បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក Donald Trump នឹងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ Arizona នាថ្ងៃអង្គារនេះ ខណៈពេលដែលលោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យវិញ នឹងធ្វើយុទ្ធនាការនៅរដ្ឋ Pennsylvania។ ប៉ុន្តែការផ្ដោតជាចម្បងនៅថ្ងៃអង្គារនេះ គឺការដេញដោលតទល់គ្នារវាងបេក្ខជនអនុប្រធានាធិបតីមកពីគណបក្សទាំងពីរនៅក្នុងរដ្ឋ Virginia ដែលនេះជាការជជែកតស៊ូមតិតែម្ដងគត់របស់បេក្ខជនអនុប្រធានាធិបតីទាំងពីរនៅមុនការបោះឆ្នោតថ្ងៃទី ៨ ខែវិច្ឆិកា ចូលមកដល់។
ការជជែកតស៊ូមតិរវាងបេក្ខជនអនុប្រធានាធិបតីទាំងពីរ ដែលមានលោក Mike Pence មកពីគណបក្សសាធារណរដ្ឋ និងលោក Tim Kaine មកពីគណបក្សប្រជាធិបតេយ្យ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការជជែកតស៊ូមតិគ្នាលើកទីពីររវាងលោក Trump និងលោក Clinton ចូលមកដល់។
កាលពីថ្ងៃចន្ទម្សិលមិញ បេក្ខជនប្រធានាធិបតីទាំងពីរបានបន្តរិះគន់គ្នាទៅវិញទៅមក ដោយលោកស្រី Clinton បានរិះគន់ពីការបង់ពន្ធប្រាក់ចំណូលប្រចាំឆ្នាំរបស់លោក Trump រីឯលោក Trump វិញ រិះគន់លោកស្រី Clinton រឿងប្រព័ន្ធអ៊ីមែលឯកជនរបស់លោកស្រីពេលដែលលោកស្រីធ្វើជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។
យុទ្ធនាការរបស់លោក Trump មិនបានបដិសេធអំពីភាពត្រឹមត្រូវនៃការបង់ពន្ធប្រាក់ចំណូលប្រចាំឆ្នាំ របស់លោក Trump នោះទេ។ លោក Trump បញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញនៅឯការជួបជុំនៅក្នុងរដ្ឋ Colorado ថា លោកជា «អ្នកទទួលផលច្រើន» ពីប្រព័ន្ធបង់ពន្ធនេះ ប៉ុន្តែលោកថា លោកចង់ «ធ្វើឲ្យប្រព័ន្ធបង់ពន្ធប្រាក់ចំណូលនេះ មានភាពយុត្តិធម៌សម្រាប់មនុស្សទូទៅ»។
ចំពោះករណីអ៊ីមែលរបស់លោកស្រី Clinton វិញ កន្លងមក អ្នកស៊ើបអង្កេតបានសន្និដ្ឋានថា លោកស្រី Clinton «មានការធ្វេសប្រហែលច្រើនបំផុត» នៅក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីមែលរបស់លោកស្រី ប៉ុន្តែគេមិនឃើញមានការចោទប្រកាន់អំពីបទឧក្រិដ្ឋណាមួយធ្វើឡើងចំពោះលោកស្រីនោះទេ៕