ថ្ងៃអង្គារនេះ គឺជាការបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិក ដោយពលរដ្ឋអាមេរិកាំងជាច្រើនលាននាក់នឹងចេញទៅបោះឆ្នោតជ្រើសរើសសមាជិកសភាដែលនឹងកំណត់ពីការផ្លាស់ប្តូរទស្សនៈរបស់សភាសហរដ្ឋអាមេរិកនិងកំណត់សម្រាប់ការជជែកដេញដោលខាងនយោបាយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនក្នុងអំឡុងនៃពាក់កណ្តាលអាណត្តិរបស់ប្រធានាធិបតីអាមេរិកខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden ដែលបានកាន់តំណែងជាប្រធានាធិបតីអស់រយៈពេល៤ឆ្នាំ។
(សូមចូលទំព័រពិសេសអំពីការបោះឆ្នោតពាក់កណ្តាលអាណត្តិត្រង់នេះ៖ https://khmer.voanews.com/usmidterms20)
សភាតំណាងរាស្ត្រសហរដ្ឋអាមេរិកដែលមានអាសនៈសរុប៤៣៥អាសនៈនោះនឹងត្រូវប្រកួតប្រជែងក្នុងការបោះឆ្នោតនេះហើយអាសនៈព្រឹទ្ធសភាចំនួន៣៥ក្នុងចំណោម១០០អាសនៈក៏នឹងត្រូវធ្វើការប្រកួតប្រជែងផងដែរ។ ពលរដ្ឋអាមេរិកាំងប្រមាណជាង៤២លាននាក់ បានធ្វើការបោះឆ្នោតតាមប្រអប់ប្រៃសណីយ៍រួចហើយ។ អ្នកវិភាគមួយចំនួននិយាយថា ចំនួនអ្នកបោះឆ្នោតសរុបនៅទូទាំងអាមេរិក អាចមានចំនួនលើស១១៥លាននាក់ដែលជាចំនួនដែលបានចូលរួមបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីឆ្នាំ២០១៨។
គណបក្សប្រជាធិបតេយ្យនៅពេលនេះកំពុងគ្រប់គ្រងទាំងរដ្ឋសភានិងព្រឹទ្ធសភាអាមេរិកក្នុងសំឡេងលើសបន្តិចបន្តួច ក៏ប៉ុន្តែការស្ទង់មតិមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនេះបង្ហាញថា គណបក្សសាធារណរដ្ឋ អាចទំនងជាបានគ្រប់គ្រងរដ្ឋសភា ហើយក៏អាចមានលទ្ធភាពគ្រប់គ្រងព្រឹទ្ធសភាផងដែរដែលជាលទ្ធផលមួយដែលអាចនាំទៅដល់ការជាប់គាំងនយោបាយដូចក្នុងអតីតកាលនៅពេលដែលគណបក្សមួយគ្រប់គ្រងសភាទាំងពីរឬសភាមួយ ហើយគណបក្សមួយគ្រប់គ្រងសេតវិមាននោះ។
គេហទំព័រស្ទង់មតិនយោបាយដ៏ល្បីឈ្មោះមួយរបស់សហរដ្ឋអាមេរិក ដែលមានឈ្មោះថា fivethirtyeight.com បានផ្តល់ពិន្ទុចំនួន៥៥%ដល់គណបក្សសាធារណរដ្ឋ ថាអាចមានឱកាសឈ្នះគ្រប់គ្រងព្រឹទ្ធសភាអាមេរិកនិង៨៣%ថាមានឱកាសអាចឈ្នះគណបក្សប្រជាធិបតេយ្យនៅក្នុងការគ្រប់គ្រងរដ្ឋសភាអាមេរិក។ គេហទំព័រនេះព្យាករណ៍ថា គណបក្សសាធារណរដ្ឋនឹងឈ្នះ អាសនៈរដ្ឋសភាបន្ថែមចំនួន១៣ទៀត ដែលមានចំនួនអាសនៈសរុបទាំងអស់២២៥ទល់នឹង២១០របស់គណបក្សប្រជាធិបតេយ្យ ហើយគណបក្សសាធារណរដ្ឋឈ្នះបានសំឡេង១អាសនៈបន្ថែមទៀតនៅក្នុងព្រឹទ្ធសភា ដែលធ្វើឱ្យចំនួនសរុបអាសនៈព្រឹទ្ធសភារបស់គណបក្សសាធារណរដ្ឋមានចំនួន៥១ទល់នឹង៤៩នៃគណបក្សប្រជាធិបតេយ្យ៕