តួកគី​ទទួល​បាន​ប្រព័ន្ធ​ការ​ពារ​មីស៊ីល ​S-400 ​របស់​រុស្ស៊ី​ដែល​បញ្ជូន​មក​ដល់​លើក​ដំបូង

យន្ត​ហោះ​រុស្ស៊ី​ដែល​គេ​បាន​រាយការណ៍​ថា​បាន​ដឹក​ផ្នែក​នៃ​ប្រព័ន្ធ​ការពារ​មីស៊ីល ​S-400 ចុះ​ចត​នៅ​ព្រលាន​យន្ត​ហោះ​យោធា ក្នុង​រដ្ឋ​ធានី​អង់ការ៉ា ប្រទេស​តួកគី កាល​ពី​ថ្ងៃ​ទី​១២ កក្កដា ២០១៩។

ក្រសួង​ការពារ​ជាតិប្រទេស​តួកគី​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ ប្រទេស​នេះ​បាន​ទទួល​មីស៊ីល ​S-400​ របស់​រុស្ស៊ី​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​សុក្រ។ ​

ប្រព័ន្ធ​មីស៊ីល​ការពារ​ដែន​អាកាស​វង់​ប្រតិបត្តិការ​មធ្យម​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់មូល​ដ្ឋាន​ទ័ព​អាកាស​ Murted ​នៅ​ខាង​ក្រៅ​រដ្ឋធានី​អង់ការ៉ា។ ​កិច្ចព្រម​ព្រៀង​ទិញ​អាវុធ​រុស្ស៊ីជាលើក​ដំបូង​ដោយសមាជិក​អង្គការ​អូតង់​នេះ​ ​បាន​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភថា ​ប្រទេស​តួកគី​កំពុង​ខិត​កាន់​តែ​ជិត​ទៅ​រក​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ។ ​

សហ​រដ្ឋ​អាមេរិក​បាន​ជំរុញ​ឱ្យ​ប្រទេស​តួកគី​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ទិញ​អាវុធ​តម្លៃ​ជាង​២​ពាន់​លាន​ដុល្លារ​នេះ​ ដោយ​ព្រមាន​ដាក់​ទណ្ឌកម្មរដ្ឋាភិបាលក្រុង​អង់ការ៉ា ​និង​បណ្តេញ​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ធ្វើយន្ត​ហោះ​ចម្បាំង​ F-35 ​ដែល​អាច​ធ្វើ​ឲ្យ​ប្រទេស​តួកគី​ខាត​បង់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​ការ​បាត់​បង់​កិច្ច​សន្យា​នេះ។

ប្រទេស​តួកគី​គ្រោង​នឹង​ទិញ​យន្តហោះ​ F-35 ​ក្រោម​កម្មវិធី​ដែល​រួម​មាន​ការ​បណ្តុះ​បណ្តាល​អាកាស​យានិក​តួកគី​នៅ​សហ​រដ្ឋ​អាមេរិក​ផង។​ ​ឥឡូវ​កម្មវិធី​នេះទំនងជា​ត្រូវ​ផ្អាក។ ​

សហរដ្ឋ​អាមេរិក​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា ​ប្រព័ន្ធ​អាវុធ​រុស្ស៊ី​គឺ​មិន​ស្រប​នឹង​ប្រព័ន្ធ​របស់​អង្គការ​អូតង់​ទេ​ ហើយ​វា​ជា​ការ​គំរាម​កំហែង​ដល់​យន្តហោះ F-35។ ​

ប្រទេស​តួកគី​បាន​បដិសេធ​មិន​ធ្វើតាម​ការ​ទាមទារ​របស់​អាមេរិក​ ដោយ​ទទូច​ថា​ការ​សម្រេច​ជ្រើស​រើស​ទិញ​ឧបករណ៍​ការពារ​ជាតិ​គឺ​ជា​បញ្ហា​អធិប​តេយ្យ​ភាព​ជាតិ៕