យោងតាមសេតវិមានបានឲ្យដឹងថា លោកប្រធានាធិបតី Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃអង្គារបានយល់ស្របថា ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើងគួរបន្តដាក់នៅដដែល រហូតដល់ប្រទេសនេះលុបចោលកម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចម៉ីស៊ីលផ្លោងឆ្លងទ្វីបរបស់ខ្លួនជាអចិន្ត្រៃយ៍។
មេដឹកនាំទាំងពីរបានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីព្រឹកថ្ងៃអង្គារ នៅប៉ុន្មានម៉ោងក្រោយពីកិច្ចប្រជុំមានរយៈពេលពីរថ្ងៃរវាងលោក Xi និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងកិច្ចប្រជុំលើកទីពីររបស់ពួកគេនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ បណ្តាញព័ត៌មានរដ្ឋចិនបានរាយការណ៍ថា លោក Xi និងលោក Kim បានជួបពិភាក្សាគ្នាក្នុងទីក្រុងកំពង់ផែ Dalian ភាគខាងជើងប្រទេសចិន។ លោក Kim បានធ្វើទស្សនកិច្ចក្នុងទីក្រុងប៉េកាំងកាលពីខែមីនា នៅអំឡុងដំណើរទស្សកិច្ចក្រៅប្រទេសជាលើកដំបូងរបស់លោក ក្នុងនាមជាមេដឹកនាំកូរ៉េខាងជើង ដែលជាការចង្អុលបង្ហាញឲ្យឃើញថា ចិននៅតែចូលរួមក្នុងដំណើរការធ្វើមិនឲ្យមាននុយក្លេអ៊ែរក្នុងឧបទ្វីបកូរ៉េទាំងមូល។
លោក Trump ក៏បានរឮកលោក Xi អំពីការប្តេជ្ញារបស់លោកក្នុងការធ្វើឲ្យមាន «តុល្យភាព» រវាងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសទាំងពីរ ដែលផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្ម និងកម្មករអាមេរិកាំង។ នេះបើយោងតាមសេតវិមាន។
បណ្តាញផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថាលោក Xi បានប្រាប់លោក Trump ថា ប្រទេសទាំងពីរគួរស្វែងរកវិធីសាស្ត្រដោះស្រាយលើជម្លោះពាណិជ្ជកម្ម។ រដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមដោះស្រាយបញ្ហាជម្លោះពាណិជ្ជកម្ម បើទោះបីជាពួកគេបានបង្កើនភាពតានតឹងនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជុំវិញការគំរាមកំហែងយកពន្ធគយដាក់គ្នាទៅវិញទៅមកលើទំនិញមានតម្លៃរាប់ពាន់លានដុល្លារយ៉ាងណាក៏ដោយ។
សេតវិមានបានប្រកាសកាលពីថ្ងៃចន្ទថា ទីប្រឹក្សាកំពូលផ្នែកសេដ្ឋកិច្ចរបស់ចិន នឹងធ្វើទស្សនកិច្ចក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ ដើម្បីបន្តកិច្ចចរចាពាណិជ្ជកម្មជាមួយក្រុមការងារផ្នែកសេដ្ឋកិច្ចរបស់លោកTrump៕