លោក Mevlut Cavusoglu រដ្ឋមន្ត្រីការបរទេសនៃប្រទេសតួកគី បានត្រូវគេរារាំងកាលពីថ្ងៃសៅរ៍មិនឲ្យចុះចតនៅក្នុងប្រទេសហូឡង់ ខណៈមានការតវ៉ាប្រឆាំងកាន់តែខ្លាំងដល់យុទ្ធនាការរបស់តួកគីនៅទូទាំងសហភាពអឺរ៉ុប។
ប្រធានាធិបតី Recep Tayyip Erdogan នៃប្រទេសតួកគី បានថ្កោលទោសយ៉ាងខ្លាំងដល់ចំណាត់ការនេះ ដោយបានហៅដៃគូអង្គការអូតង់របស់លោកថាជា «សំណល់ពួកណាហ្ស៊ី» ដែលជាការប្រៀបធៀបលើកទី២ដែលលោកបានធ្វើរវាងប្រទេសនៅអឺរ៉ុបនិងពួកណាហ្ស៊ីនៅសប្តាហ៍នេះ។
លោក Mark Rutte នាយករដ្ឋមន្ត្រីនៃប្រទេសហុល្លង់ បានប្រាប់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា៖ «ជាការពិត វាជាកំណត់សម្គាល់ដ៏ល្ងង់ខ្លៅមួយ។ ខ្ញុំយល់អ្វីដែលពួកគេខឹងសម្បា ក៏ប៉ុន្តែ ជាការពិត វាជាការមិនអាចទទួលបាន»។ ភ្លាមៗបន្ទាប់ពីការអត្ថាធិប្បាយទាំងនេះ ទីភ្នាក់ងារព័ត៌មាន Anadolu ដែលកាន់កាប់ដោយរដ្ឋតួកគី បានប្រកាសថា លោកស្រី Fatman Betul Sayan Kaya រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គមដែលនៅពេលបច្ចុប្បន្ននេះបានស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់ នឹងធ្វើដំណើរទៅកាន់ប្រទេសហុល្លង់តាមដីគោក ដើម្បីចូលរួមពិធីមួយដែលលោកស្រីគ្រោងនឹងនិយាយទោះបីវាត្រូវបានលប់ចោលក៏ដោយ។
ប្រទេសជាច្រើននៅសហភាពអឺរ៉ុប បានជំទាស់ប្រឆាំងដំណើទស្សនកិច្ចដោយរដ្ឋមន្ត្រីតួកគីដែលកំពុងធ្វើយុទ្ធនាការមុនពេលការបោះឆ្នោតប្រជាមតិដើម្បីកែប្រែរដ្ឋធម្មនុញ្ញតួកគី។ រដ្ឋាភិបាលតួកគីចង់ទទួលបានការគាំទ្រក្នុងចំណោមជនជាតិតួកគីរាប់លាននាក់ដែលកំពុងរស់នៅក្នុងសហភាពអឺរ៉ុបដើម្បីផ្តល់អំណាចកាន់តែច្រើនឡើងដល់ប្រធានាធិបតី Recep Tayyip Erdogan ដែលគ្រោងកាន់អំណាចរហូតដល់ឆ្នាំ២០២។
ការតានតឹងបានកើនឡើងអស់រយៈពេលជាច្រើនថ្ងៃ នៅពេលដែលពួកអាជ្ញាធរមូលដ្ឋាននៅក្នុងប្រទេសអូទ្រីស និងអាល្លឺម៉ង់ បានរារាំងការបង្ហាញខ្លួនរបស់ពួកមន្ត្រីតួកគី ដែលសង្ឃឹមទទួលបានពួកអ្នកគាំទ្រនៅអឺរ៉ុប៕