លោក Trump ថា​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​មាន​សភាព​អាក្រក់​មិន​ដែល​ធ្លាប់​មាន

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​នៅ​សេតវិមាន មុន​ពេល​ចុះ​ហត្ថលេខា​លើ​ច្បាប់​ថ្មី​ដែល​មាន​គោលបំណង​គ្រប់គ្រង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ កាលពី​ថ្ងៃទី១១​ ខែមេសា ឆ្នាំ២០១៨។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump កាល​ពី​ថ្ងៃពុធ​បាន​និយាយ​ថា លោក​គិត​ថា​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​ និង​រុស្ស៊ី​ធ្លាក់​ដល់​ស្ថានភាព​អាក្រក់​បំផុត​មិន​ដែល​ធ្លាប់​មាន​ រួមទាំង​ការ​គំរាមកំហែង​សង្គ្រាម​ត្រជាក់​ដូច​កាល​ពី​៦ទសវត្សរ៍​កន្លង​ទៅ។

លោក Trump បាន​បង្ហាញ​ការ​វាយ​តម្លៃ​របស់​លោក​អំពី​បរិយាកាស​ទំនាក់ទំនង​ការទូត​រវាង​ទីក្រុង​វ៉ាស៊ីតោន​និង​ទីក្រុងមូស្គូ​ នៅស្រប​ពេល​លោក​បាន​សរសេរ​ក្នុង​Twitter​ ដោយ​លោក​បាន​ប្តេជ្ញា​ថា​ និង​បាញ់​កាំជ្រួញ​ម៉ីស៊ីល​ដែល​មាន​សមត្ថភាព​ខ្ពស់​លើ​ប្រទេសស៊ីរី​ ជា​កន្លែង​ដែល​កងកម្លាំង​រុស្ស៊ី​កំពុង​ចូលរួម​ប្រយុទ្ធ​ជាមួយ​នឹង​យោធា​ស៊ីរី​នៅក្នុង​រដ្ឋធានី​ដាម៉ាស​ដោយ​បាន​វាយប្រហារ​ប្រើ​អាវុធគីមី​ ដែល​ត្រូវ​បាន​គេ​សង្ស័យ​កាល​ពី​សប្តាហ៍​មុន​ និង​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​៤០នាក់។

លោក Trump បាន​និយាយ​ថា «ទំនាក់ទំនង​របស់​យើង​ជាមួយ​រុស្ស៊ី​មាន​ស្ថានភាព​អាក្រក់​ជាង​ពេល​ណា​ទាំងអស់​ ដែល​នោះ​រួមទាំង​សង្គ្រាម​ត្រជាក់​ផងដែរ។ វា​គ្មាន​ហេតុផល​សម្រាប់​ស្ថានភាព​នេះ​ទេ។ រុស្ស៊ី​ត្រូវការ​ពួកយើង​ជួយ​សេដ្ឋកិច្ច​របស់​ពួកគេ។ ជា​អ្វី​ដែល​ងាយស្រួល​ធ្វើ​បំផុត​ ហើយ​យើង​ត្រូវការ​ប្រទេស​ទាំងអស់​ធ្វើ​ការ​រួម​គ្នា។ និងគួរបញ្ឈប់​ការ​ប្រកួត​ប្រជែង​អំណាច​សព្វាវុធ»៕