ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តួកគី​និយាយ​ថា យន្តហោះ​រុស្សី​រំលោភ​លើ​ដែន​អាកាស​របស់​ខ្លួន


ប្រធានាធិបតី​តួកគី​លោក​ Recep Tayyip Erdogan បាន​ព្រមាន​ប្រទេស​រុស្សី​ថា រុស្សី​នឹង​ទទួល​«ផលវិបាក» ប្រសិន​បើ​រុស្សី​នៅ​តែ​បន្ត​ការ​រំលោភ​បែប​នេះ​ត​ទៅ​ទៀត។

ភាព​តានតឹងបាន​កើន​ឡើង​រវាង​តួកគី​ និង​រុស្សី​កាល​ពី​ថ្ងៃ​សៅរ៍ នៅ​ពេល​ដែល​ប្រទេស​តួកគី និង​សម្ព័ន្ធ​អូតង់​និយាយ​ថា យន្តហោះ​ចម្បាំង​រុស្សី​មួយ​គ្រឿង​បាន​រំលោភ​លើ​ដែន​អាកាស​របស់​តួកគី។

ប៉ុន្តែ​រុស្សី​បាន​បដិសេធ​ការ​ចោទប្រកាន់​របស់​តួកគី​ដោយ​និយាយ​ថា ការ​លើកឡើង​នេះ​គឺ​ជា «ការ​ឃោសនា​ដែល​គ្មាន​មូលដ្ឋាន​»។

ក្រសួង​ការបរទេស​តួកគី​និយាយ​ថា យន្តហោះ​ចម្បាំង​រុស្សី ម៉ាក Su-34 បាន​ហោះ​ចូល​ដែន​អាកាស​របស់​តួកគី កាល​ពី​ថ្ងៃ​សុក្រ នៅ​ម៉ោង 09:45 ម៉ោង​សកល ទោះបី​ជា​មន្ត្រី​តួកគី និង​មន្ត្រី​អូតង់ និយាយ​ថា មាន​ការ​ព្រមាន​ជា​ច្រើនក៏ដោយ។

ប្រធានាធិបតី​តួកគីលោក​ Recep Tayyip Erdogan ​បាន​ព្រមាន​ប្រទេស​រុស្សី​ថា រុស្សី​នឹង​ទទួល​«ផលវិបាក» ប្រសិន​បើ​រុស្សី​នៅ​តែ​បន្ត​ការ​រំលោភ​បែប​នេះ​ត​ទៅ​ទៀត។ ប្រធានាធិបតី​តួកគី​ក៏​បាន​ហៅ​សកម្មភាព​របស់​រុស្សី​ថា​ជា​ការ «គ្មាន​ការ​ទទួលខុសត្រូវ»។

រដ្ឋាភិបាល​តួកគី​និយាយ​ថា ខ្លូន​បាន​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​រុស្សី​ប្រចាំ​នៅ​ទីក្រុង​អង់ការ៉ា ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​រំលោភ​ចូល​ដែន​អាកាស​នេះ។

ចំណែក​នៅ​ឯ​ទីក្រុង​មូស្គូ​វិញ អ្នក​នាំ​ពាក្យ​ក្រសួងការពារជាតិ​រុស្សី​ម្នាក់​ និយាយ​ថា «មិន​មាន​ការ​រំលោភ​ចូល​ដែន​អាកាស​របស់​តូកគី​ពី​សំណាក់​យន្តហោះ​ចម្បាំង​រុស្សី​ណាមួយ​ទេ»៕

XS
SM
MD
LG