ពី​ប្រទេស​អាស៊ែបៃហ្សង់

  • Dorian Jones

ប្រធានាធិបតី​តួកគី Recep Tayyip Erdogan និយាយ​ទៅកាន់​អ្នក​គាំទ្រ​នៅ​ទីក្រុង​អង់ការ៉ា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦។

ខណៈ​ដែល​ទំនាក់​ទំនង​រវាង​រុស្ស៊ី​ និង​តួកគី​នៅ​តែ​មាន​ភាព​ជូរចត់​ រដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា​កំពុង​ងាក​រក​​ប្រទេស​អាស៊ែបៃហ្សង់និង​ប្រទេស​នៅ​អាស៊ី​កណ្តាល​ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ក្នុង​ការ​ជួយ​បន្ធូរ​ការ​ពឹងផ្អែក​លើ​ថាមពល​ពី​ប្រទេស​រុស្ស៊ី។

ប្រទេស​ទី​មួយ​ដែល​នាយក​រដ្ឋ​មន្ត្រី​តួកគី​លោក​ Ahmet Davutoglu​ បាន​ទៅ​ធ្វើ​ទស្សនកិច្ចបន្ទាប់​ពី​ការ​បាញ់​ទម្លាក់​យន្តហោះ​នៅ​ខែ​វិច្ឆិកា​គឺប្រទេស​អាស៊ែបៃហ្សង់​ ដែល​ជា​ប្រទេស​ជិត​ខាង។ ​ថាមពល​ឧស្ម័ន​ធម្មជាតិ​ជាង​ពាក់​កណ្ដាល​របស់​ប្រទេស​តួកគី​ពឹង​ផ្អែក​លើ​រុស្ស៊ី​ ហើយ​ការ​កាត់​បន្ថយ​ការ​ពឹង​ពាក់​នោះ​គឺ​ជា​អាទិភាព​មួយ។​

រដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា​ជា​ញឹកញាប់​រៀបរាប់​ពី​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​អាស៊ែបៃហ្សង់​ដែល​ជា​ប្រទេស​សម្បូរ​ដោយ​ថាមពល​ថា​ជា ​«ប្រទេស​ជាតិ​ពីរ ប្រជាជន​តែ​មួយ»។ លោក​ Sinan Ulgen​ បញ្ញវ័ន្ត​ដែល​កំពុងធ្វើ​ទស្សនកិច្ច​នៅ​វិទ្យាស្ថាន​ Carnegie​ ក្នុង​ក្រុង​ព្រុចសែល​និយាយ​ថា​ វា​ជា​ជម្រើស​មួយ​ដែល​គេ​មើល​ឃើញ​យ៉ាង​ជាក់​ស្តែង។

«អាស៊ែបៃហ្សង់​ដែល​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​ទៀត​ដែល​អាច​មាន​លទ្ធភាព​ក្នុង​ការ​ផ្គត់ផ្គង់​តាម​តម្រូវ​ការ​ មាន​ដូច​ជា ឧស្ម័ន​ធម្មជាតិ​ជា​ដើម។ ដូច្នេះ​ ប្រទេស​នេះ​អាច​កាត់​បន្ថយ​ការ​ពឹង​អាស្រ័យ​របស់​ប្រទេស​តួកគីលើ​ប្រទេស​រុស្ស៊ី​ ក៏​ប៉ុន្តែ​ការណ៍​នេះ​ អាច​មាន​ភាព​ប្រែប្រួលក្នុង​ទីក្រុង​បាគូ (Baku) ​រដ្ឋធានី​នៃ​ប្រទេស​អាស៊ែបៃហ្សង់ ដែល​ព្យាយាម​មិន​ឲ្យ​មាន​ការ​ប្រឈម​មុខ​ជាមួយ​ប្រទេស​រុស្ស៊ី។ រុស្ស៊ី​គឺ​ជា​តួអង្គ​សំខាន់​មួយ​ និង​មាន​ឥទ្ធិពល​លើ​ជម្លោះ​នៃ​តំបន់​ Nagorno-Karabakh»។

ក្រុម​អ្នក​ឃ្លាំ​មើល​បាន​ចង្អុល​បង្ហាញ​ពី​ភាព​តាន​តឹង​ដែល​កើត​មាន​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​រវាង​ ប្រទេស​អាស៊ែបៃហ្សង់ និង​ប្រទេស​អាមេនី​ (Armenia) អំពី​បញ្ហា​តំបន់ ​Nagorno-Karabakh​ ដែល​ជា​តំបន់​មាន​ជម្លោះបរិពន្ធភូមិ​នៃ​អំបូរ​អាមេនី​ ក្នុង​ប្រទេស​អាស៊ែបៃហ្សង់។ រដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា​ក៏​កំពុង​តែ​សម្លឹង​រក​ការ​គាំទ្រ​ពី​រដ្ឋ​ដែល​សម្បូរ​ថាមពល​នៅ​អាស៊ី​កណ្តាល​ផង​ដែរ​ ដែល​មាន​ចំណង​ទាក់​ទង​ផ្នែក​ជាតិសាសន៍​ជាមួយ​ប្រទេស​តួកគី។

ផែនទីប្រទេស​អាស៊ៃបៃហ្សង់

គណបក្ស​កាន់​អំណាច​ AK​ នៅ​តួកគី​ដឹកនាំ​ដោយ​ប្រធានាធិបតី​ Recep Tayyip Erdogan​ បាន​វិនិយោគ​ទុន​ផ្នែក​នយោបាយ​ និង​ហិរញ្ញវត្ថុ​នៅ​ក្នុង​តំបន់​នោះ។ បើ​ទោះ​បី​ជា​មាន​ការ​ខំប្រឹង​ប្រែង​ដូច​នេះ​ក្តី​ លោក Semih Idiz​ អ្នក​សរសេរ​អត្ថបទ​អធិប្បាយ​នយោបាយ​របស់​កាសែត​ Cumhuriyet នៃ​ប្រទេស​តួកគី​ និយាយ​ថា​ប្រទេស​តួកគី​នៅ​តែ​តស៊ូ​ក្នុង​ការ​ស្វែង​រក​ការគាំទ្រ។

«ខ្ញុំ​មិន​គិត​ថា​ តួកគី​មាន​ការ​គាំទ្រ​ពី​ប្រទេស​ទាំង​នេះដោយ​ស្វ័យ​ប្រវត្តិ​នោះ​ទេ។ ដូច​អ្នក​បាន​ឃើញ​ហើយ ​សាធារណរដ្ឋ​មួយ​ចំនួន​នៅ​អាស៊ី​កណ្តាល​បូក​រួម​ទាំងអាស៊ែបៃហ្សង់​ផង​ កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដ៏​លំបាក​មួយ​ ដោយសារ​ការ​ប្រយុទ្ធ​បែប​នេះ​រវាង​តួកគី​និង​រុស្ស៊ី​ ពីព្រោះ​បើ​និយាយ​ពី​ផ្នែក​នយោបាយ​ ពួក​គេ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រទេស​រុស្ស៊ី។ ប្រទេស​ទាំង​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​សហភាព​ការពារ​របស់​ប្រទេស​រុស្ស៊ី​ ដែល​ទីក្រុង​មូស្គូ​មាន​ ហើយ​ពួកគេ​មាន​កិច្ច​ព្រមព្រៀង​ជា​ច្រើន​ជាមួយ​រុស្ស៊ី​ដែល​ពួក​គេ​មិន​អាច​មើល​រំលង​បាន។ ដូច្នេះ​ អ្នក​នឹង​កត់​សម្គាល់​ឃើញ​ថា​ ចាប់​តាំង​ពីវិបត្តិ​បាញ់​ទម្លាក់​យន្ត​ហោះ​រុស្ស៊ី​មក​ សាធារណ​រដ្ឋ​ទាំង​នេះ​មិន​សូវ​ក្រអើត​ក្រទម​ខ្លាំង​ទេ»។

កាលពី​ខែ​ធ្នូ​ ប្រធានាធិបតី​ Almazbek Atambayev​ នៃ​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​ (Kyrgystan) បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា​ធ្វើ​ការ​សុំទោស​ទីក្រុង​មូស្គូ​ ចំពោះ​ការ​បាញ់​ទម្លាក់​យន្តហោះ​របស់​រុស្ស៊ី​ដោយ​យន្តហោះ​ចម្បាំង​របស់តួកគី។ លោក​ Almazbek Atambayev​ កាល​ពី​អតីតកាល​បាន​ចាត់​ទុក​សមភាគី​តួកគី​ថា​ជា​ «បង​ប្រុស» របស់​គាត់។ លោក​ Ibrahim Kalin​ អ្នក​នាំ​ពាក្យ​របស់​ប្រធានាធិបតី​តួកគី​ បាន​អធិប្បាយ​ការ​សុំទោស​នោះ​ថា​ជា​រឿង​ ដែល​គួរ​ឲ្យ​អភ័ព្ធ​មួយ។ ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា​ ទីក្រុង​មូស្គូ​នឹង​ផ្តល់​ឲ្យ​ក្រុង​អង់ការ៉ា​ នូវ​មេរៀន​ដ៏​លំបាក​មួយ​ក្នុង​រឿង​នយោបាយ​ជាក់ស្តែង​ ពេល​និយាយ​ដល់​តំបន់ ​Caucasus​ និង​អាស៊ី​កណ្តាល៕

ប្រែសម្រួល​ដោយ​ នៀម ឆេង