មន្ត្រីតួកគីនិយាយថាចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅក្នុងពិធីមង្គលការមួយក្នុងប្រទេសតួកគី បានកើនឡើងដល់យ៉ាងតិច៥០នាក់ហើយ។ មនុស្សជាច្រើននាក់ទៀត បានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកនោះ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu បានដកស្រង់សម្ដីរបស់អភិបាលខេត្ត Gaziantep ដែលនិយាយថា ការបំផ្ទុះគ្រាប់បែក ដែលបានកើតឡើងនៅប៉ែកអាគ្នេយ៍ដ៏មានបញ្ហានៃប្រទេសនោះ គឺជាអំពើភេរវកម្ម។
ប្រធានាធិបតី តួកគី លោក Recep Tayyip Erdogan បានថ្កោលទោសការវាយប្រហារដោយគ្រាប់បែកនោះ ដែលលោកបានស្តីបន្ទោសទៅលើក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមឬអាយស៊ីស។
ប៉ុន្តែ ពុំទាន់មានការអះអាងទទួលខុសត្រូវពីភាគីណាមួយនៅឡើយទេ ចំពោះការបំផ្ទុះគ្រាប់បែកនេះ។
លោកឧបនាយករដ្ឋរដ្ឋមន្ត្រីតួកគី Mehmet Simsek មានប្រសាសន៍ថា ការបំផ្ទុះគ្រាប់បែកនេះ ហាក់ដូចជាការបំផ្ទុះគ្រាប់បែកអត្តឃាត ហើយក្រុមមន្ត្រី បានសង្ស័យថា អាចមានការពាក់ព័ន្ធនឹងពួកឧទ្ទាមឃឺដ ឬក្រុមសកម្មប្រយុទ្ធអាយស៊ីស។
ការផ្ទុះគ្រាប់បែកនេះ បានកើតឡើងនៅក្នុងសាលរៀបចំពិធីរៀបមង្គលការក្នុងក្រុង Gaziantep ដែលជាក្រុងដ៏សំខាន់របស់តួកគី ដោយមានពលរដ្ឋឃឺដជាច្រើនរស់នៅ ស្ថិតនៅចម្ងាយប្រមាណ៦០គីឡូម៉ែត្រ ពីព្រំដែនប៉ែកខាងជើងជាប់ប្រទេសស៊ីរី។
សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា មានវត្តមានជនជាតិឃឺដ ជាច្រើននៅក្នុងពិធីមង្គលការនោះ។ ការណ៍នេះ ធ្វើឲ្យមានការសង្ស័យអំពីការពាក់ព័ន្ធរបស់ក្រុមសកម្មប្រយុទ្ធអាយស៊ីស។
គណបក្សប្រជាធិបតេយ្យប្រជាជន ដែលគាំទ្រពួកឃឺដ ត្រូវបានដកស្រង់សម្តី ដែលនិយាយថា សមាជិករបស់ខ្លួន ក៏មានវត្តមាននៅក្នុងពិធីមង្គលការនោះដែរ ហើយក៏មានស្ត្រីនិងកុមារជាច្រើន ក៏បានចូលរួមនៅក្នុងពិធីមង្គលការនោះដែរ។
តំបន់នោះ ក៏ជាកន្លែងកើតហេតុនៃការផ្ទុះគ្រាប់បែកទ្រង់ទ្រាយតូចជាងនេះចំនួនបី នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលរដ្ឋាភិបាលក្រុងអង់ការ៉ា បានភ្ជាប់ទៅនឹងពួកឧទ្ទាមពីខាងគណបក្សពលករឃឺដ ឬ PKK ដែលត្រូវបានដាក់ឲ្យនៅក្រៅច្បាប់។
គណបក្ស PKK បានធ្វើការបះបោរប្រដាប់អាវុធមួយកាលពីឆ្នាំ១៩៨៤ ដោយស្វះស្វែងបង្កើតមាតុភូមិស្វយ័តមួយ ក្នុងតំបន់ដ៏ធំទូលាយនាប៉ែកអាគ្នេយ៍ ជាប់ព្រំដែនប្រទេសស៊ីរី អ៊ីរ៉ាក់ និងអ៊ីរ៉ង់។
មនុស្សជិត៥ម៉ឺននាក់ បានស្លាប់នៅក្នុងការប្រយុទ្ធគ្នាក្នុងគ្រាដែលមានការបះបោរនោះ៕