សន្ធិសញ្ញាត្រីធូណា (Tuna) ដែលមានអាយុកាលមួយទសវត្សរ៍ រវាងសហរដ្ឋអាមេរិក និងប្រជាជាតិកោះប៉ាស៊ីហ្វិក ត្រូវបានបំផ្លាញបន្ទាប់ពីកប៉ាល់អាមេរិកជាច្រើនគ្រឿងមិនគោរពទៅតាមការសន្យាចំពោះចំនួនថ្ងៃដែលខ្លួនត្រូវបង់ប្រាក់ដើម្បីអាចនេសាទបាន។
ការមិនបង់ប្រាក់ថ្លៃនេសាទរបស់ទូកនេសាទសហរដ្ឋអាមេរិកបានធ្វើឲ្យខូចដល់គម្រោងថវិកាជាតិឆ្នាំ២០១៧ សម្រាប់ប្រជាជាតិតូចៗ ដូចជាប្រជុំកោះ Solomon និងប្រជុំកោះ Marshall ដែលចំណូលពីការនេសាទជាធាតុយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចរបស់ពួកគេ។
លោក James Movick គឺជានាយកគ្រប់គ្រងទូទៅរបស់ទីភ្នាក់ងារនេសាទនៃវេទិកាកោះប៉ាស៊ីហ្វិក (Pacific Islands Forum Fisheries Agency) ដែលជាភ្នាក់ងារគ្រប់គ្រងរដ្ឋបាលនៃសន្ធិសញ្ញាត្រីធូណា (Tuna) នៅសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។ លោកនិយាយថា៖
«វាពិតជារឿងមិនគួរកើតឡើងទាល់តែសោះ ហើយវាទំនងនឹងក្លាយជាវិបត្តិពិតប្រាកដជាក់ជាមិនខាន»។
លោក Brian Hallman ដែលជានាយកសមាគមទូកនេសាទត្រីធូណា របស់អាមេរិក បាននិយាយថា ម្ចាស់កប៉ាល់នេសាទទាំងនោះតាំងចិត្តបង់ប្រាក់ចំនួន៤០លានដុល្លារទៅឲ្យប្រទេសប្រជុំកោះទាំងនេះ សម្រាប់បានសិទ្ធិក្នុងការនេសាទនៅក្នុងឆ្នាំនេះ ដែលចំនួននេះខុសគ្នាឆ្ងាយពីចំនួនទឹកប្រាក់ដែលបានព្រមព្រៀងត្រូវបង់មានចំនួន៨៩លានដុល្លារ តាមសន្ធិសញ្ញាដែលគ្រប់គ្រងលើការនេសាទរយៈពេលជាង៥.៧០០ថ្ងៃ។
លោក Brian Hallman និយាយថា៖ «បើតាមជាក់ស្តែង និងតាមទស្សនៈសេដ្ឋកិច្ច យើងមិនអាចប្រមូលប្រាក់ទាំងនោះបានទេ ពីព្រោះទូកនេសាទជាច្រើនកំពុងក្ស័យធន និងកំពុងបាត់ខ្លួន»។
ភាគីអាមេរិកចង់កាត់បន្ថយថ្ងៃនេសាទចំនួន២.០០០ថ្ងៃ ដែលពួកគេត្រូវបង់សម្រាប់ទូកនេសាទចំនួន៣៧គ្រឿង ដោយសារតែតម្លៃត្រីប្រភេទ skipjack Tuna ទំហំមធ្យមក្នុងចំណោមត្រីដែលរកបាន បានធ្លាក់តម្លៃនៅក្រោម១.០០០ដុល្លារក្នុងមួយតោន។
ទូកនេសាទអាមេរិកធ្វើការនេសាទប្រភេទត្រីនៅតំបន់ត្រូពិច ដែលភាគច្រើនជាប្រភេទត្រី skipjack Tuna ក៏ប៉ុន្តែក៏មានប្រភេទត្រីធូណាភ្នែកធំ និងត្រីធូណាព្រុយលឿងផងដែរ ដែលធ្វើឲ្យវិស័យឧស្សាហកម្មត្រីធូណា កំប៉ុងនៅទូទាំងពិភពលោកមានទឹកប្រាក់ប្រចាំឆ្នាំច្រើនដល់ទៅចំនួន១៥លានលាន (ទ្រីលាន) ដុល្លារ។
គ្មានភាគីណាមួយនិយាយដោយបើកចំហថា សន្ធិសញ្ញាត្រីធូណា ដែលបានចូលជាធរមាននៅក្នុងឆ្នាំ១៩៨៨នោះកំពុងតែមានបញ្ហានោះទេ គឺគ្រាន់តែនិយាយថា ការកែប្រែជាច្រើនត្រូវតែធ្វើដោយមិនអាចចៀសបាន។
ក្រសួងការបរទេសអាមេរិក បានប្រាប់ VOA ដោយទទួលស្គាល់ថា៖ «ការអនុវត្តន៍សន្ធិសញ្ញាត្រីធូណា នាពេលបច្ចុប្បន្ននេះមិនអាចឋិតថេរដូចការគ្រោងទុក ឬមិនមានស្ថេរភាពក្នុងរយៈពេលវែងនោះទេ» ហើយបទដ្ឋានថ្មីមួយសម្រាប់ការនេសាទ និងកិច្ចសហប្រតិបត្តិការផ្នែកបរិស្ថាន ចាំបាច់ត្រូវតែមានការគិតគូរឡើងវិញ។
ម្ចាស់ទូកនេសាទអាមេរិកបានទទួលការព្រមានមិនឲ្យធ្វើការនេសាទនៅក្នុងឆ្នាំ២០១៤ នៅពេលដែលប្រទេសគិរីបាទី (Kiribati) ដែលមានប្រជាជនប្រមាណតែ១០០.០០០នាក់ ប៉ុន្តែគ្រប់គ្រងលើផ្ទៃទឹកតំបន់នេសាទត្រីធូណាច្រើនបំផុត បានមានទំនាស់បែកបាក់គ្នាជាមួយក្រុមតំបន់នេសាទទាំងនោះ ហើយបានចាប់ផ្តើមហាមឃាត់ទូកនេសាទមិនឲ្យនេសាទ ក្រៅតែពីទូកមកពីប្រទេសចិន និងតៃវ៉ាន់។
ប្រទេសមួយចំនួនដូចជា ប្រទេសណូវែលសេឡង់ (New Zealand) បានតស៊ូមតិឲ្យផ្លាស់ប្តូរពីគម្រោងបង់ប្រាក់តាមចំនួនថ្ងៃនេសាទ ដែលបានជំរុញឲ្យប្រទេសជាកោះនេះបង្កើនថ្លៃនេសាទ ឲ្យទៅជាការបង់ប្រាក់ដោយផ្អែកលើបរិមាណត្រីដែលចាប់បានវិញ។ ប៉ុន្តែ ប្រទេសជាកោះទាំងនោះ មិនចង់បានការផ្លាស់ប្តូរដូច្នេះឡើយ។
ក្រុមអ្នកការពារបរិស្ថានក៏ចង់ឲ្យសន្ធិសញ្ញានេះមានការកែប្រែឲ្យល្អជាងមុនផងដែរ ដើម្បីការពារអំបូរត្រីដូចជាត្រីឆ្លាម និងកូនត្រីធូណាភ្នែកធំ ដែលជាប់នៅក្នុងសំណាញ់ក្រឡាល្អិតៗដោយអចេតនា ដែលសំណាញ់ធំៗទាំងនោះប្រើសម្រាប់ចាប់ត្រីទាំងហ្វូងមិនថាតូចមិនថាធំ។
លោក John Hocevar ជានាយកយុទ្ធនាការសមុទ្រនៃអង្គការសន្តិភាពបៃតងនៅសហរដ្ឋអាមេរិក (Greenpeace USA និយាយថា៖
«ប្រសិនបើសហរដ្ឋអាមេរិកប្រើប្រាស់ប្រាក់ពន្ធឲ្យបានត្រឹមត្រូវ ដើម្បីជួយចេញបដិភាគទូកនេសាទត្រីធូណា ដែលបំពាក់ទង់ជាតិអាមេរិកទាំងនេះ នោះយើងចង់ឲ្យមានការដឹកនាំឲ្យខ្លាំងជាងមុនផ្នែកខាងអភិរក្ស»។
យោងតាមប្រសាសន៍របស់លោក Hocevar បានឲ្យដឹងថា ការដែលមានទូកនេសាទអាមេរិកនៅក្នុងសមុទ្រប៉ាស៊ីហ្វិក គឺប្រសើរជាងទូករបស់ប្រទេសដទៃទៀត ដោយសារតែរដ្ឋាភិបាលអាមេរិកបានដោះស្រាយបញ្ហាបំពានផ្សេងៗបានល្អ និងដាក់ឲ្យទូកនេសាទដែលប្រើប្រាស់ទង់ជាតិរបស់ខ្លួនមានការទទួលខុសត្រូវជាងប្រទេសដទៃ។
ក្រសួងការបរទេសអាមេរិកនិយាយថា ខ្លួនកំពុងបន្តទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលនៃប្រទេសជាកោះទាំងនោះ ដោយសង្ឃឹមថា នឹងឈានដល់ដំណោះស្រាយមួយ ក្នុងពេលដែលមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ និងស្ថានភាពសេដ្ឋកិច្ចប្រែប្រួលបែបនេះ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ