ស្របពេលសង្គ្រាមរវាងរដ្ឋឥស្លាមកំពុងឆាបឆេះនៅប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី បូកផ្សំនឹងសង្គ្រាមផ្ទៃក្នុងរបស់ប្រទេសស៊ីរីដែលនៅតែបន្ត ការបង្ការការបែកបាក់របស់ប្រទេសជិតខាងនៅភាគខាងត្បួងរបស់ប្រទេសតួកគីជាអាទិភាពទី១ នេះបើយោងតាមលោកស្រី Ayse Sozen Usluer ប្រធានផ្នែកកិច្ចការបរទេសរបស់លោកប្រធានាធិបតី Recep Tayyip Erdogan។ លោកស្រី Usluer បានបន្ថែមទៀតថា ចំនុចសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺការកាត់បន្ថយភាពតានតឹងក្នុងតំបន់ និងការប្រជែងគ្នារបស់និកាយផ្សេងៗ ជាពិសេសរវាងប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអ៊ីរ៉ង់។
«យើងមានទំនាក់ទំនងល្អជាមួយនឹងប្រទេសអារ៉ាប៊ី សាអូឌីត ហើយយើងក៏មានទំនាក់ទំនងល្អជាមួយប្រទេសអ៊ីរ៉ង់ដែរ។ រាល់ពេលដែលពួកយើងជួបគ្នា និងអង្គុយជជែកគ្នាជាមួយពួកគេ យើងតែងតែពិភាក្សាអំពីការការពារសាមគ្គីភាព»។
ការគំរាមកំហែងទៅកាន់ជនជាតិ Turkmen ជនជាតិដើម Turks និងជនជាតិភាគតិច Sunni ដែលមានចំនួនច្រើន គឺដោយសារការប្រជែងគ្នា ដែលរដ្ឋាភិបាលទីក្រុងអង់ការ៉ាបានលើកឡើងជាមូលហេតុដែលមានកម្លាំងយោធាជាច្រើនឈរជើងនៅតាមព្រំប្រទល់អ៊ីរ៉ាក់។ រដ្ឋាភិបាលទីក្រុងបាកដាដបានចោទប្រកាន់រដ្ឋាភិបាលក្រុងអង់ការ៉ាពីការប៉ងយកទឹកដីប្រទេសអ៊ីរ៉ាក់ ដែលធ្លាប់ជាមួយផ្នែកនៃអាណាចក្រ Ottoman មកវិញប៉ុន្តែលោកស្រី Usluer នៅតែនិយាយថាកម្លាំងយោធារបស់តួកគីគឺគ្រាន់តែជាការប្រុងប្រយ័ត្នជាមុនប៉ុណ្ណោះ។
«ឲ្យតែយើងការពារបូរណភាពទឹកដីរបស់អ៊ីរ៉ាក់ តួកគីនឹងគ្មានមហិច្ចិតា ចូលក្នុងប្រទេសអ៊ីរ៉ាក់ទេ… ហើយតួកគីគួរតែចូលរួមក្នុងប្រតិបត្តិការ និងចូលរួមក្នុងតុចរចាផងដែរ។ នេះគឺពីព្រោះតួកគីចង់ការពារផលប្រយោជន៍របស់ក្រុមតូចៗនៅក្នុងតំបន់ ព្រោះតួកគីមានចំណងយ៉ាងមាំ ចំណងប្រវត្តិសាស្រ្តជាមួយអ៊ីរ៉ាក់»។
រដ្ឋាភិបាលតួកគីកំពុងបង្កើនឥទ្ធិពលរបស់ខ្លួនទៅដល់អ៊ីរ៉ាក់ តាមរយៈទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយលោក Masoud Barzani ប្រធានាធិបតីរបស់រដ្ឋាភិបាលតំបន់ Kurdistan ដែលជារដ្ឋាភិបាលពាក់កណ្តាលស្វយ័ត។ លោកស្រី Usluer និយាយថា លោក Barzani កំពុងតែដើរតួសំខាន់មួយក្នុងការប្រយុទ្ធរបស់តួកគីជាមួយក្រុមឧទ្ទាម Kurdish ក្រុម PKK ដែលកំពុងប្រយុទ្ធជាមួយរដ្ឋតួកគីដើម្បីទាមទារសិទ្ធិជនជាតិភាគតិចឲ្យបានកាន់តែច្រើន។
«លោក Barzani បានក្លាយជាអ្នកដឹកនាំ Kurdishទីមួយ ដែលយល់ពីបញ្ហារបស់ក្រុមPKK និងបញ្ហា Kurdish នៅប្រទេសតួកគី ហើយលោកអាចបែងចែកបញ្ហាទាំងនេះបាន។ លោកទទួលស្គាល់ថា PKK ជាអង្គការភេរវជនមួយ។ លោកយល់ដឹងពីបញ្ហា Kurdishនៅតួកគី»។
ក្រុមបញ្ជាការរបស់យោធា PKK មានទីតាំងនៅផ្នែកខាងជើងរបស់អ៊ីរ៉ាក់ដែលនៅក្បែរនោះ ប៉ុន្តែក៏បានបង្កើនឥទ្ធិពលខ្លួនដល់អ៊ីរ៉ាក់ និងស៊ីរី ដោយប្រើប្រាស់អាវុធតទល់នឹងរដ្ឋឥស្លាម។ សម្ព័ន្ធរបស់ពួកគេ គឺក្រុម YPG នៅស៊ីរី ទទួលបានជំនួយយោធាពីសហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុប។
ដើម្បីតទល់នឹងការគំរាមកំហែងនេះ រដ្ឋាភិបាលក្រុងអង់ការ៉ាបានទាក់ទងទៅរដ្ឋាភិបាលក្រុងមូស្គូ។ ផលប្រយោជន៍ដំបូងនៃគោលនយោបាយនេះ គឺរដ្ឋាភិបាលក្រុងមូស្គូនឹងផ្តល់ជំនួយសម្ងាត់ទៅកាន់យោធារបស់តួកគី ដើម្បីចូលក្នុងប្រទេសស៊ីរីប្រឆាំងតទល់នឹងរដ្ឋឥស្លាម និងក្រុមYPG។ ខែក្រោយ នាយករដ្ឋមន្រ្តីប្រទេសតួកគី លោក Binali Yildirim នឹងចូលរួមកិច្ចពិភាក្សាអំពីស៊ីរី និងការចងសម្ព័ន្ធទ្វេភាគី។ សម្ព័ន្ធមិត្តNATO មួយចំនួនរបស់តួកគីកំពុងសង្ស័យ ថាតើភក្តីភាពរបស់រដ្ឋាភិបាលក្រុងអង់ការ៉ានៅត្រង់ណា។ លោកស្រី Usluer និយាយថាគោលនយោបាយកិច្ចការបរទេសរបស់តួកគីកំពុងវិវត្ត។
«នេះមិនមែនជាការជ្រើសរើសធំដុំរវាងលោកខាងលិច និងរុស្ស៊ីទេ។ វាក៏មិនមែនជាការជ្រើសរើសយកតែមួយក្នុងចំណោម២ដែរ។ ប៉ុន្តែ តួកគីនៅតែអាចមានជម្រើសគោលនយោបាយបរទេសច្រើនយ៉ាង ព្រោះយើងមិនមែនរស់នៅក្នុងសង្គ្រាមត្រជាក់ទៀតទេ»។
ទំនាក់ទំនងបរទេសច្រើនយ៉ាងរបស់រដ្ឋាភិបាលក្រុងអង់ការ៉ា កើតឡើងស្របពេលជាមួយនឹងទំនាក់ទំនងតានតឹងជាមួយសម្ព័ន្ធមិត្តប្រទេសខាងលិចដែលមិនធ្លាប់មានពីមុនមក។ គោលបំណងចូលរួមសហព័ន្ធអឺរ៉ុបរបស់តួកគីដែលប៉ងជាច្រើនទសវត្សរ៍មកហើយ ហើយក៏ជាចំណតប្រវត្តិសាស្រ្តមួយសម្រាប់ការឈានទៅរកលោកខាងលិចរបស់តួកគី កំពុងតែជិតរលាយសាបសូន្យ។ លោកស្រី Usluer និយាយថាការចូលជាសមាជិកនៅតែជាគោលដៅតាមយុទ្ធសាស្រ្តមួយ ប៉ុន្តែវានឹងមិនមែនជាការបញ្ចប់នៃប្រវត្តិសាស្រ្តឡើយ។ ប្រសិនបើវាបញ្ចប់ ការសម្រេចចិត្តចាកចេញពីសហព័ន្ធអឺរ៉ុបរបស់ប្រទេសអង់គ្លេសអាចជាឧទាហរណ៍បាន៕
ប្រែសម្រួលដោយ វិញ សុជាតា