អង្គការ​ក្រុម​សន្ទនា​ជាតិ​ទុយនីស៊ី​ឈ្នះ​ពាន​រង្វាន់​ណូបែល​សន្តិភាព

លោកស្រី Kaci Kullmann Five ប្រធាន​គណៈកម្មាការ​ពាន​រង្វាន់​ណូបែល​ប្រកាស​ពី​អ្នក​ឈ្នះ​ពាន​រង្វាន់​ណូបែល​សន្តិភាព​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ក្រុង​អូស្លូ (Oslo) ប្រទេស​ន័រវែស (Norway) កាលពី​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥។

រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០១៥​ត្រូវ​បាន​ប្រគល់​ជូន​អង្គការ​ក្រុម​សន្ទនា​ជាតិ​ទុយនីស៊ី ឬ Tunisian National Dialogue Quartet ចំពោះ​ការ​រួម​វិភាគទាន​របស់​អង្គការ​នោះ​ដល់​ការ​ស្ថាបនា​របប​ប្រជាធិបតេយ្យ​ពហុបក្ស​នៅ​ក្នុង​ប្រទេស​ទុយនីស៊ី​នៅ​ពេល​ដែល​មាន​បដិវត្តន៍​ផ្កាម្លិះនៅ​ឆ្នាំ​២០១១។

គណៈកម្មាធិការ​រង្វាន់​ណូបែល​នៅ​ទីក្រុង​អូស្លូ​នៃ​ប្រទេស​ន័រវែស​បាន​ប្រកាស​រង្វាន់​នេះ​នៅ​ថ្ងៃ​សុក្រ​ថា រង្វាន់​នេះ​បាន​ទៅ​អង្គការ​៤​បញ្ចូល​គ្នា​ដោយសារ​ការងារ​របស់​ពួកគេ​ដើម្បី​បង្កើត​ដំណើរ​ការ​នយោបាយ​ដោយ​សន្តិវិធី​ បន្ទាប់​ពី​ការ​ខំ​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ ​ក្រោយពី​បដិវត្តន៍​អារ៉ាប់​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ល្អក់​កករ​ដោយ​ឃាតកម្ម​ខាង​នយោបាយ​ និង​ភាព​ចលាចល​ខាង​សង្គម។​ គណៈកម្មាធិការ​ណូបែល​បាន​សរសើរអង្គការ​ក្រុម​សន្ទនា​ជាតិ​ទុយនីស៊ី​ចំពោះ​ការ​ធ្វើ​ឲ្យ​មាន​ស្ថេរភាព​ដល់​ប្រទេស​នោះ​នៅពេល​ដែល​ទុយនីស៊ី​ហៀប​នឹង​ធ្លាក់​ចូល​សង្គ្រាម​ស៊ីវិល។

ក្រុម​នានា​ដែល​បង្កើត​អង្គការ​ក្រុម​សន្ទនា​ជាតិ​ទុយនីស៊ី​មាន ​សហជីព​ទុយនីស៊ី សហព័ន្ធ​ឧស្សាហកម្ម ​ពាណិជ្ជកម្ម ​និង​សិប្បកម្ម​ទុយនីស៊ី ​សម្ព័ន្ធភាព​សិទ្ធិ​មនុស្ស​ទុយនីស៊ី ​ហើយ​និង​ក្រុម Tunisian Orders of Lawyers។

បដិវត្តិន៍​អារ៉ាប់​មាន​ប្រភព​ពី​ប្រទេស​ទុយនីស៊ី​នៅ​ឆ្នាំ​២០១០​ និង​ឆ្នាំ​២០១១ ​ហើយ​បាន​រាលដាល​យ៉ាង​រហ័ស​ទៅ​កាន់​ប្រទេស​ផ្សេងៗ​ទៀត ​ដែល​បណ្តាល​ឲ្យ​មាន​ការ​ងើប​បះបោរ​របស់​ប្រជាពលរដ្ឋ​ដែល​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​តាម​បែប​ប្រជាធិបតេយ្យ។

ខណៈ​ដែល​ទុយនីស៊ី​ឆ្លង​កាត់​អន្តរកាល​ប្រជាធិបតេយ្យ​ប្រកប​ដោយ​ជោគ​ជ័យ ​ប្រទេស​ផ្សេងៗ​ទៀត​នៅ​តំបន់​អាហ្វ្រិក​ខាង​ជើង ​និង​តំបន់​មជ្ឈឹម​បូព៌ា​កំពុង​តស៊ូ​ធ្វើ​ឲ្យ​មាន​ស្ថេរភាព​ឡើង​វិញ៕