ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ បានហៅនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសអ្នកស្រី Liz Truss ដែលបានប្រកាសចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីក្រោយកាន់តំណែងបានចំនួន៦សប្តាហ៍នោះថា «ជាដៃគូដ៏ល្អម្នាក់» ក្នុងការគាំទ្រប្រទេសអ៊ុយក្រែនដើម្បីការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
លោក Biden បានបដិសេធមិនបញ្ចេញមតិចំពោះការលាលែងរបស់អ្នកស្រី Truss។
«នេះជាការសម្រេចរបស់អ្នកស្រី Truss »។ លោកBiden បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន មុនពេលលោកធ្វើដំណើរទៅកាន់រដ្ឋ Pennsylvania។ លោកបន្ថែមទៀតថា «ប៉ុន្តែ អ្នកស្រីជាដៃគូដ៏ល្អម្នាក់ ក្នុងបញ្ហាប្រទេសរុស្ស៊ីនិងអ៊ុយក្រែន ហើយចក្រភពអង់គ្លេសនឹងដោះស្រាយនូវបញ្ហាផ្ទៃក្នុងរបស់ខ្លួន»។
លោក Biden មិនជឿថា វិបត្តិនយោបាយក្នុងប្រទេសអង់គ្លេសដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិកនឹងមានឥទ្ធិពលអ្វីទេ។
លោកថ្លែងថា៖ «ខ្ញុំមិនគិតថាវានឹងមានផលប៉ះពាល់នោះឡើយ»។
អ្នកស្រី Truss បានចុះចេញពីតំណែង បន្ទាប់ពីរបៀបវារៈសម្រាប់ការកាត់ពន្ធដែលមិនត្រូវបានផ្តល់ថវិកា បានធ្វើឱ្យតម្លៃប្រាក់ផោនអង់គ្លេសចុះថ្លៃខ្លាំង ហើយបង្កើនតម្លៃកម្ចី និងបានធ្វើឱ្យមានភាពច្របូកច្របល់ខ្លាំងលើទីផ្សារហិរញ្ញវត្ថុនោះ។
លោក Biden ដែលបាននិយាយតាមទូរស័ព្ទជាមួយអ្នកស្រី Truss ពីបញ្ហាប្រទេសអ៊ុយក្រែន និងបានជួបអ្នកស្រីដោយផ្ទាល់នៅក្រៅកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែកញ្ញាកន្លងទៅ បានបញ្ជាក់យ៉ាងច្បាស់ថា លោកបានជំទាស់ផែនការសេដ្ឋកិច្ចរបស់អ្នកស្រី Truss ដើម្បីកាត់បន្ថយពន្ធលើអ្នកមានខ្លាំងនោះ។
លោក Biden បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា៖ «ខ្ញុំមិនយល់ស្របជាមួយអ្នកស្រីទេ ប៉ុន្តែរឿងនេះគឺអាស្រ័យទៅលើចក្រភពអង់គ្លេសដើម្បីវាយតម្លៃ មិនមែនខ្ញុំទេ»។
កាលពីថ្ងៃព្រហស្បតិ៍ សេតវិមានបានចេញសេចក្តីថ្លែងការណ៍មួយ សម្តែងការគាំទ្ររបស់លោក Biden ចំពោះរដ្ឋាភិបាលអង់គ្លេស និងការអរគុណរបស់លោកចំពោះលោកស្រី Truss ផងដែរ។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា «សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ជាសម្ពន្ធមិត្តដ៏រឹងមាំនិងជាមិត្តដ៏យូរអង្វែង ហើយរឿងនេះនឹងមិនផ្លាស់ប្តូរជាដាច់ខាត»៕