លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan បានអំពាវនាវឲ្យមានសហប្រតិបត្តិការអន្តរជាតិក្នុងការជួយចែករំលែកបន្ទុកនៃការដោះស្រាយវិបត្តិមនុស្សធម៌ដ៏ធំជាងគេរបស់ពិភពលោក។
លោក Erdogan បានថ្លែងយ៉ាងដូច្នេះកាលពីថ្ងៃច័ន្ទនៅក្នុងរដ្ឋធានីអ៊ីស្តង់ប៊ុលនៅក្នុងកិច្ចប្រជុំកំពូលមួយដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីប្រជុំពិភាក្សាគ្នាដោះស្រាយលំហូរចូលនៃជនអន្តោប្រវេសន៍ស៊ីរីនិងអ៊ីរ៉ាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៅក្នុងប្រទេសតួកគី ដែលពួកគេទាំងនោះរត់គេចពីសង្រ្គាមដែលមានរយៈពេលរាប់ឆ្នាំមកហើយ។
ក្រុមអ្នកវិភាគនិយាយថា វត្តមានជនអន្តោប្រវេសន៍៣លាននាក់ទៅក្នុងប្រទេសតួកគីបានធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសមួយដែលមានជនផ្លាស់ប្តូរលំនៅច្រើនជាងគេបំផុតនៅក្នុងពិភពលោក ដែលនេះជាផ្នែកមួយនៃអ្វីដែលអង្គការសហប្រជាជាតិហៅថា ជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២មក។
ថ្វីត្បិតតែអ្នកមានមន្ទិលសង្ស័យបានចោទជាសំណួរថាតើ កិច្ចប្រជុំកំពូលនេះអាចនឹងផ្តល់ជាលទ្ធផលឬយ៉ាងណា លោកអគ្គរដ្ឋលេខាធិការអង្គការសហប្រជាជាតិ Ban Ki-moon បានអំពាវនាវដល់បណ្តាប្រតិភូនិងប្រមុខរដ្ឋាភិបាលទាំងអស់ដែលមកពីជាង៦០ប្រទេស ឲ្យដោះស្រាយបញ្ហានេះនៅទីនេះនិងក្នុងពេលឥឡូវនេះ មិនគ្រាន់តែដើម្បីរក្សាជីវិតមនុស្សនោះទេ គឺថែមទាំងដើម្បីផ្តល់ឱកាសឲ្យមនុស្សរស់នៅប្រកបដោយភាពថ្លៃថ្នូរផងដែរ។
អង្គការវេជ្ជបណ្ឌិតគ្មានព្រំដែនបានដកខ្លួនចេញពីកិច្ចប្រជុំនេះកាលពីប៉ុន្មានសប្តាហ៍មុន ដោយបានហៅកិច្ចប្រជុំនេះថាជា «ស្លឹកល្វាដែលមានបំណងល្អ» ប៉ុន្តែពោរពេញទៅដោយការបំពានយ៉ាងខ្លាំងក្លាពីប្រទេសតួកគីទៅលើច្បាប់សិទ្ធិមនុស្សអន្តរជាតិនិងសិទ្ធិនៃជនភៀសខ្លួន៕