ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Biden៖ ស.រ.អា.​ទទួល​ក្រុម Kurd ជា​ការ​គំរាម​កំហែង​ដល់​ប្រទេស​តួកគី


លោក Joe Biden អនុ​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​ (រូប​ឆ្វេង) ចាប់​ដៃ​ជាមួយ​លោក Ahmet Davutoglu នាយក​រដ្ឋ​មន្រ្តី​តួកគី (រូប​ស្តាំ) បន្ទាប់​ពី​បាន​ចូលរួម​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ក្នុង​ក្រុង Istanbul កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦។

កាល​ពី​ថ្ងៃ​សៅរ៍​ លោក​ Joe Biden អនុ​ប្រធានាធិបតី​ស.រ.អា.​បាន​មាន​ប្រសាសន៍​ប្រាប់​ប្រទេស​តួកគី​ថា​ ស.រ.អា.​ទទួល​ស្គាល់​ថា​គណបក្ស​កម្មករ​ Kurdistan ​ដែល​ហៅ​កាត់ថា​ PKK ​ជា​ការ​គំរាមកំហែង​មួយ​ដល់​រដ្ឋាភិបាល​ក្រុង​ អង់ការ៉ា (Ankara) ដូច​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ដែរ ទោះ​ណា​ជា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​គាំទ្រ​កង​កម្លាំង​ Kurd ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ ជីហាដ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ក៏​ដោយ។​

លោក​ Biden បាន​ឋិត​នៅ​ក្នុង​ក្រុង​ Istanbul ដើម្បី​ជួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ Ahmet Davutoglu និង​លោក​ប្រធានាធិបតី​ Recep Tayyip Erdogan នៅ​មុន​មាន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ចាប់ផ្តើម​កិច្ច​ចរចា​អន្តរជាតិ​អំពី​អនាគត​នៃ​ប្រទេស​ស៊ីរី។

នៅ​ក្រោយ​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​តួកគី លោក Biden បាន​មាន​ប្រសាសន៍​ថា​ ពួក​យុទ្ធជន​រដ្ឋ​ឥស្លាម «មិនមែន​ជា​ការ​គំរាម​កំហែង​ខ្លាំង​តែ​មួយ​ដល់​ប្រជារាស្ត្រ​នៃ​ប្រទេស​តួកគី​ទេ។​ ពួក​ PKK ក៏​ជា​ការ​គំរាមកំហែង​ស្មើ​គ្នា​នឹង​ពួក​រដ្ឋ​ឥស្លាម​ដែរ​ហើយ​យើង​ដឹង​ពី​រឿង​នេះ​ហើយ។ ពួក​ PKK ជា​ពួក​ភេរវជន​ហើយ​អ្វី​ដែល​ពួក​នេះ​បន្ត​ធ្វើ​ត​ទៅ​ទៀត​ជា​ការ​នាំ​ឱ្យ​ខឹង​សម្បារ​យ៉ាង​ខ្លាំង។ «ក្រុម​អ្នក​សង្កេតការណ៍​តួកគី​បាន​កត់​សម្គាល់ ថា​លោក​ Biden មិន​បាន​បរិហារ​រិះគន់​ពួក​ជីវពល​ Kurd ស៊ីរី​ដែល​គេ​ស្គាល់​ថា ជា​កង​ឯកភាព​ការពារ​របស់​ប្រជារាស្ត្រ​ដែល​ភាសា​អង់គ្លេស​ហៅ​ថា People's Protection Units ទេ និង​ ដែល​រដ្ឋាភិបាល​ក្រុងអង់ការ៉ា​បាន​ប្រឆាំង​យ៉ាង​ខ្លាំង​ដូច​ពួក​ PKK ដែរ។ ​ពួក​ជីវពល​នេះ​ដែល​គេ​ស្គាល់​ថា​ YPG ក្នុង​ភាសា​ Kurd ជា​សាខា​ប្រដាប់​អាវុធ​នៃ​គណបក្ស​សហភាព​ប្រជាធិបតេយ្យ​ Kurd នៃ​ប្រទេស​ស៊ីរី​ដែល​មាន​អំណាច​ខ្លាំង​ហើយ​ដែល​ហៅ​កាត់ថា​ PYD៕

XS
SM
MD
LG