រដ្ឋមន្ត្រីការ​ពារ​ប្រទេស​ស.រ.អា.បាន​​ថា​តួកគី​ធ្វើ​ឲ្យ​ខ្លួន​ស្ថិត​ក្នុង​«ស្ថានភាព​អាក្រក់»

ក្រុម​យុទ្ធជន​តួកគី​គាំទ្រ​ដោយ​ស៊ីរីអង្គុយ​នៅ​លើរថយន្ត​មួយ​ក្នុង​ទីក្រុង​ Tal Abyad ប្រទេស​ស៊ីរី​កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ២០១៩។

លោក​រដ្ឋមន្ត្រីការ​ពារ​ប្រទេស​ស.រ.អា. Mark Esper បាន​មាន​ប្រសាសន៍​ថា​ការ​វាយ​លុក​របស់​ប្រទេសតួកគីប្រឆាំង​និងពួក​ជន​អំបូរ ឃឺត ក្នុង​ភាគឦសាន​នៃ​ប្រទេស​ស៊ីរី​ជារឿង​«គ្មាន​ហេតុផលល្អ» ហើយ​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា «កំពុងឋិត​នៅ​ក្នុង​ផ្លូវ​ខុស» នៅ​ក្រោយ​មានកិច្ច​ព្រមព្រៀង​របស់​ខ្លួន​ជាមួយ​ប្រទេស​រុស្ស៊ី​ក្នុងការ​យាមល្បាត​រួម​គ្នា​នៅក្នុង«តំបន់​មាន​សុវត្ថិភាព» មួយ​នៅក្នុង​ប៉ែក​នោះ​នៃ​ប្រទេសស៊ីរី។​

លោក Esper បាននិយាយ​នៅ​ឯ​មូលនិធិ Marshall អាល្លឺម៉ង់​នៅ​មុន​ការ​ប្រជុំ​មួយ​របស់អង្គការ​អូតង់​នៅ​ក្នុងរាជធានី​ប្រ៊ុចសែល នៅ​ថ្ងៃព្រហស្បតិ៍​ថា​«ប្រទេស​តួកគីបាន​ដាក់យើង​ក្នុង​ស្ថានភាព​អាក្រក់​ណាស់»។

កង​កម្លាំងតួកគី​បាន​ចូលលុក​លុយ​ក្នុងភាគ​ខាង​ជើង​នៃ​ប្រទេសស៊ីរី​កាលពី​ឲក្នុង​ខែមុន​នេះ​បន្ទាប់ពីស.រ.អា.សម្រេចដក​កង​កម្លាំង​ខ្លួនចេញពី​ទី​នោះ។ស.រ.អា.បានជួយ​សម្របសម្រួល​ឱ្យ​បទ​ឈប់បាញ់គ្នាមួយនៅក្នុង​ការ​វាយ​លុក​របស់ តួកគី។

លោកប្រធានាធិបតី​ Donald Trump បាន​និយាយ​កាលពីថ្ងៃពុធ​ថា​ប្រទេស​តួកគី បាន​ធានា​រ៉ាប់រង​ប្រាប់លោកថា​បទឈប់បាញ់គ្នា​នេះ​នឹង​មាន​ភាព​អចិន្ត្រៃយ៍​ដែល​ជា​ព្រឹត្តិការណ៍​មួយ​លោកថ្លែងថា​អនុញ្ញាត​ឱ្យ​ស.រ.អា.លប់ចោល​ការ​ដាក់ទណ្ឌកម្មកាលពី​ពេលថ្មីៗ​លើ​រដ្ឋាភិបាល​ក្រុង អង់ការ៉ា។ លោក​បានថ្លែង​ថា​ប្រទេស​ឯទៀតៗគួរមានការ​ទទួល​ខុស​ត្រូវ​ថែ​រក្សា​សន្តិភាព​នៅក្នុង​តំបន់នោះ។

លោក Trump បាននិយាយអំពីកិច្ច​ខិតខំប្រឹងប្រែង​របស់​ស.រ.អា.ក្នុង​ការបញ្ឈប់​ការ​ប្រយុទ្ធ​គ្នារវាង​ប្រទេស តួកគី ដែល​ជា​សម្ព័ន្ធមិត្ត​មួយក្នុង​អង្គការអូតង់និង​កង​កម្លាំង​ប្រជាធិបតេយ្យស៊ីរី​ដែលមានយុទ្ធជន​ភាគ​ច្រើន​ជា​ជន​អំបូរ​ ឃឺត ដែលជា​ដៃ​គូ​សំខាន់មួយ​ក្នុង​យុទ្ធនាការ​ដឹក​នាំ​ដោយ​ស.រ.អា.ក្នុងការ​យក​ជ័យជំនះលើ​ពួករដ្ឋ ឥស្លាម។ ​លោកបានថ្លែងថា«យើង​បានធ្វើសេវា​ធំមួយ​សម្រាប់ពួកគេ»។

លោក​ប្រធានាធិបតី​បាននិយាយ​ថា«នេះជា​លទ្ធផល​មួយដែល​យើង​ស.រ.អា.​បាន​បង្កើតឱ្យមាន​ហើយគ្មាននរណា​ធ្វើឱ្យមានទេ។ ​នៅ​ពេល​នេះយើង​ចាកចេញ​ពី​ទី​នោះ...ទុក​ឱ្យ​នរណា​ទៀត​ប្រយុទ្ធគ្នា​ដណ្តើម​តំបន់មានដី​ខ្សាច់​ប្រឡាក់​ឈាមយ៉ាង​វែង​នោះ​ចុះ»៕