លោក​ត្រាំ​ថា​«លោក​នឹង​មិន​សប្បាយ​ចិត្ត​​ទេ‍»​បើ​កូរ៉េខាង​ជើង​សាកល្បង​នុយក្លេអ៊ែរ​ម្តង​ទៀត

មីស៊ីល​ក្រោម​សមុទ្រ​​របស់​កូរ៉េ​ខាង​ជើង​​ត្រូវ​បាន​ដឹក​​មក​ដើម្បី​ប្រារព​ខួប​ទី​១០៥ នៃ​ថ្ងៃ​កំណើត​របស់​អតីតមេដឹកនាំ​កូរ៉េ​ខាង​ជើង គឹម អ៊ិលស៊ុង។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និយាយ​ថា៖ «លោក​នឹង​មិន​សប្បាយ​ចិត្ត​នោះ​ទេ‍» ប្រសិន​បើ​កូរ៉េខាងជើង​ធ្វើ​ការ​សាក​ល្បងនុយក្លេអ៊ែរ​មួយ​ទៀត ដែល​នោះ​នឹង​ក្លាយ​ជា​ការ​ធ្វើ​តេស្ត​សាក​ល្បង​លើក​ទី​៦។

លោក ត្រាំ​ បាន​និយាយ​ទៅ​កាន់​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ដែល​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​លើ​កញ្ចក់​ទូរទស្សន៍​ CBS ក្នុង​កម្មវិធី Face the Nation ថា ​«ខ្ញុំ​អាច​ប្រាប់​ដល់​អ្នក​ដែរ​ថា ខ្ញុំ​មិន​ជឿ​ថា​ប្រធានាធិបតី​ចិន ដែល​ជា​បុរស​ម្នាក់​ដ៏​គួរ​ឲ្យ​គោរព​នឹង​សប្បាយ​ចិត្ត​នោះ​ទេ‍»។

នៅ​ពេល​សួរ​ថា ប្រសិន​បើ​លោក​មិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​ម្តង​ទៀត​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ មាន​ន័យ​ថា​លោក​នឹង​ចាត់​វិធានការ​យោធា​ទៅ​លើ​របបមេដឹកនាំ​កូរ៉េខាងជើង ​លោក គីម ជុងអ៊ុន ឬ​យ៉ាង​ណា លោក ត្រាំ បាន​ឆ្លើយ​ថា «ខ្ញុំ​មិន​ដឹង​នោះ​ទេ។ ចាំ​មើល​សិន។ វា​គឺ​ជា​ការ​លេង​អុក។ ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ដឹង​ថា​ខ្ញុំ​កំពុង​គិត​អ្វី​នោះ​ទេ‍»។ ​

កូរ៉េខាងជើង​ដែល​កំពុង​តែ​ព្យាយាម​ផលិត​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​មាន​សមត្ថភាព​អាច​បាញ់​ដ​ល់​សហរដ្ឋអាមេរិក​ដែល​មាន​ចម្ងាយ​ប្រមាណ​៩០០០​គីឡូម៉ែត្រ បាន​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​ថ្មី​មួយ​ទៀត​កាល​ពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​កូរ៉េខាងត្បូង​និយាយ​ថា ការ​ធ្វើ​តេស្ត​នោះ​បានបរាជ័យ​ម្តង​ទៀត។​

នៅ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​មួយ​លើ​បណ្តាញ​សង្គម​ Twitter ​លោក ត្រាំ​ លោក​បាន​និយាយ​ថា ការ​ធ្វើ​តេស្ត​នេះ​«មិន​គោរព​ទៅ​តាម​ឆន្ទៈ​របស់​ចិន​និង​ប្រធានាធិបតីរបស់​ចិន​នោះ​ទេ‍។ មិន​ល្អ​ទេ‍!»។

ប៉ុន្តែ​នៅ​ក្នុង​បទសម្ភាសន៍​លើ​កញ្ចក់​ទូរទស្សន៍ CBS លោក ត្រាំ បាន​និយាយ​ថា កូរ៉េខាងជើង​នៅ​ទីបំផុត​«នឹង​មាន​ប្រព័ន្ធ​បាញ់​គ្រាប់មីស៊ីល​មួយ​ដែល​ល្អ​ជាង​នេះ»៕